កូវី​ដ​-១៩​សម្លាប់​មនុស្ស​១២​នាក់​ហើយ​នៅ​ថៃ​និង​ឆ្លង​ជាង​១,៧០០​នាក់​

01-04-2020 2:41 pm 396

​អាជ្ញាធរ​ថៃ នៅ​ថ្ងៃ​ពុធ​នេះ​បញ្ជាក់​ថា​ខ្លួន​បាន​រកឃើញ​អ្នកស្លាប់​ដោយសារ​វីរុស​កូវី​ដ​១៩​ថ្មី​២​នាក់​បន្ថែមទៀត​ហើយ នាំឲ្យ​ចំនួន​អ្នកស្លាប់ស​រុប​កើន​ដល់​១២​នាក់​។ ជាមួយគ្នា​នេះ​ថៃ​ក៏​បាន​រក​ឃើញ​អ្នក​ឆ្លង​ចំនួន​១២០​នាក់​បន្ថែម​ទៀត​ដែរ ធ្វើឲ្យ​ចំនួន​អ្នក​ឆ្លងស​រុប​កើន​ដល់​១,៧៧១​នាក់​។ នេះ​បើ​យោង​ទៅតាម​ការចេញផ្សាយ​ដោយ​កាសែត​Bangkok Post នៅ​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០២០​។​

​បើ​តាម​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​វីរុស​កូវី​ដ​១៩​ថៃ​លោក​វេជ្ជបណ្ឌិត​Taweesin Visanuyothin បានឲ្យដឹងថា អ្នកស្លាប់​ថ្មី​ទាំង​២​នាក់ ម្នាក់​ជា​បុរស​ចំណាស់ អាយុ​៧៩​ឆ្នាំ រស់​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ​។ បុរស​នេះ​បាន​ត្រឡប់​មកពី​ចូលរួម​ក្នុង​ពិធីមង្គលការ​មួយ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​ទី​០៧​មីនា និង​បាន​ធ្លាក់ខ្លួន​ឈឺ​នៅ​ថ្ងៃ​ទី​២០​មីនា​។ ក្រោយមក​បុរស​នេះ​បាន​ទៅ​មន្ទីរពេទ្យ និង​រកឃើញ​ថា​បាន​ឆ្លង​វីរុស​នេះ តែ​លោក​មិន​ព្រម​ទទួល​ការព្យាបាល រួច​ក៏​បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​២៧​មីនា​។ ដោយឡែក​អ្នកស្លាប់​ទី​២ ជា​អ្នកជំនួញ​ម្នាក់​ទើប​ត្រឡប់មក​ពី​អង់គ្លេស​កាលពី​ថ្ងៃ​ទី​១៤​មីនា តែ​បុរស​ម្នាក់​នេះ​បាន​ធ្លាក់ខ្លួន​ឈឺ​តាំងពី​ថ្ងៃ​ទី​១២​មីនា និង​បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​១៥​មីនា​។​

​តួ​យ៉ាង​សម្រាប់​ករណី​ឆ្លង​ទាំង​១២០​ករណី​ថ្មី​នេះ​ដែរ​មាន ៤៣​ករណី​នៅ​ទីក្រុង​បាងកក ២៣​ករណី​នៅ​ខេត្ត​សាមុត​ប្រា​កាន ១១​ករណី​នៅ​ខេត្ត​ភូ​កេត ២​ករណី​នៅ​ខេត្ត​ក្រេ​ប៊ី និង​ខេត្ត​ជាច្រើន​ផ្សេង​ទៀត​។​

​សូម​ជម្រាប​ជូន​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​វីរុស​កូវី​ដ​១៩​ថ្មី​ទាំង​១២០​នាក់ មាន​៣៨​នាក់​ជា​អ្នកមាន​ទំនាក់ទំនង​ជាមួយ​អ្នកជំងឺ​ចាស់ៗ និង​១៦​នាក់​ជា​អ្នក​ទើប​ត្រឡប់មក​ពី​ពិធី​សាសនា​ក្នុង​ប្រទេស​ម៉ាឡេស៊ី រីឯ​១៤​នាក់​ជា​អ្នកមាន​ទំនាក់ទំនង​ជាមួយ​ជនបរទេស និង​ចូលរួម​កន្លែង​មនុស្សម្នា​ច្រើន​៕

ព័ត៌មានផ្សេងទៀត