ក្រសួងសុខាភិបាលមិនអនុញ្ញាតឲ្យលក់ឱសថ បរិក្ខារពេទ្យ ឧបករណ៍វាស់សីតុណ្ហភាព អាល់កុល និងជែល តាមអនឡាញឡើយ

02-04-2020 11:55 am 391

ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់នៅក្នុងសេចក្តីជូនព័ត៌មានរបស់ខ្លួន កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ថា ក្រសួងមិនអនុញ្ញាតឲ្យមានការផ្សព្វផ្សាយលក់ឱសថ ឧបករណ៍បរិក្ខារពេទ្យ ឧករណ៍វាស់សីតុណ្ហភាព អាល់កុល និងជែល តាមប្រព័ន្ធអនឡាញនោះឡើយ។

មូលហេតុដែលក្រសួងសុខាភិបាលមិនអនុញ្ញាតឲ្យមានការផ្សព្វផ្សាយលក់នូវផលិតផលសម្រាប់ប្រើប្រាស់សម្លាប់មេរោគ និងការពារការចម្លងជំងឺកូវីដ-១៩តាមបណ្តាញសង្គមនោះ ព្រោះតែកាលពីពេលកន្លងមកក្រសួងធ្លាប់បានទិញអាល់កុល ក៏ដូចជាសារធាតុសម្លាប់មេរោគមួយចំនួន ដែលលក់តាមប្រព័ន្ធអនឡាញមកពិនិត្យគុណភាពឃើញថា អាល់កុល ឬសារធាតុសម្លាប់មេរោគទាំងនោះភាគច្រើនជាផលិតផល ដែលមានគុណភាពមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ឬក្លែងបន្លំ ដូចជាអាល់កុលខ្លះជាមេតាណុលសុទ្ធសាធ ឬមេតាណុលលាយជាមួយអេតាណុល។

ក្រសួងបានបញ្ជាក់បន្ថែមថា ចំពោះអាល់កុលដែលមានគុណភាពសម្លាប់មេរោគគឺជាប្រភេទ អេតាណុល(៦០%-៨០%) ហើយចំពោះសារធាតុមេតាណុលមិនត្រូវបានគេប្រើប្រាស់សម្រាប់សម្លាប់មេរោគឡើយ ដោយសារធាតុនេះគ្មានសកម្មភាពសម្លាប់មេរោគទេ ហើយសារធាតុនេះអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។

ក្រសួងបានអះអាងបន្ថែមថា អនុលោមទៅតាមច្បាប់ស្តីពី ការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ បានឲ្យដឹងថា រាល់ការលក់ឱសថ ឧបករណ៍បរិក្ខារពេទ្យ និងប្រតិករ ត្រូវតែមានលេខបញ្ជិការពីក្រសួងសុខាភិបាល ហើយតម្រូវឲ្យលក់តែនៅតាមឱសថស្ថាន និងឱសថស្ថានរងស្របច្បាប់តែប៉ុណ្ណោះ មិនអនុញ្ញាតឲ្យលក់តាមប្រព័ន្ធអនឡាញឡើយ។

ជាមួយគ្នានេះដែរក្រសួងបានប្រកាសថា ការផ្សព្វផ្សាយលក់ឱសថ ឧបករណ៍បរិក្ខារពេទ្យ ប្រតិករ និងគ្រឿងសម្អាងគ្រប់ប្រភេទ ត្រូវតែមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដើម្បីពិនិត្យខ្លឹមសារផ្សព្វផ្សាយ ឲ្យមានលក្ខណៈត្រឹមត្រូវតាមឯកសារវេជ្ជសាស្រ្ត ឱសថសាស្រ្ត និងទន្តសាស្រ្ត។

ទន្ទឹមនឹងការចេញសេចក្តីជូនព័ត៌មាននេះដែរ ក្រសួងសុខាភិបាលក៏បានអំពាវនាវដល់បងប្អូនអាជីវករទាំងអស់ ក៏ដូចជាសាធារណជន សូមចូលរួមជាមួយក្រសួងសុខាភិបាល អនុវត្តឲ្យបានស្របតាមច្បាប់ និងលិខិតបទដ្ឋាននានា ដែលមានជាធរមាន ដើម្បីរួមចំណែកលើកស្ទួយសុខភាពប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ក៏ដូចជារួមចំណែកទប់ស្កាត់ការចម្លងនូវវីរុសកូរ៉ូណាឬកូវីដ-១៩ឲ្យមានប្រសិទ្ធភាពខ្ពស់៕

ព័ត៌មានផ្សេងទៀត