ពលរដ្ឋ​ត្រូវបាន​ណែនាំ​ឲ្យ​អនុវត្ដ​វិធានការ​ចាំបាច់​មួយចំនួន​​នា​រដូវវស្សា​ឆ្នាំនេះ​​

04-04-2020 10:01 am 155

​យោងតាម​សេចក្តីណែនាំ​របស់​ក្រសួង​កសិកម្ម បានឲ្យដឹងថា បច្ចុប្បន្ន​ស្ថានភាព​វីរុស​កូវី​ដ​-១៩ កំពុង​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៅ​ទូទាំង​សកលលោក និង​ក្នុង​តំបន់ ក៏ដូចជា​នៅ​កម្ពុជា​ផងដែរ ដែល​អាច​បង្ក​ជា​ផលប៉ះពាល់​ដល់​ជីវភាព​រស់នៅ និង​សុវត្ថិភាព​ស្បៀងអាហារ​របស់​ប្រជាពលរដ្ឋ​។ ជាមួយគ្នានេះ ដើម្បី​ត្រៀម​ស្បៀង​បម្រុង​ទុក សម្រាប់​តម្រូវការ​នៅ​ក្នុងស្រុក​ឱ្យបាន​គ្រប់គ្រាន់ សំដៅ​ធានា​សន្តិសុខ​ស្បៀង និង​ស្ថិរភាព តម្លៃ​ផលិត ផល​កសិកម្ម​ក្នុងដំណាក់កាល ដែលមាន​ផលប៉ះពាល់​ជា​សកល​អាច​អូសបន្លាយ​រយៈពេល​យូរ​នោះ ក្រសួង​កសិកម្ម បានធ្វើ​ការណែនាំ​ដល់​គ្រប់​អង្គភាព​ក្រោម​ឱវាទ ដែល​ពាក់ព័ន្ធ និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រាជធានី​-​ខេត្ដ​ទាំងអស់ នៅក្នុង​រដូវវស្សា​ឆ្នាំ​២០២០ ដែល​នឹង​ឈានចូល​មកដល់​នាពេល​ដ៏​ខ្លី​ខាងមុខនេះ ត្រូវ​អនុវត្ដ​នូវ​វិធានការ​ចាំបាច់​មួយចំនួន​ដូចខាងក្រោម ៖

១. អគ្គនាយកដ្ឋាន​កសិកម្ម ត្រូវ​ជំរុញ​ការអភិវឌ្ឍ​ដំណាំ​ស្រូវ ដំណាំ​សាកវប្បកម្ម​និង​ដំណាំ​រួមផ្សំ និង​ដំណាំ​ឧស្សាហកម្ម ដោយ​លើកកម្ពស់ ផលិតភាព គុណភាព និង​សុវត្ថិភាព ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់​របស់​កសិករ និង​ទីផ្សារ​ក្នុងស្រុក តាមរយៈ​ការប្រើប្រាស់​ពូជ​ដំណាំ​មាន​គុណភាព ការធ្វើ​ពិពិធ​កម្ម​ប្រភេទ​ដំណាំ ការអនុវត្ត​បង្គុំ​បច្ចេកទេស​ទំនើប ការលើកកម្ពស់​ការអនុវត្ត​កសិកម្ម​ល្អ និង​ការផ្តល់សេវា​បច្ចេកទេស​កសិកម្ម​ថ្មី និង​បច្ចេកវិទ្យា​វៃឆ្លាត​ធន់​នឹង​អាកាសធាតុ​ដល់​កសិករ និង​សហគមន៍​កសិកម្ម​។​

​ត្រូវ​ពង្រឹង​វិធានការ​ការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យ ដើម្បី​កាត់បន្ថយ​ហានិភ័យ​ពាក់ព័ន្ធ នឹង​ការ​រាតត្បាត​សមាសភាព​ចង្រៃ ក្នុងទិសដៅ​ទប់ស្កាត់​ការធ្លាក់ចុះ​បរិមាណ គុណភាព និង​សុវត្ថិភាព​ផលិតផល​កសិកម្ម ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ​ស្បៀង និង​សុខមាលភាព​របស់​ប្រជាជន និង​ខូច​ទីផ្សារ​។ ត្រូវ​ត្រៀម​បម្រុង​គ្រាប់ពូជ​ដំណាំ ក្រោម​ក្របខ័ណ្ឌ​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា​សម្រាប់​ចែកជូន​ដល់​កសិករ ដើម្បី​ស្តារ​ផលិតកម្ម​ដំណាំ នៅតាម​តំបន់​ដែល​រងគ្រោះ​ដោយសារ​កត្តា​ធម្មជាតិ នៅ​រដូវវស្សា​ខាងមុខ​នេះ​។​

២. អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ត្រូវ​ជំរុញ​ការ​ចិញ្ចឹមសត្វ ធានា​ការផ្គត់ផ្គង់​សាច់ និង​ផលិតផល​សត្វ មាន​គុណភាព អនាម័យ​និង​សុវត្ថិភាព សម្រាប់​បំពេញតម្រូវការ​ហូបចុក​របស់​ប្រជាពលរដ្ឋ ដោយ​ត្រូវ​បំផុស​និង​លើកទឹកចិត្ត​ដល់​ប្រជាកសិករ​ដែល​ចិញ្ចឹមសត្វ ជា​លក្ខណៈ​គ្រួសារ​ឱ្យ​បង្កើន​ការ​ចិញ្ចឹមសត្វ​ដែលមាន​វដ្ដ​ផលិតកម្ម​ខ្លី ដូចជា មាន់ ទា ជាដើម​។ ត្រូវ​ជំរុញ​ក្រុមហ៊ុន​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ឱ្យ​បង្កើន​ទុនវិនិយោគ​បន្ថែម ទៀត​ក្នុង​ការពង្រីក​កសិដ្ឋាន​ចិញ្ចឹមសត្វ និង​បង្កើន​ផលិតកម្ម​សត្វ​។​

​ត្រូវ​ជំរុញ​ក្រុមហ៊ុន​ផលិត​ចំណី​សត្វ​ក្នុង​ការបង្កើន​ទុន​សម្រាប់​ការទិញ​វត្ថុធាតុដើម​ក្នុងស្រុក ដើម្បី​បង្កើន​ការផលិត​ចំណី​សត្វ ធានា​នូវ​គុណភាព សុវត្ថិភាព និង​មានតម្លៃ​សមស្រប​។ ត្រូវ​ជំរុញ​សមាគម​ចិញ្ចឹម​ស ត្វ ឱ្យ​បន្ត​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​អង្គភាព​ជំនាញ​ទទួលបន្ទុក​ផលិតកម្ម និង​ប​សុ​ព្យា បាល រៀបចំ​ផែនការ​ផលិតកម្ម​សត្វ​ស្របតាម​វិធាន​ជីវ​សុវត្ថិភាព ឬ​គោលការណ៍​ណែនាំ​ស្ដីពី​ការ អនុវត្ត​ការ​ចិញ្ចឹមសត្វ​ល្អ (GAHP) ដើម្បី​ធានាបាន​ការផ្គត់ផ្គង់​សត្វ​។​

៣. រដ្ឋបាល​ជលផល ត្រូវ​ជំរុញ​ការអភិវឌ្ឍ​វារីវប្បកម្ម​គ្រប់​រូបភាព ដល់​ប្រជាកសិករ និង​អ្នកវិនិយោគ​ផ្នែក​នេះ ដើម្បី​ធានាបាន​នូវ​ការផ្គត់ផ្គង់​ត្រី កាត់បន្ថយ​ការ​នាំចូល រក្សាបាន​តុល្យភាព​តម្លៃ​ទីផ្សារ ព្រមទាំង​ធា នា​បាន​នូវ​គុណភាព និង​សុវត្ថិភាព​ដល់​អ្នក​បរិ​ភោគ​។ ត្រូវ​បង្កើន​ការផលិត​កូន​ត្រី​ពូជ​ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​ចែកចាយ​ដល់​កសិករ​នៅ​តំបន់​ដែលមាន​សក្តានុពល​ក្នុង​ការធ្វើ​វារីវប្បកម្ម​។ ត្រូវ​ផ្តល់​ការគាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​ធនធាន​ហិរញ្ញវត្ថុ​ដល់​សហគមន៍​នេសាទ ដើម្បី​បង្កើន​ប្រាក់ចំណូល បន្ថែម​ក្នុង​ការធ្វើ​វារីវប្បកម្ម​។​

៤.​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រាជធានី​-​ខេត្ត ត្រូវធ្វើ​ការណែនាំ​ដល់​ប្រជាកសិករ និង អ្នកពាក់ព័ន្ធ​ទាំងអស់ ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម​ឱ្យ​ត្រៀមលក្ខណៈ ក្នុងការ​បង្កបង្កើនផល​ក្នុង​រដូវវស្សា​ខាងមុខ ដើម្បី​បង្កើន​ផលិតកម្ម​ស្បៀង​គ្រប់​ប្រភេទ​ប្រកប ដោយ​គុណភាព និង​សុវត្ថិភាព​។ ត្រូវ​សម្រប​សម្រួ ល​សហការ​ជាមួយ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម និង​អាជ្ញាធរ​មូលដ្ឋាន ពិនិត្យ​និង​កំណត់​តំបន់​មានប្រ ភព​ទឹក ឬ​តំបន់​ដែលមាន​ស្ថានភាព​អំណោយផល នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ពិសេស​ត្រូវ​សម្រប​សម្រួ ល ស្វែងរក​លទ្ធភាព​ផ្គត់ផ្គង់​ទឹក​សម្រាប់​ជំរុញ​ផលិតកម្ម​ដំណាំ នៅ​ដើម​រដូវវស្សា​នេះ​ឱ្យបាន​លឿន​តាម​ដែល​អាច​ធ្វើទៅបាន​។ ត្រូវធ្វើ​ជា​អន្តរការី​ដ៏​សកម្ម និង​មាន​ប្រសិទ្ធភាព​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​រវាង​អ្នក​ផលិត​ជាមួយនឹង​អ្នកប្រមូល​ទិញ តាម​យន្តការ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ដើម្បី​ធានា​ការផ្គត់ផ្គង់ និ ង​ថ្លៃ​កសិផល​សមរម្យ​។​

៥. អង្គភាព​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​កសិកម្ម និង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង ត្រូវ​ជំរុញ​ការអនុវត្ត​ផែនការ​សកម្មភាព ដែល​បានអនុម័ត​រួច ដើម្បី​បង្កើន​ផលិតកម្ម​ស្បៀងអាហារ (​បន្លែ ផ្លែឈើ ត្រី សាច់​) សម្រាប់​ផ្គត់ផ្គង់​សេចក្តីត្រូវការ​ហូបចុក​ក្នុងប្រទេស ឱ្យបាន​គ្រប់គ្រាន់​ក្នុង​បរិការណ៍​វីរុស​កូវី​ដ​-១៩​នេះ​។ ត្រូវ​រាយការណ៍​ជា​ទៀងទាត់​មក​ក្រសួង នូវ​លទ្ធផល​ដែល​សម្រច​បាន ដើម្បី​ក្រសួង​មាន​វិធានការ​សមស្រប​បន្ត​។​

​ក្រសួងកសិកម្ម​សង្កត់​ធ្ងន់​ថា អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រាជធានី ខេត្ត ត្រូវ​សហការ​ឱ្យបាន​ល្អ​ជាមួយ​នឹង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ វិស័យ​ឯកជន​និង​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​អនុវត្ត​សេចក្តីណែនាំ នេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ទទួល បាន​ជោគជ័យ​៕

ព័ត៌មានផ្សេងទៀត