បដិមាសីសៈចំនួន២ស្រង់ពីប្រឡាយទឹកក្រុងអង្គរត្រៀមចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ

02-04-2020 3:19 pm 183

ព្រះបដិមាសីសៈចំនួន២ ដែលក្នុងនោះមានទេវតាចំនួន១ អសុរា(យក្ស)ចំនួន១ ដែលជាចម្លាក់ទាញព្រ័ត្រនៅខ្លោងទ្វារខ្មោច ត្រូវបានក្រុមការងារចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ និងនគរបាលបេតិកភណ្ឌ ព្រមទាំងភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា នាំគ្នាស្រង់យកចេញពីប្រឡាយទឹក នៅខាងកើតខ្លោងទ្វារខ្មោច។ នេះបើតាមការឲ្យដឹងពីអាជ្ញាធរអប្សរា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។ ព្រះបដិមាសីសៈទាំង២ ត្រូវបានប្រគល់ជូនអាជ្ញាធរជាតិអប្សរាយកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ ហើយនឹងធ្វើការជួសជុល មុននឹងប្រគល់ទៅរក្សាទុកនៅសារមន្ទីរ។

បើតាមមន្ត្រីជំនាញ ចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈនៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ លោក ឈូក សុម៉ាឡា បានឱ្យដឹងថា លក្ខណៈនៃព្រះបដិមាសីសៈទេវតាដែលបានប្រទះឃើញនោះ មាន៤បំណែក គឺព្រះសីសៈទាំងមូលដាច់ត្រឹមមាត់ ហើយខូចខាតផ្នួងសក់ បំណែកច្រមុះរបេះពីខ្ទង់ និងបំណែកទងត្រចៀកឆ្វេងស្តាំ។ ចំណែកអសុរាវិញ មានតែផ្នែកខាងក្រោយ ជាមួយក្បាច់លម្អសក់ និងពុំមានព្រះភក្ត្រទេ។

មន្រ្តីរូបនេះបានបញ្ជាក់ទៀតថា ការប្រទះឃើញព្រះបដិមាសីសៈទាំង២នៅក្នុងប្រឡាយទឹក មិនមែនជារឿងចៃដន្យនោះទេ ព្រោះវាបណ្តាលមកពីរចនាសម្ពន្ធ ទូទៅនៃសំណង់ចម្លាក់ទាញព្រ័ត្រនោះបានខូចខាត ដោយសារអាយុកាលនៃសំណង់ កត្តាធម្មជាតិ និងសង្គ្រាម ទើបធ្វើឱ្យចម្លាក់ទាំងនោះធ្លាក់ចូលក្នុងទឹក ខ្លះកប់ក្នុងដី ខ្លះនៅលើដីជាច្រើនទៀត៕

ព័ត៌មានផ្សេងទៀត