លោកនាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ក្រសួង​សុខាភិបាល​តៀម​កន្លែង​ពិនិត្យ​សុខភាព​និង​សម្ភារៈ​ជូន​ពលករ​ខ្មែរមកពី​ថៃ​

06-04-2020 3:51 pm 330
  ស្តាប់
ស្តាប់ជាសំឡេង

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ចេញ​បញ្ជា​ឲ្យ​ក្រសួង​សុខាភិបាល​ត្រៀម​រៀបចំ​កន្លែង​ពិនិត្យ​សុខភាព និង​ត្រៀម​បម្រុង​សម្ភារៈ​ឲ្យបាន​គ្រប់គ្រាន់​ជូនពល​ករដែល​ត្រឡប់មក​ពី​ប្រទេស​ថៃ កន្លង​មក​ចំនួន​ប្រមាណ ៥​ម៉ឺន​នាក់ ហើយ ចំនួន​នេះ​នឹង​មាន​មក​ជា​បន្តបន្ទាប់​ទៀត ដែល​អាច​នឹង​កើន​ទៅដល់ ៦​ម៉ឺន​នាក់​ដោយ​ត្រូវដាក់​ពួកគាត់​អោយ​នៅ​ដាច់​ដោយឡែក​ពី​គេ​រយៈពេល ១៤​ថ្ងៃ​។​

​ជាមួយគ្នានេះ​ដែរ​លោក​នាយ​ក​រដ្ឋមន្ត្រី ក៏​បាន​ណែនាំ​ក្រសួង​សុខាភិបាល ត្រូវតែ​តាមដាន​ត្រួតពិនិត្យ​នៅ​តាម​ទល់ដែន​អោយបាន​ហ្មត់ចត់ ហើយ​ក្នុងនោះ​ត្រូវ​ត្រៀម​រៀបចំ​បំពាក់​សម្ភារៈ​បរិក្ខារ​ពេទ្យ និង​រៀបចំ​ទី​កន្លែង​ពិនិត្យ​សុខភាព​អោយបាន​ល្អ​ដល់​ពលករ និង​ត្រូវ​ធ្វើជា​ម្ចាស់ការ​លើ​ការងារ​នេះ ហើយ​ត្រូវ​សហការ​ជាមួយ​ក្រុមការងារ​នៅតាម​ព្រំដែន​ទាំងអស់​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់បន្ថែម​ថា ទន្ទឹម​នឹង​នេះ​ក្រសួង ក៏​ត្រូវ​ត្រៀម​ទិញ​មុង​, ភួយ​, កន្ទេល​, ខ្នើយ​, ក្រមា សម្រាប់​ប្រគល់​ជូន​បងប្អូន​ពលក​រ ដែល​ត្រូវ​ដាក់​អោយ​ស្នាក់នៅ​ដាច់​ដោយឡែក​បណ្តោះអាសន្ន​ចំនួន ១៤​ថ្ងៃ ដូចជា​៖​នៅ​តាម​សាលារៀន តាម​សហគមន៍ ឬ​នៅ​តាម​លំនៅដ្ឋាន​ជាមួយ​ក្រុម​គ្រួសារ​ជាដើម ហើយ​ពេល​ណា​ពួកគាត់​ចាកចេញ​ពី​ទីនោះ គឺ​ត្រូវ​ប្រគល់​សម្ភារៈ​ទាំងនោះ​ជូន​ទៅ​ពួកគាត់​ឲ្យ​យក​ទៅ​ប្រើប្រាស់​តែម្តង​។​ចំណែក​មធ្យោបាយ​សម្រាប់​ដឹកជញ្ជូន​ពលករ​វិញ លោកនាយក​រដ្ឋមន្ត្រី​តម្រូវឲ្យ​ប្រើប្រាស់​រថយន្ត​កងទ័ព​មក​ពី​កងពល​លេខ​៩០ និង កងពល​លេខ​៩៩ ដែល​ត្រូវ​រៀបចំ​ដាក់​ដំបូល​អោយបាន​ស្រួល​។​

​សូម​ជម្រាប​ជូន​ដែរ​ថា ការវិលត្រឡប់​របស់​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​នេះ គឺ​ស្របពេល​ដែល​ថៃ​ប្រកាស​បិទ​ព្រំដែន​ជា​បណ្តោះអាសន្ន​ជាមួយ​កម្ពុជា​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ពី​វីរុស​កូរ៉ូណា និង​ស្របពេល​ដែល​ថៃ​ប្រកាស​បិទ​រោងចក្រ សហគ្រាស រួមផ្សំ​ជិត​ដល់​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ផង ទើប​ធ្វើឲ្យ​ពលករ​ខ្មែរ​សម្រុក​មកស្រុក​កាន់តែច្រើន​៕

 

 

 

 

 

 ពាក្យគន្លឹះ  លោកហ៊ុន សែនពលករខ្មែរ

ព័ត៌មានផ្សេងទៀត