ថៃ​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​-១៩​ថ្មី​៣៨​នាក់​បន្ថែម​និង​អ្នក​ស្លាប់​ម្នាក់​ទៀត​

07-04-2020 2:31 pm 270

​អាជ្ញាធរ​ថៃ នៅ​ថ្ងៃ​ទី​០៧​មេសា​នេះ បានបញ្ជាក់​ថា​រកឃើញ​អ្នក​ឆ្លង​វីរុស​កូវី​ដ​១៩​ថ្មី​៣៨​នាក់​ទៀត​ហើយ និង​អ្នក​ស្លាប់​ម្នាក់​បន្ថែមទៀត ធ្វើឲ្យ​អ្នកឆ្លង​វីរុស​កូវី​ដ​១៩​សរុប​កើន​ដល់ ២,៥៥៨​នាក់ និង​អ្នកស្លាប់​សរុប​កើន​ដល់ ២៧​នាក់​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​កាសែត​Bangkok Post នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០២០​។​

​តួលេខ​ថ្មី​នេះ បញ្ជាក់​ថា​ថៃ​កំពុង​មាន​ការថយចុះ​នូវ​ករណី​វិជ្ជមាន​ថ្មី ដោយ​កន្លង​ទៅ​ថៃ​មាន​អ្នក​ឆ្លង​ថ្មីៗ​រហូតដល់​ទៅ​ជាង​១០០​នាក់​ក្នុង​ថ្ងៃ​។ បើ​តាម​លោក​វេជ្ជបណ្ឌិត​Taweesin Visanuyothin អ្នកនាំពាក្យ​មជ្ឈមណ្ឌល​ជម្ងឺឆ្លង​ថៃ បានបញ្ជាក់​ថា អ្នក​ស្លាប់​ម្នាក់​ថ្មី​នេះ ជា​បុរស​ជនជាតិ​ថៃ អាយុ​៥៤​ឆ្នាំ រស់នៅ​តំបន់​ថុង​ឡ ស្ថិត​ក្នុង​ទីក្រុង​បាងកក​។ 

​អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់បន្ថែម​ថា ករណី​ឆ្លង​ទាំង ៣៨​ឆ្នាំ​ថ្មី​នេះ ក្នុងនោះ​មាន ១៧​នាក់ ជា​អ្នក​មាន​ទំនាក់ទំនង​ជាមួយ​អ្នកជំងឺ​ចាស់ៗ ខណៈ​១១​នាក់​ទៀត​ជា​អ្នក​ដែល​បាន​ឆ្លង​ពី​សមាជិក​គ្រួសារ មិត្ត​រួម​ការងារ និង​មិត្តភក្ដិ​ជិតស្និទ្ធ​។ រីឯ​៧​នាក់​ទៀត​ជា​អ្នក​ដែល​បាន​ទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ​។​

​សូមជម្រាបថា ទីក្រុង​បាងកក​ជា​ក្រុង​ដែល​មាន​ករណី​ឆ្លង​ច្រើនជាងគេបង្អស់​នៅក្នុង​ប្រទេស​ថៃ ដោយ​មាន​អ្នក​ឆ្លង ១,២០១​នាក់​។ ដោយឡែក​ខេត្ត​ភូ​កេតជា​ខេត្ត​មាន​អ្នកឆ្លង​ច្រើន​លំដាប់​ទី​២​បន្ទាប់​ពី​បាងកក​មាន​ចំនួន ១៣៨​នាក់​។ ក្រៅពីនេះ​នៅ​មាន​ខេត្ត​មួយចំនួន​ទៀត​ដែល​បាន​រកឃើញ​ករណី​ឆ្លង​ថ្មីៗ រួមមាន ខេត្ត​ណុន​ថា​បូរ៊ី​(១៣៤​ករណី​) ខេត្ត​សាមុត​ប្រា​កាន​(៩៩​ករណី​) ខេត្ត​ឈុន​បូរ៊ី​(៤០​ករណី​) ខេត្ត​យ៉ាឡា​(៥៤​ករណី​) ខេត្ត​ប៉ា​តា​នី​(៤៦​ករណី​) ខេត្ត​ឈាង​ម៉ៃ និង​សុង​ក្រា​(៣៧​ករណី​) និង​ខេត្ត​ប៉ា​ធុម​ថា​នី​(២៦​ករណី​)៕

ព័ត៌មានផ្សេងទៀត