ឧបករណ៍បញ្ជូនទិន្នន័យជាសំឡេងតាមរយៈការបាញ់ពន្លឺឡាស៊ែរ(Laser)

31-03-2020 7:37 pm 365

សិស្សនិស្សិតមួយក្រុម ដែលសិក្សាផ្នែកបច្ចេកវិទ្យា នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្កើតឧបករណ៍មួយ ដែលអាចបញ្ជូនទិន្នន័យ ជាសំឡេង ភ្លេងតន្ត្រី សារអេឡិចត្រូនិក ឬជារូបភាព ទៅកាន់ទីតាំងផ្សេង តាមរយៈការបាញ់ពន្លឺឡាស៊ែរ ដោយមិនចាំបាច់ប្រើខ្សែអូស ឬប្រព័ន្ធប៊ូធូស អ្វីនោះឡើយ។ ចង់ដឹងថា ឧបករណ៍នេះ មានលក្ខណៈពិសេសយ៉ាងណាខ្លះនោះ? សូមស្តាប់សៅ វិសាល នៅក្នុងនាទីបច្ចេកវិទ្យា ដូចតទៅ៖

នេះគឺជាឧបករណ៍បញ្ជូនទិន្នន័យ ជាសំឡេង ឬរូបភាព តាមរយៈការបាញ់ពន្លឺឡាស៊ែរ(Laser) ទៅកាន់ឧបករណ៍ទទួល ដែលនៅទីតាំងផ្សេង។ ឧបករណ៍នេះ បង្កើតឡើងដោយសិស្សិនិស្សិតមួយក្រុម នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលសិក្សា ផ្នែកវិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិក។

លោក ឃន វាសនា សិក្សានៅតេបាតឺម៉ង់វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិក ឆ្នាំទី៤  នៃមហាវិទ្យាល័យវិស្វកម្ម នៅក្នុងសកវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ជាក់ថា ក្រៅតែពីបង្កើតឧបករណ៍បញ្ជូនទិន្នន័យ តាមរយៈពន្លឺឡាស៊ែរនេះ ក្រុមរបស់ខ្លួន ក៏កំពុងតែស្រាវជ្រាវ ក្នុងការប្រើប្រាស់ពន្លឺ បង្កើតទៅជាប្រព័ន្ធWIFI ដែលអាចប្រើប្រាស់Internetបាន។

អត្ថប្រយោជន៍នៃការបង្កើតឧបករណ៍បញ្ជូនទិន្នន័យ តាមរយៈឡាស៊ែរនេះ គឺមិនចាំបាច់ប្រើប្រាស់ខ្សែក្នុងការតភ្ជាប់។ មានន័យថា នៅពេលពន្លឺឡាស៊ែរ បាញ់ទៅដល់ទីតាំងណា ដែលមិនមានការបិទបាំងពន្លឺ នោះទិន្នន័យដែលយើងបញ្ជូន វានឹងទៅដល់ទីតាំងនោះ ដូចជាសំឡេង ភ្លេងតន្ត្រី សារអេឡិចត្រូនិក ឬជារូបភាពជាដើម។

លោកឃន វាសនា បានបញ្ជាក់ថា ដោយខ្វះខាតនូវសម្ភារៈក្នុងការតំឡើង ឧបករណ៍នេះ នៅមិនទាន់មានលក្ខណៈពេញលេញ១០០%នៅឡើយទេ ដែលវាជាការលំបាកមួយ ក្នុងការធ្វើឲ្យដំណើរការ។

យ៉ាងណាមិញ ជាការសំណូមពរ លោកឃន វាសនា សង្ឃឹមថា នឹងមានបណ្តាអង្គការ ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ អាចជួយឧបត្ថម្ភផ្តល់ជាសម្ភារៈ ឬជាឧបករណ៍ផ្សេង ក្នុងការបង្កើតឧបករណ៍មួយនេះ ទៅថ្ងៃអនាគត ឲ្យមានភាពល្អប្រសើរ ដើម្បីបម្រើដល់វិស័យបច្ចេកវិទ្យានៅកម្ពុជា៕
 

 ពាក្យគន្លឹះ  នាទីបច្ចេកវិទ្យាLaser

ព័ត៌មានផ្សេងទៀត