បម្រាម​គោចរ​​នៅ​ថៃ​​ចាប់ផ្ដើម​​ចូល​ជា​ធរមាន​​ខណៈ​អ្នក​មិន​​គោរព​​នឹង​ជាប់​ពន្ធនាគារ​២​ឆ្នាំ​

03-04-2020 5:24 pm 462

​ប្រទេស​ថៃ​នៅ​ថ្ងៃទី​០៣​មេសា​នេះ បានប្រកាស​ពី​ការរកឃើញ​ករណី​ថ្មី​នៃ​ការឆ្លង​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩ ចំនួន​១០៣​ករណី​បន្ថែម និង​ស្លាប់​ចំនួន​៤​នាក់​ទៀត ធ្វើឲ្យ​ចំនួន​ឆ្លងស​រុបនៅក្នុង​ប្រទេ​ស​អាស៊ីអាគ្នេយ៍​មួយ​នេះ មាន​ជិត​២​ពាន់​នាក់​ហើយ​។ ដោយឡែក​ចំនួន​អ្នកស្លាប់​ដោយសារកូ​វីដ​-១៩​មាន​១៩​នាក់ នេះ​បើតាម​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​។ អ្នក​ទើប​ស្លាប់​គឺជា​បុរស​ជនជាតិ​ថៃ​ទាំងអស់ អាយុ​ចន្លោះ​ពី​៥៩​ដល់​៨៤​ឆ្នាំ​។ ម្នាក់​ជា​អ្នក​បម្រើការ​នៅលើ​រថភ្លើង និង​បីនាក់​ទៀត​បាន​ទៅ​មើល​កម្មវិធី​ប្រដាល់ ដែល​គេ​ឃើញថា​មាន​មនុស្ស​ជាច្រើន​បាន​ឆ្លង​ព្រោះតែ​ការចូលរួម​នេះ​។​

​ស្របពេល​ករណី​ស្លាប់​និង​ឆ្លង​កើនឡើង​ជា​បន្ដបន្ទាប់ អាជ្ញាធរ​ថៃ​បានប្រកាស​ដែរថា បម្រាម​គោចរ​រយៈពេល​៦​ម៉ោង​នឹង​ចាប់ផ្ដើម​ចូល​ជាធរ​មាននៅ​ថ្ងៃទី​០៣​មេសា​នេះហើយ​។ ការហាមឃាត់​ចេញ​ដើរ​ពេលយប់​គឺ​ចាប់ផ្ដើម​ពី​ម៉ោង​១០​យប់​រហូតដល់​ម៉ោង​៤​ភ្លឺ មិន​អនុញ្ញាតឲ្យ​មនុស្សទាំង​អស់នៅ​ក្នុងប្រទេស​ថៃ​ចេញ​ក្រៅ​ផ្ទះ​ឡើយ​។ ចំពោះ​អ្នក​មិន​គោរព​តាម​បទបញ្ជា នឹង​ប្រឈម​ទោសទណ្ឌ​ជាប់ពន្ធនាគារ​ពីរ​ឆ្នាំ​។​

​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​ក៏​កំពុង​ប្រឈម​ការរិះគន់​យ៉ាងខ្លាំង​ផងដែរ ជុំវិញ​ករណី​មិនបាន​ចាត់វិធានការ​គ្រប់គ្រាន់ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​កូវី​ដ​-១៩ ក្នុងនោះ​ដូចជា​ការណែនាំ​ពី​វិធានការ​បន្ថែម​ជាដើម​។ ទោះជា​យ៉ាងនេះ​ក្ដី​នាយករដ្ឋមន្ដ្រី​ថៃ​ពេល​ថ្លែង​សុន្ទរកថា​កាលពី​ថ្ងៃទី​០២​មេសា លោក​បាន​ទទូច​កុំឲ្យ​ប្រជាជនមាន​ការព្រួយបារម្ភ​ខ្លាំងពេក​។ លោក​ថា​ពលរដ្ឋ​ទាំងអស់​នៅតែ​អាច​ទិញ​របស់របរ​នៅពេល​ថ្ងៃ​បាន​ធម្មតា​។​

​គួរ​បញ្ជាក់ថា ប្រទេស​ថៃ​បាន​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​កូវី​ដ​-១៩​។ ក្រៅពី​ដាក់​បម្រាម​គោចរ ថៃ​បាន​បិទ​ព្រំដែន​មិនឲ្យ​អ្នកដំណើរ​ចេញចូល​ប្រទេស ហើយ​ផ្សារ​ទំនើប​ធំៗ​ត្រូវ​បិទទ្វា​បណ្ដោះអាសន្ន ខណៈ​សួន​កម្សាន្ដ​នានា​ក៏ត្រូវ​បិទ​។ និយាយ​ពី​ផលប៉ះពាល់​សេដ្ឋកិច្ច​វិញ កូវី​ដ​-១៩​ក៏​ជះឥទ្ធិពល​យ៉ាងដំណំ​លើ​សេដ្ឋកិច្ច​ថៃ ពិសេស​គឺ​អ្នក​ដែល​បម្រើការ​ក្នុង​វិស័យ​មិន​ផ្លូវការ​។ ធនាគារ​ថៃ​បាន​បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​ថៃ​អាច​នឹង​ធ្លាក់ចុះ​ដល់​៥.៣​ភាគរយ​ក្នុងឆ្នាំនេះ ជា​ការធ្លាក់ចុះ​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​២២​ឆ្នាំ​៕

 ពាក្យគន្លឹះ  ថៃបម្រាមគោចរកូវីដ១៩

ព័ត៌មានផ្សេងទៀត