ការជួបជុំទ្រង់ទ្រាយធំមិនអាចរៀបចំបានឡើយក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

04-04-2020 9:02 am 359

​លោក​នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ដាក់បទបញ្ជា​ឲ្យកម្លាំង​នគរបាល​ទូទាំងប្រទេ​ស ត្រូវ​ទប់ស្កាត់​រាល់​ការប្រមូលផ្ដុំ ជួបជុំ​រៀបចំ​កម្មវិធី​កម្សាន្ដ​បែប​ប្រពៃណី ពិធីជប់លៀង​រាំ​កម្សាន្ដ​នៅតាម​ទីសាធារណៈ និង​តាម​សហគមន៍ ដើម្បី​ទប់ស្កាត់ និង​បង្ការ​ការឆ្លង​រីក​រាលដាល នៃ​វីរុស​កូវី​ដ​-១៩ ។​

​ក្នុង​សេចក្ដីណែនាំ​ស្ដីពី​វិធានការ រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី កាលពី​ថ្ងៃទី​០៣ ខែ​មេសា ឆ្នាំ​២០២០ លោក​នេត សាវឿន បាន​បញ្ជាក់ថា ការជួបជុំ​ជា​លក្ខណៈ​គ្រួសារ ក្នុង​រូបភាព​តូចៗ តាម​គេហដ្ឋាន​មិន​ត្រូវបាន​ហាមឃាត់​នោះឡើយ​។ លោក​បាន​ណែនាំ​ទៀតថា ត្រូវ​ត្រៀម​លក្ខណៈសម្បត្តិ​ទាំង​កម្លាំង​អន្តរា​គន៍ និង​មធ្យោបាយ​សម្ភារ សំដៅ​រួមចំណែក​ក្នុង​ការអនុវត្ត សេចក្ដីណែនាំ​របស់​រាជ​រដ្ឋាភិបាល ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ និង​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ពី​វីរុស​កូវី​-១៩ គ្រប់​ថ្នាក់​។​

​លើសពីនេះ ត្រូវ​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្តាប់បាន​អំពី​វត្តមាន និង​ស្ថានភាព​របស់​ពលករ​ចំណាកស្រុក ដែល​វិលត្រឡប់​មកពី​ក្រៅប្រទេស ដើម្បី​បន្ត​អប់រំ និង​តាមដាន​ការអនុវត្ត​នូវ សេចក្ដីណែនាំ​របស់ ក្រសួង​សុខាភិបាល ក្នុង​ការបង្ការ ទប់ស្កាត់​ការឆ្លង​រាតត្បាត​ពី​វីរុស​កូវី​ដ​-១៩ និង​មាន​វិធានការ​សង្គ្រោះ ក្នុង​ខណៈពេលដែល រកឃើញ​ពលរដ្ឋ​ណា​ម្នាក់​មាន​ការសង្ស័យ ឬ​មាន​សញ្ញា​ផ្ទុក​វីរុស​កូវី​ដ​-១៩​។​

​អគ្គស្នងការ​នគរបាល​ជាតិ បាន​សង្កត់ធ្ងន់​ទៀតថា កម្លាំង​នគរបាល​ទាំងអស់ ត្រូវ​បង្កើន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ និង​ស្ថាប័ន​មាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ដើម្បី​ដោះស្រាយ​នូវ​រាល់​សំណូមពរ​របស់​គណៈកម្មកា​រ​ប្រយុទ្ធប្រឆាំង​ពី​វីរុស​កូវី​ដ​-១៩ គ្រប់​ថ្នាក់​បាន​ទាន់ពេលវេលា​។ ពិសេស​ការដាក់​កម្លាំង​ការពារ​តាម​គោលដៅ​អាទិភាព ដូចជា​មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក មន្ទីរពេទ្យ និង​គោលដៅ​ដាក់ ឲ្យនៅ​ដោយឡែក ដែល​ត្រូវបាន​កំណត់ដោយ​គណៈកម្មកា​រ​ប្រយុទ្ធប្រឆាំង​វី​គ្រប់​ថ្នាក់​៕

ព័ត៌មានផ្សេងទៀត