មិន​មាន​ការបើក​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​៤ នៅ​វិមាន​រដ្ឋ​សភា​ទេ​

02-04-2020 3:49 pm 197

​នៅ​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០២០​នេះ គឺជា​ថ្ងៃ​កំណត់​ដែល​រដ្ឋសភា ត្រូវ​បើក​សម័យប្រជុំ​លើក​ទី​៤ នីតិកាល​ទី​៦ បន្ទាប់ពី​បាន​បិទ​សម័យប្រជុំ​លើក​ទី​៣ នីតិកាល​ទី ៦ កាលពី​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២០​។​

​ទោះបីជា​ថ្ងៃនេះ ជា​ថ្ងៃ​ដែល​រដ្ឋសភា​ត្រូវ​បើក​សម័យប្រជុំ​លើក​ទី​៤ ក៏ដោយ តែ​គណៈកម្មាធិកា​អចិន្ត្រៃយ៍​រដ្ឋសភា បានសម្រេច​មិន​អញ្ជើញ​តំណាងរាស្ត្រ និង​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ ចូលរួម​ក្នុង​ពិធី​បើក​សម័យប្រជុំ​នេះ​ទេ​។​ការសម្រេច​មិន​អញ្ជើញ​នេះ គឺ​ដើម្បី​ចូលរួម​អនុវត្ត​នូវ​វិធានការ​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ដែល​កំពុង​តែ​រាតត្បាត​នៅលើ​ពិភពលោក ក៏ដូចជា​ការណែនាំ​របស់​ក្រសួង​សុខាភិបា​ល​កម្ពុជា និង​អង្គការ​សុខភាព​ពិភពលោក​(WHO)​ផងដែរ​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា ចុះ​ថ្ងៃ​ទី​១ ខែ​មេសា​។​

​នៅ​ក្នុង​សេចក្តីជូនដំណឹង​បាន​បញ្ជាក់បន្ថែម​ថា ដើម្បី​រាយការណ៍​ជូន​អង្គសភា និង​សាធារណជន​ជាតិ និង​អន្តរជាតិ បាន​ជ្រាប​ពី​សកម្មភាព​សំខាន់ៗ​របស់​រដ្ឋសភា រដ្ឋសភា​នឹង​ធ្វើ​ការផ្សព្វផ្សាយ​នូវ​ព្រះរាជសារ​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា និង​របាយការណ៍​រប​ស់លោក​ហេង សំរិន​ប្រធានរដ្ឋសភា ស្តីពី​សកម្មភាព​របស់​រដ្ឋសភា​ចន្លោះ​សម័យប្រជុំ​លើក​ទី​៣ និង​លើក​ទី​៤ នីតិកាល​ទី ៦ ខាងលើ​តាមរយៈ​គេហទំព័រ​របស់​រដ្ឋសភា​គឺ http://nac.org.kh និង​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា និង​វិទ្យុជាតិ​កម្ពុជា​ផងដែរ​៕

 ពាក្យគន្លឹះ  រដ្ឋសភា

ព័ត៌មានផ្សេងទៀត