ស្បៀងអាហារត្រូវបានចែកជូនដល់ពលរដ្ឋ២៥០នាក់ នៅតំបន់គំនរសំរាមជើងឯកជាបន្តបន្ទាប់

03-04-2020 11:18 am 1321

ប្រជាពលរដ្ឋចំនួន២៥០នាក់ ដែលរស់នៅក្នុងតំបន់គំនរសំរាមជើងឯក បានទទួលជំនួយស្បៀងអាហារ ជាពិសេសអង្ករពីសប្បុរសជន ក៏ដូចជាលោកផន ផល្លា ប្រធានមូលនិធិសប្បរសធម៌នៃគណបក្សយុវជនកម្ពុជាជាបន្តបន្ទាប់ នាអំឡុងពេលកើតមានវីរុសកូវីដ-១៩។

លោកផន ផល្លា បានឲ្យដឹង ថា កាលពីមិនទាន់កើតមានវីរុសកូរ៉ូណានេះ គឺក្នុង១ខែរូបលោកបានយក ស្បៀងអាហារទៅជូនប្រជាពលរដ្ឋដែលជាអ្នករើសសំរាម នៅតំបន់ជើងឯកក្នុងខណ្ឌដង្កោនេះមិនដែលដាច់ឡើយ។ ដោយឡែកនៅពេលពិភពលោក ក៏ដូចជាប្រទេសកម្ពុជា កំពុងរងការរាតត្បាតពីវីរុសកូវីដ-១៩នេះ រូបលោកបានយកជំនួយរបស់សប្បុរសជន និងរបស់រូបលោកផ្ទាល់ជូនទៅដល់ប្រជាពលរដ្ឋនៅទីនោះ៣ដងហើយ បូកទាំងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០នេះ។

លោកថា កាលពីលើកទី១ លោកបាននាំយកអង្ករចំនួន១តោនចែកជូនប្រជាពលរដ្ឋនៅទីនោះ។ លើកទី២នាំយកអង្ករចំនួន២តោន។ និងលើកទី៣នេះចំនួន២តោនដែរ។ បើតាមលោកផន ផល្លា គឺប្រជាពលរដ្ឋរស់ នៅក្នុងតំបន់គំនរសំរាមនេះ ជួបបញ្ហាខ្វះខាតតាំងពីមុនកើតមានវីរុសកូរ៉ូណានេះមកម្លេះ តែនៅពេលមានវីរុសនេះទៀត គឺពួកគាត់កាន់លំបាកថែមទៀត ដោយសារតែពួកគាត់មិនអាចរើសអេតចាយលក់ដូចមុនទៀត។

លោកផន ផល្លា បានមានប្រសាសន៍យ៉ាងដូច្នេះថា”ការពិតបើនិយាយពីអ្នករស់នៅគំនរសំរាម គាត់ពិបាកតាំងពីដើមមកហើយ ប៉ុន្តែកំឡុងពេលកូរ៉ូណានេះ មានន័យថាលែងមានអ្នកទិញអេតចាយគាត់ មានន័យថាគេផ្អាកការទិញមួយរយៈ ចឹងទេអេតចាយដែលរើសបានទាំងប៉ុន្មាន គឺគរចោលតែម្ដង”។

ជាមួយគ្នានេះលោកផន ផល្លា ប្រធានមូលនិធិសប្បរសធម៌នៃគយក ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលចូលរួមឧបត្ថម្ភថវិកាដើម្បីអាចឲ្យរូបលោក ទិញស្បៀងអាហារជាពិសេសអង្ករ ចែកជូនប្រជាពលរដ្ឋចំនួន២៥០នាក់ ដែលរស់នៅក្នុងតំបន់គំនរសំរាមជើងឯកនោះ។

លោកផន ផល្លា បានថ្លែងអំណរគុណជាពិសេសដល់អ្នកស្រីប៊ួយ ចាន់សុធា ម្ចាស់ហាងលក់កាបូបមីសែលមិច និងស្វាមី លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិតឈុត សិរីវឌ្ឍនា ដែលបានផ្តល់អង្ករចំនួន១២៥០គីឡូក្រាម សម្រាប់ចែកជូនដល់ពលរដ្ឋនៅទីនោះ៕ 

 

ព័ត៌មានផ្សេងទៀត