ស្ថាប័នជំនាញអំពាវនាវឲ្យសាធារណជន ចូលរួមទប់ស្កាត់ការចរាចរឱសថ និងឧបករណ៍បរិក្ខាពេទ្យខុសច្បាប់

03-04-2020 3:28 pm 151

យោងតាមសេចក្តីជូនដំណឹង របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ស្តីពីការទប់ស្កាត់ការចរាចរឱសថ ឧបករណ៍បរិក្ខារពេទ្យ និងសារធាតុសម្លាប់មេរោគខុសច្បាប់ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០​នេះ បានលើកឡើង ថា ខណៈពេលដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជា កំពុងមានករណីវីរុសកូវីដ-១៩ កើនទ្បើងជាបន្តបន្ទាប់ ដែលជាកត្តាធ្វើឲ្យប្រជាជនមានតម្រូវការឱសថ ឧបករណ៍បរិក្ខារពេទ្យ និងសារធាតុសម្លាប់មេរោគជាចាំបាច់ ដើម្បីប្រើប្រាស់ក្នុងការបង្ការ និងទប់ស្កាត់ការចំលងវីរុសកូវីដ-១៩។

ក្នុងនោះដែរ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានតាមដាន និងសង្កេតឃើញតាមបណ្តាញសង្គមហ្វេសប៊ុក មានគណនីមួយចំនួនកំពុងឆ្លៀតឱកាសផ្សព្វផ្សាយលក់ឱសថ ឧបករណ៍បរិក្ខារពេទ្យ និងសារធាតុសម្លាប់មេរោគ យ៉ាងអនាធិបតេយ្យ ដូចជា៖ម៉ាស់ឧបករណ៍សម្លាប់មេរោគ អាល់កុល ជែល និងសារធាតុសម្លាប់មេរោគជាច្រើនប្រភេទទៀត ដែលពុំមានការអនុញ្ញាតច្បាប់ពីក្រសួងមានសមត្ថកិច្ចនៅទ្បើយ។

ម្យ៉ាងទៀតក្នុងសន្និសីទសារព័ត៌មាន ជុំវិញការវិវត្តថ្មីៗនៃសង្គមជាតិកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានប្រកាសដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យអាជ្ញាធរមានសមត្ថកិច្ច ចុះប្រតិបត្តិការរឹបអូសនូវឱសថព្យាបាល និងឧបករណ៍សម្រាប់ធ្វើតេស្តវីរុសកូវីដ-១៩ យកមកធ្វើការកម្ទេចចោល។ ចំណែកក្រសួងសុខាភិបាល ក៏បានចេញសេចក្ដីជូនដំណឹងអំពី ការហាមលក់ឱសថ ឧបករណ៍បរិក្ខារពេទ្យ និងសារធាតុសម្លាប់មេរោគគ្មានលេខបញ្ជីកា ឬលេខប្រវេទន៍ពីក្រសួងសុខាភិបាលផងដែរ។ 

ក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានអំពាវនាវដល់សាធារណជនចូលរួមសហការ និងផ្តល់ព័ត៌មាន អំពីទីតាំងផលិត ឬទីតាំងចែកចាយ និងជនដែលផលិត ឬជនដែល​ចែកចាយផលិតផលដូចបានរៀបរាប់ខាងលើ ដែលក្រសួងសុខាភិបាលហាមឃាត់ ដើម្បីគណៈកម្មាធិការមានលទ្ធភាពចុះពិនិត្យ តាមដាន ស៊ើបអង្កេត និងឈានដល់ការបង្ក្រាបតាមនីតិវិធី នៃច្បាប់ ដោយសហ​ការជាមួយសមត្ថកិច្ច នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីរួមចំណែកលើកកម្ពស់សុខភាពប្រជាពលរដ្ឋ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ឲ្យមានប្រសិទ្ធភាពខ្ពស់។

សាធារណជនក៏អាចទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ០៨១ ៩៩៩ ៨០៨ ឬតាមបណ្តាញសង្គមហ្វេសប៊ុក(Facebook Page)“គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ-Counter Counterfeit Committee ”ឬមកកាន់គ.ប.ផ.ក.ដែលមានទីតាំងនៅអគារHក្នុងក្រសួងមហាផ្ទៃ ហើយរាល់ព័ត៌មានរបស់សាធារណជនទំាងអស់ ដែលបានបញ្ជូនមកគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នោះ គឺត្រូវបានរក្សាការសម្ងាត់ និងតាមសំណូមពររបស់សាមីខ្លួន៕ 

 

ព័ត៌មានផ្សេងទៀត