កម្ពុជា​គ្មាន​អ្នក​ឆ្លងកូវី​ដ​-១៩​ថ្មី​ទេ ​​តែ​ជា​បន្ថែម​១៥​នាក់​​

04-04-2020 10:24 am 267

តាមរយៈ​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ចេញ​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមេសា​នេះ បានឲ្យដឹងថា កាលពី​ថ្ងៃទី​០៣​មេសា កម្ពុជា​មាន​អ្នក​ដែល​បាន​ជាសះស្បើយ​ពី​វីរុស​កូវី​ដ​-១៩​ថ្មី រហូតដល់​១៥​នាក់​បន្ថែមទៀត ដែល​ធ្វើឱ្យ​ចំនួន​អ្នកជា​សរុប​នៅក្នុង​ប្រទេស​កម្ពុជា​បាន​កើនឡើង​ដល់​៤៩​នាក់​ហើយ​។ ដោយឡែក​ក្រសួង​ពុំបាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​នោះទេ ដែល​តួលេខ​ឆ្លង​សរុប​នៅត្រឹម​១១៤​នាក់​ដដែល​។​សម្រាប់​អ្នក​កំពុង​សម្រាក​ព្យាបាល​វិញ បាន​ធ្លាក់​ចុះមក​ត្រឹម ៦៥​នាក់ នៃ​អ្នក​ឆ្លង​សរុប​ទាំង​១១៤​នាក់​។​

​នៅក្នុង​សេចក្ដី​ជូន​ព័ត៌មាន​ដដែល បាន​បញ្ជាក់ទៀតថា ក្នុងករណី​ដែល​បាន​ជាសះស្បើយ​ទាំង​១៥​នាក់​នោះ រួមមាន​បុរស​វ័យ​៦៤​ឆ្នាំ​ម្នាក់ និង​បុរស​វ័យ​៦០​ឆ្នាំ​ម្នាក់  ជា​ជនជាតិ​ម៉ាឡេស៊ី ជា​ក្រុម​មក​ធ្វើ​ការងារ​សាសនា ស្នាក់នៅ​ខេត្តកំពត និង​ស្ត្រី​វ័យ​៣៥​ឆ្នាំ​ម្នាក់​ជា​ជនជាតិខ្មែរ រស់នៅក្នុង​ខេត្ត​បាត់ដំបង និង​បុរស​ម្នាក់ទៀត​មាន​វ័យ ៦០​ឆ្នាំ​ជា​ជនជាតិខ្មែរ រស់នៅក្នុង​ស្អាង ខេត្ត​កណ្តាល រួមទាំង​បុរស​ម្នាក់ទៀត​ជា​ជនជាតិខ្មែរ​ដូចគ្នា មាន​វ័យ​៣៩​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ​

​ដោយឡែក បុរស​ចំនួន ០៤​នាក់ និង​ស្ត្រី​ចំនួន ០៤​នាក់​ទៀត ដែលជា​ជនជាតិ​បារាំង ក៏បាន​ជាសះស្បើយ​ផងដែរ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​ចំនួន​២​លើក​។ រីឯ​បុរស​ជា​ជនជាតិ​បារាំង​ម្នាក់ទៀត ដែលមាន​វ័យ ៦៤​ឆ្នាំ​ជា​អ្នកទេសចរ​ក្នុង​ក្រុម​បារាំង ០៤​នាក់​ផ្សេងទៀត ក៍បាន​ជាសះស្បើយ​ដែល និង​ម្នាក់ទៀត​ជា​បុរស​ជនជាតិខ្មែរ មាន​វ័យ​៣៩​ឆ្នាំ ជា​អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជា​មួយក្រុម​អ្នកទេសចរ​បារាំង ក៏បាន​ជាសះស្បើយ​ផងដែរ​។ ទាំង​១៥​ខាងលើ ពេលនេះ ត្រូវបាន​អនុញ្ញាតឲ្យ​ចាកចេញ​ពី​មន្ទីពេទ្យ​នៅថ្ងៃនេះ​ហើយ​។ សរុប​ទាំង​៤៩​នាក់​ដែល​ជាសះស្បើយ​នោះ​មាន ជនជាតិ​ចិន​ម្នាក់ ជនជាតិ​អ​គ្លេស ០៣​នាក់ ប៊ែល​ហ្សិ​កម្នាក់ ជនជាតិ​បារាំង​១៧​នាក់ ម៉ាឡេស៊ី​៣​នាក់ និង​ជនជាតិខ្មែរ​ចំនួន​២៤​នាក់​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី ០៤ ខែ​មេសា ឆ្នាំ​២០២០​នេះ ចំនួន​អ្នក​ដែល​បាន​ឆ្លង​វីរុស​កូវី​ដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា នៅត្រឹម​១១៤​នាក់​។ ទាំង​១១៤​នោះ មាននៅ​រា​ធានី​ភ្នំពេញ ២០​នាក់ ខេត្ត​ព្រះសីហនុ​ចំនួន ៤០​នាក់ ខេត្តសៀមរាប ៧​នាក់ ខេត្ត​កំពង់ចាម ១៦​នាក់ ខេត្តបាត់ដំបង​មាន ៨​នាក់ ខេត្តព្រះវិហារ​មាន​២ បន្ទាយមានជ័យ ៤​នាក់ ខេត្ត​កំពង់ឆ្នាំង ៣​នាក់ ខេត្ត​កំពត ២​នាក់ ខេត្ត​ត្បូងឃ្មុំ ៤​នាក់ ខេត្ត​កែប ៤​នាក់ ខេត្ត​កោះកុង ២ និង​ខេត្តកណ្តាល ២​នាក់​៕

 

 

ព័ត៌មានផ្សេងទៀត