របាំ​ក្ងោក​ប៉ៃលិន​ជា​មរតក​របស់​ជនជាតិ​កូឡា​

03-04-2020 4:34 pm 152

+.​តើ​របាំ​ក្ងោក​ប៉ៃលិន​ត្រូវបាន​បង្កើតឡើង​ដោយ​ជនជាតិ​អ្វី​?

​បើ​តាម​លោក​ព្រហ្ម រដ្ឋា ប្រធានការិយាល័យ​សិល្បៈ​ខេត្ត​ប៉ៃលិន បានឲ្យដឹងថា របាំ​ក្ងោក​ប៉ៃលិន គឺ​បង្កើតឡើង​ដោយ​ជនជាតិ​កូឡា​(​ភូមា​)​ដែល​បាន​បោះ​ទីតាំង​រក​ជីក​ត្បូង និង​រែង​ត្បូង នៅ​ខេត្ត​ប៉ៃលិន តាំងពី​យូរលង់​ណាស់​មកហើយ លុះ​ក្រោយមក​ពួកគេ​ក៏​រៀបចំ​បង្កើត​ជា​របាំ​នៅ​ខេត្ត​នេះ​តែម្តង​។​

​លោក​បាន​បញ្ជាក់បន្ថែម​ថា របាំ​ក្ងោក​ប៉ៃលិន​នេះ ត្រូវបាន​បង្កើតឡើង​ដើម្បី​រាំ​ថ្វាយ​ម្ចាស់​ទឹក ម្ចាស់​ដី នៅក្នុង​ស្រុក​ប៉ៃលិន កាលពី​ជំនាន់​មុន តែ​ក្រោយមក​របាំ​ក្ងោក​ប៉ៃលិន ត្រូវបាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​បាន​រៀបចំ និង​រក្សា​របាំ​នេះ​ទុក ជា​រៀង​រហូត​មក​ដល់​សព្វ​ថ្ងៃ ដើម្បី​រក្សា​នូវ​វប្បធម៌​បេតិកភណ្ឌ​ជាតិ​។​

​ជាងនេះទៅទៀត​របាំ​នេះ ក៏​មាន​ការ​ទាក់ទង​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត​ទៅ​នឹង​ជំនឿ​របស់​ខ្មែរ​ដើម ដែល​មាន​ជំនឿ​ង​ប្រហាក់ប្រហែលគ្នា និង​ប្រជាជន​ដទៃទៀត នៅលើ​ពិភពលោក ដូចជា​៖​នៅ​ទ្វីបអាហ្វ្រិក ទ្វីប​អាស៊ី និង​ប្រទេស​អូស្ត្រាលី​ជាដើម ដែល​មាន​ជំនឿ​ទៅលើ​អារក្ស អ្នកតា ហើយ​ប្រជាជន​ខ្មែរ គោរព​ជំនឿ​នេះ តាំងពី​មុន​ពេល​ដែល​ព្រះពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា ហូរ​ចូល​មក​ក្នុង​ជ្រោយ​សុវណ្ណ​ភូមិ​ម្ល៉េះ​។​

+.​ព្រេង​និទាន​ទាក់ទង​ទៅនឹង​ក្ងោក​ប៉ៃលិន​

​បើ​តាម​លោក​លឹម ប៊ុនហេង ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ដ​ប៉ៃលិន ឱ្យដឹងថា មាន​រឿងព្រេង​និទាន​ពី​របាំ​ក្ងោក​ប៉ៃលិន​ថា កាលដើមឡើយ មាន​ព្រះរាជ​បុត្រី​មួយអង្គ​ផ្ទំ​លង់លក់ យល់​សុបិន្ត​ឃើញស​ត្វ​ក្ងោក​ឈ្មោលដ៏​ធំ​មួយ​ក្បាល​មាន​រូបឆោម​យ៉ាង​ល្អ ចេះ​ចម្រើន​មន្ដ​អាគម និង​ចេះ​ទេសនា​យ៉ាង​ពិរោះ​ក្បោះក្បាយ​អស្ចារ្យ​ថ្វាយ​ព្រះនាង​ស្ដាប់​។ លុះ​ព្រះ​នាង​តើន​ឡើង ក៏​រំពឹង​ក្នុង​ព្រះ​ចិន្ដា​ថា មិនដឹង​ធ្វើ​យ៉ាងណា​នឹង​បាន​ក្ងោក​ដ៏​ល្អ​ឆើតឆាយ​ពិតប្រាកដ​នោះ មក​ទេសនា​ថ្វាយ​ព្រះ​នាង​ស្ដាប់​ម្ដង​ទៀត​ទេ​? ម្ល៉ោះហើយ​ព្រះ​នាង​តែងតែ​ជ្រប់​ព្រះភ័ក្ដ្រ​វិតក្ក​ជា​រៀងរាល់ថ្ងៃ សោយ​ពុំបាន ផ្ទំ​ពុំ​លក់​បាន​ស្រួល​ឡើយ ។ កាល​ព្រះបិតា​ព្រះ​នាង​យល់​ព្រះភ័ក្ដ្រ​ព្រះ​រាជបុត្រី​សោកសៅ​ដូចនេះ ក៏​ត្រាស់​បង្ហើប​សួរ​ទៅ​ព្រះ​នាង ភ្លាមៗ ។ ព្រះ​រាជបុត្រី​ក្រាបបង្គំ​ទូល​សព្វគ្រប់​តាម​ព្រះ​សុបិន្ត និង​ព្រះ​បំណង​របស់​ព្រះ​នាង​។​

​ព្រះរាជា​បានជ្រើសរើស​រក​ព្រានព្រៃ​យ៉ាង​ស្ទាត់ជំនាញ​ផុត​គេ ឱ្យ​ដើរ​ស្វះស្វែង​រក​សត្វ​ក្ងោក​ដែល​មាន​រូបឆោម​ល្អ ចេះ​មន្ដ​គា​ថា និង​ចេះ​ទេសនា​ពិរោះ​នោះយក​មក​ថ្វាយ​ព្រះរាជ​បុត្រី​របស់​ព្រះអង្គ ។ បន្ទាប់មក​ក៏​រកបាន​ព្រាន​ម្នាក់​ដែល​មាន​ថ្វីដៃ​លើសគេ លុះ​ទទួល​ព្រះរាជ​បញ្ជា​ហើយ ក៏​ខំ​ស្វះស្វែង​រក​សព្វ​ក្នុង​ព្រៃព្រឹក្សា​ទាំងអស់​ឥត​សល់​ចន្លោះ​អ្វី​ឡើយ ។ ខណៈ​ព្រាន​ចេះ​តែ​ដើរ ឆ្ងាយ​ទៅៗ​រក​នឹង​អស់សង្ឃឹម​ទៅហើយ ដោយ​អត់​បាន​ជួបប្រទះ​សត្វ​ក្ងោក​ណា​មួយ​ក្បាល​ទាល់តែសោះ ស្រាប់តែ​ព្រឹក​មួយ​ព្រាន​ប្រទះឃើញ​ក្ងោក​ឈ្មោល​ដ៏​ធំ​មួយ​ក្បាល​កំពុងតែ​ឈរ​សញ្ជប់សញ្ជឹង​ភាវនា​នៅលើ​មែកឈើ​បែរមុខ​ឆ្ពោះទៅកាន់​ទិស​ព្រះអាទិត្យ​រះ​(​ខាងកើត​) ។ បន្ទាប់​មក​ក្ងោក​មួយ​ក្បាល​នោះ​បាន​លោត​ចុះ​ពីលើ​មែកឈើ មក​រេ​រាំ​ហាក់ដូចជា​សប្បាយរីករាយ​ខ្លាំងណាស់ ធ្វើឱ្យ​ព្រាន​ស្ទើរតែ​ភាន់ភាំង​ស្មារតី ។ ឃើញបែបនេះ នាយ​ព្រាន​ត្រេកអរ​ពន់ប្រមាណ ក៏​ដំឡើងស្នា​បាញ់​តម្រង់​កាត់​ដំណើរ​សត្វ​ក្ងោក​កុំឱ្យ​ហើរ​រត់​រួច ប្រយោជន៍​នឹង​ចាប់​យក​ទៅ​ថ្វាយ​ព្រះ​រាជបុត្រី​របស់​ព្រះមហាក្សត្រ ប៉ុន្ដែ​ព្រាន​បាញ់​ជា​ច្រើនលើក​ច្រើនសារ​អត់​ត្រូវ​ទាល់តែសោះ ។ ដូច្នេះ​ហើយ​ព្រាន​លបលួច​ចាំមើល និង​គិត​ក្នុង​ចិត្ដ​ថា តើ​ហេតុអ្វី​បានជា​ខ្លួន​បាញ់​ក្ងោក​មិនត្រូវ ប្រាកដ​ជា​វា​ចេះ​មន្ដអាគម​ដ៏​ពូកែ​ស័ក្ដិសិទ្ធិ​មិន​ខាន​ទេ ។​

 លុះ​ពីរ បី​ថ្ងៃ​ក្រោយមក ទើប​ព្រាន​សង្កេតមើល​ដឹង​ច្បាស់​ថា ក្ងោក​នេះ​កាលណា​តែ​ភ្ញាក់ឡើង​ពី​ព្រលឹម ក៏​តាំងសីល​សែកមន្ដ​គាថា ប្រណម្យ​ឆ្ពោះទៅ​ព្រះអាទិត្យ​(​ខាងកើត​) លុះ​ដល់​ល្ងាច​ក៏​ភាវនា​បន្ដទៀត បែរ​ឆ្ពោះទៅ​ទិស​ខាងលិច​មុន​ចូល​ទ្រនំ​ដេក​។ ព្រាន​សញ្ជឹង​ហើយ​យល់ថា តើ​គួរ​ធ្វើយ៉ាងណា​ឱ្យ​ក្ងោក​ភ្លេច​ចម្រើន​ភាវនា​មន្ដ​គាថា​តែ​មួយ​ថ្ងៃ ខ្លួន​នឹង​លប​បាញ់​បាន​ជាមិនខាន ។​

​ថ្ងៃ​ក្រោយមក​ទៀត ព្រាន​ទៅ​ទាក់​ក្ងោក​ញី​មួយ​ក្បាល​យ៉ាង​ស្រស់ស្អាត​សោភា​ពី​កន្លែង​ដទៃ​មក ហើយ​យក​ទៅ​លែង​ពីមុខ​ទ្រ​នំ លំនៅឋាន​របស់​សត្វ​ក្ងោក​ឈ្មោល​មួយ​នោះ​។​ព្រលឹម​ស្វាង​ឡើង ក្ងោក​ឈ្មោល​ទទះ​ស្លាប​បម្រុង​នឹង​ចាប់ផ្ដើម​ភាវនា​មន្ដអាគម ស្រាប់តែ​ក្រឡេក​ទៅ​ប្រទះឃើញ​ក្ងោក​ញី​ដ៏​ឆើតឆាយ​មួយ​ក្បាល​នៅ​ពី​មុខ​ខ្លួន​ក៏​កើត​ក្ដី​ត្រេកត្រអាល​មេត្រី ហើយ​ហក់លោត​ចុះ​ឡើង​ពី​មែកឈើ​ទៅ​រក​នាង​មយូរី​ដ៏​ស្រស់​ស្អាត​នោះ​។ ពេល​នោះ​ហើយ ទើប​ក្ងោក​ឈ្មោល​ដែល​ចេះ​មន្ដ​គា​ថា ត្រូវ​ជាប់អន្ទាក់​នាយ​ព្រាន​ដែល​លបលួច​ដាក់​តាំង​ពី​ព្រលប់​មកម្ល៉េះ ។​

​ព្រាន​ចូលទៅ​ចាប់​ក្ងោក​បាន​ដោយ​សេចក្ដី​រីករាយ​យ៉ាងខ្លាំង ទើប​ក្ងោក​យំសោក​ថា «​ព្រាន​ប្រាថ្នា​រូបខ្ញុំ​យក​ទៅ​ធ្វើ​អ្វី​? ខ្ញុំ​នេះ​ខំ​លះបង់​ព្រៃ​រៀង​អាយ​មក​នៅ​ព្រៃ​ជ្រៅ ប្រាថ្នា​ឱ្យ​ផុត​ពី​ការ​សៅហ្មង និង​ការ​បរបាញ់​នេសាទ​គ្រប់យ៉ាង ហេតុអ្វី​ក៏​ព្រាន​តាម​មក​ធ្វើបាប​ខ្ញុំ​ទៀត​»​។ ព្រាន​ឮ​សម្ដី​ក្ងោក​គួរឱ្យ​អាណិត ក៏​ឆ្លើយ​ដោយ​ពាក្យ​ពិរោះ​ទៅ​វិញ​ថា «​ក្ងោក​អើយ​! ខ្ញុំ​មិនមែន​យក​អ្នក​ទៅ​សម្លាប់​ទេ ខ្ញុំ​ឃើញ​អ្នកចេះ​ធម៌អាថ៌ ឱ្យ​តែ​ពេល​ព្រលឹម​ឡើង ចម្រើន​ធម៌អាថ៌​ជានិច្ច ហេតុ​នេះ​ខ្ញុំ​ចាប់​អ្នក​ទៅ​ថ្វាយ​ព្រះ​រាជបុត្រី​នៃ​ព្រះមហាក្សត្រ​ផែនដី ដ្បិត​ព្រះ​នាង​យល់​សុបិន្ត​ឃើញ​ក្ងោក​ចេះ​ទេសនា ហើយ​ព្រះ​នាង​ទ្រង់​ចង់​ស្ដាប់ធម៌​ទេសនា​របស់​អ្នក​ខ្លាំងណាស់​»​។ ក្ងោក​សើច ហើយ​ឆ្លើយ​តប​វិញ​ថា​«​បើ​ដូចនេះ សុំ​អ្នក​កុំ​ព្រួយ ខ្ញុំ​នឹង​ធានា​ទៅ​សម្ដែងធម៌​ថ្វាយ​ព្រះ​នាង​ស្ដាប់​រៀង​រាល់​ថ្ងៃសីល​ចាប់តាំងពី​សីល​នេះ​តទៅ​» ។​

​ចាប់តាំងពី​ពេលនោះ​មក ក្ងោក​តែង​ហិចហើរ​ទៅ​ថ្វាយ​ធម្មទេសនា​ដល់​ព្រះ​រាជបុត្រី​ជានិច្ច ។ អាស្រ័យ​ដូច្នេះហើយ ទើប​ជនជាតិ​ខ្មែរ​កូ​ឡានៅ​ខេត្ដ​ប៉ៃលិន​និយម​លេង​របាំ​ក្ងោក​នៅ​ថ្ងៃសីល​ជា​រៀង​រហូត​មក ។​

+.​ការសម្តែង​

​យោង​តាម​ឯកសារ​ស្រាវជ្រាវ​របស់​នាយកដ្ឋាន​ស្រាវជ្រាវ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​អំឡុង​ទសវត្សរ៍​ឆ្នាំ​៦០ បានឲ្យដឹងថា ដើម​កំណើត​របស់​របាំ​ក្ងោក​ប៉ៃលិន​ដំបូង គេ​រៀបចំ​ឲ្យមាន​តែ​ក្ងោក​ឈ្មោល​កាន់​សីលមួយ​មក​សម្តែង​តែប៉ុណ្ណោះ ដោយ​យក​តាម​សុបិន្ត​របស់​បុត្រី​ស្តេច​។​របាំ​នេះ សម្រាប់​សម្តែង តែ​ក្នុង​តំបន់​របស់​ពួក​ជនជាតិ​កូឡា​តែប៉ុណ្ណោះ ដូចជា​៖​ក្នុង​ពិធី​បុណ្យចូលឆ្នាំ ពិធីបុណ្យ​ស្រន់​អារក្ស អ្នកតា និង​លោកយាយ​យ៉ាត ទៅតាម​ដំណើរ​នៃ​ភូមិ​ស្រុក​របស់​ពួកគេ​។​

​មួយវិញទៀត ការសម្តែង គឺ​បាន​បង្ហាញ​ឲ្យដឹង​អំពី​សម្រស់​ធម្មជាតិ ទំនៀមទម្លាប់ និង​ជីវភាព​របស់​នៅ​របស់​ជនជាតិ​កូឡា​តែមួយគត់​។​ប៉ុន្តែ​បន្ទាប់ពី​ការស្រាវជ្រាវ​រកឃើញ របស់​នាយកដ្ឋាន​ស្រាវជ្រាវ​មក នាយកដ្ឋាន​នេះ បាន​រៀបចំ​ឲ្យមាន​ក្ងោក​ចំនួន​ពីរ គឺ​ញី​មួយ និង​ឈ្មោល​មួយ និង​បន្ថែម​ព្រានព្រៃ​ម្នាក់ទៀត ដើម្បី​កែច្នៃ​របាំ​នេះ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ក្នុង​ការពណ៌នា​អំពី​សម្ផស្ស និង​បរិយាកាស​ឲ្យ​សមស្រប​ទៅនឹង​គុណប្រយោជន៍​របស់​ទឹកដី​ប៉ៃលិន ដែល​សម្បូរ​ទៅដោយ​ត្បូង​ពេជ្រ​ដ៏​មាន​តម្លៃ​នោះ ។ ការសម្តែង​របាំ​នេះ​បាន​ពឹងផ្អែក​យ៉ាង​សំខាន់​ទៅលើ​កាយវិការ​និង​លក្ខណៈ​កោ្ង​ក ដើម្បី​សម្តែង​ទៅ​ហាក់ដូចជា​មាន​ជីវិត​ប្រៀប​បាន​នឹង​កោ្ង​កពិតៗ ។​

​មូលហេតុ​ដែល​គេ​កែច្នៃ​របាំ​នេះ​ពី​ក្ងោក​មួយ មក​ជា​ក្ងោក​ពីរ និង​បន្ថែម​ព្រានព្រៃ​ម្នាក់ទៀត គឺ​ដោយសារ​គេ​យល់ឃើញ​ថា ការសម្តែង​ក្ងោក​តែមួយ វា​ហាក់ដូចជា​ត្រង់​ពេក ដែល​ពុំ​ទាន់​មាន​ការចាប់អារម្មណ៍​ទាល់តែសោះ​។​ដូច្នេះហើយ​ទើប​ការរៀបចំ​ឱ្យមាន​ជា​កោ្ង​ក​ពីរ និង​ព្រានព្រៃ​មួយ សម្រាប់​សម្តែង​សង្កត់ធ្ងន់​ទៅលើ​សុភមង្គល និង អពមង្គល​របស់​សត្វ​លោក ហើយ​គេ​ក៏​បាន​កែ​របាំ​នេះ​សាជាថ្មី ដោយ​បញ្ចប់​ត្រឹមតែ​ការ​ចែចង់​របស់​ក្ងោក​ឈ្មោល​មិនបាន​សម្រេច​តែប៉ុណ្ណោះ​។​

+.​សម្លៀក​បំពាក់​

​ប្រធានការិយាល័យ​សិល្បៈ​ខេត្ត​ប៉ៃលិន បានបញ្ជាក់​ថា ចំពោះ​សម្លៀក​បំពាក់​សម្រាប់​សម្តែង​របាំ​នេះ​វិញ គឺ​មាន​ភាពឆើតឆាយ​ល្អ​ស្រស់បំព្រង ប្រៀប​ដូចជា​ក្ងោក​បេះ​បិទ ដោយ​ស្លាបរ​ច​នាពី​ក្រដាស ឬ​ក្រណាត់​ពាក់​ឆ្អឹង ហើយ​លាប​ពណ៌​ដូច​សត្វ​ក្ងោក កន្ទុយ​ជា​ក្រដាស ឬ​ក្រណាត់ ពាក់​លើ​ឆ្អឹង​ឫស្សី​ពណ៌​ក្រ​ម៉ៅ និង​ក្បាល​ធ្វើ​ពី​ក្រដាស​ស្មាច់ ដូច​ក្បាល​ក្ងោក​ពិតៗ​។​

+.​ចំនួន​អ្នក​សម្តែង​

​ចំពោះ​ខ្នាត​សម្តែង​របាំ​នេះ​មាន​ចំនួន ៧​នាក់ ដោយ​អ្នករាំ​ដើរតួ​ជា​ក្ងោក​ញី​ឈ្មោល ១​គូ អ្នក​រើស​ត្បូង​ម្នាក់ កុង​សែ និង​ប្រពន្ធ​កុង​សែ​(​ប្រុស ២​នាក់ ស្រី ២​នាក់​)​។​ការ​រាំ​មាន​ឈុត​ឆាក​គួរ​ឲ្យ​ចង់​គយគន់ ដោយ​ក្ងោក​ញី ឈ្មោល​កៀង​គ្នា ឆាប​ចុះ​ឆាប​ឡើង ដែល​អ្នកទស្សនា​ស្ទើរតែ​មិន​ហ៊ាន​ព្រិច​ភ្នែក​ឡើយ​។​

+.​ឧបករណ៍​ភ្លេង​

​ឧបករណ៍​ប្រើ​សម្រាប់​ប្រគំ​ក្នុងពេល​សម្តែង របាំ​ក្ងោក​ប៉ៃលិន​រួមមាន​៖​គង​ម៉ង់ ឈឹង ឆាប ស្គ​រវែង ស្គរ​ខ្លី និង​ប៉ី ជាដើម​៕

​ឯកសា​រយោង​៖
https://km.wikipedia.org/
https://kohsantepheapdaily.com.kh/


 ពាក្យគន្លឹះ  របាំ​ក្ងោក​ប៉ៃលិន

ព័ត៌មានផ្សេងទៀត