ការបរិច្ចាគ​ប្រាក់ខែ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩ បង្ហាញ​ពី​ការ​សាមគ្គី​គ្នាក្នុង​គ្រា​លំបាក​

02-04-2020 4:06 pm 4002

​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានប្រកាស​បរិច្ចាគ​ប្រាក់បៀវត្សរ៍​ផ្ទាល់ខ្លួន ចំនួន​៧​ខែ ជូន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ ក៏​មាន​រដ្ឋមន្ត្រី និង​មន្ត្រី​ក្រសួង​ស្ថាប័ន​ជាច្រើន  បាន​ប្រកាស​ពី​ការបរិច្ចាគ​ប្រាក់ខែ​ផ្ទាល់ខ្លួន​ចាប់ពី​១​ខែ​ទៅ​៧​ខែ ក្នុង​ការចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩​ផងដែរ​។​

​លោក ឈ​ត ប៊ុន​ថង មន្ត្រី​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បានបញ្ជាក់​ថា នេះ​គឺជា​គំរូ​ដ៏​របស់​ថ្នាក់ដឹកនាំ ក្នុង​ការលះបង់​ដើម្បី​សង្គមជាតិ នៅពេល​ជួប​ទុក្ខលំបាក​។ ទង្វើ​ទាំងនេះ ក៏​បាន​បង្ហាញ​ពី​សង្គម​ដែល​មាន​សីលធម៌ ចេះ​ជួយ​ទុក្ខលំបាក​គ្នា និង​រស់នៅ​ដោយ​ភាពសប្បាយ​រីករាយ សុខដុម​ជាមួយគ្នា​។​

​មិន​ខុស​គ្នា​នោះឡើយ លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​យល់ឃើញថា ជា​សញ្ញា​មួយ​ដ៏​ល្អ​ប្រសើរ​មួយ របស់​ថ្នាក់ដឹកនាំ មាន​ការគិតគូរ​ពី​សង្គម​ជាតិ ជា​ទង្វើ​ដែល​ប្រជាពលរដ្ឋ​គាំទ្រ ពិសេស​គឺ​ការបង្ហាញ​ពី​ការ​សាមគ្គី​គ្នា ក្នុង​គ្រា​មាន​អាសន្ន​។​

​គួរបញ្ជាក់​ថា ក្នុង​គ្រា​ដែល​ប្រទេស​កម្ពុជា កំពុង​ប្រឈម​នឹង​បញ្ហា​ជំងឺ​ឆ្លងកូវី​ដ​១៩ រដ្ឋាភិបាល បាន​ត្រៀម​កញ្ចប់​ថវិកា​មួយចំនួន ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។ ជាមួយគ្នានេះដែរ ក៏​មាន​សប្បុរសជន​ជាច្រើន បាន​ចូលរួម​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​រួមចំណែក​ការពារ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩​នេះ​ផង​ដែរ​។ បើ​តាម​ការប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី កាលពី​ពេល​ថ្មីៗ​នេះ ថវិកា​សប្បុរសជន ដែល​បាន​ចូល​រួមវិភាគទាន​ជាមួយ​រដ្ឋាភិបាល មាន​ទឹកប្រាក់​សរុប ប្រមាណ​ជាង​១០​លាន​ដុល្លារ​អាមេរិក​៕


ព័ត៌មានផ្សេងទៀត