បញ្ហាកូវីដ១៩!រដ្ឋាភិបាល​ដាក់ចេញវិធានការសម្រាប់​វិស័យ​ឯកជន​ និង​កម្មករនិយោជិត

31-03-2020 4:00 pm 1581

​នៅ​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២០​នេះ រាជរដ្ឋាភិបាលម្ពុ​ជា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថ្មី​មួយ ស្តីពី​វិធានការ​បន្ថែម​សំដៅ​ជួយ​ដល់​វិស័យ​ឯកជន និង​កម្មក​-​និយោជិត ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ពី​ការរីក​រាលដាល​នៃ​វីរុស​កូវី​ដ​-១៩​។ 

រដ្ឋាភិបាលម្ពុ​ជា បាន​បញ្ជាក់ថា បើទោះបីជា​មាន​ការវាយតម្លៃ​ជារួម​ថា សេដ្ឋកិច្ច​កម្ពុជា​នៅមាន​ភាពរឹងមាំ និង​ក្នុងខណៈ ដែល​រាល់​វិធានការ​ទាំងឡាយ ដែល​ត្រូវបាន​ដាក់​ចេញមក នៅ​ជុំ​ទី​១ កាលពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ព្រមទាំង​វិធានការ​ពាក់ព័ន្ធ​ជា​បន្តបន្ទាប់ នឹង​នៅតែ​អន​វុត្ត​ជាធម្មតា រដ្ឋាភិបាល​បាន​សម្រេចចិត្ត​ដាក់ ចេញ​នូវ​វិធានការ​បន្ថែម​ជា​ជុំ​ទី​២ មួយទៀត សំដៅ​ជួយ​ដល់​វិស័យ​ឯកជន ដែល​ទ​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ឲ្យ​អាច​បន្ត​រស់រាន​បាន ក្នុងពេល​ដ៏​លំបាក​នេះ ក៏ដូចជា​ជួយ​ដល់​កម្មករ និយោជិត នៅក្នុង​វិស័យ​ពាក់ព័ន្ធ​។ ដែល​វិធានការ​ទាំងនោះ​រួមមាន​៖

ទី​១. វិស័យ​អាកាសចរណ៍ ៖ លើកលែង​ការបង់ពន្ធ​អប្បបរមា (Minimum tax) សម្រាប់​រយៈពេល​៣​ខែ ចាប់ពី​ខែមីនា រហូត ដល់​ខែឧសភា ឆ្នាំ​២០២០ សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​របស់​កម្ពុ​ជា ។ ពន្យារ​ការបង់ប្រាក់​ជំពាក់​កម្រៃ​អាកាសចរ​ស៊ីវិល​សម្រាប់​រយៈពេល​៦​ខែ ជាមួយនឹង​ការអនុញ្ញាតឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងនោះ រៀបចំ​បង់ប្រាក់​ជំពាក់​នោះ ជា​ដំណាក់កាល ក្រោយពី​រយៈពេល​ពន្យារ​នេះ​។​

​ទី​២. វិស័យ​ទេសចរណ៍ ត្រូវ​ពង្រីក​វិសាលភាព​បន្ថែម លើ​វិធានការ​លើកលែង​ការបង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍ ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម នៅ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្ត​កែប ខេត្ត​កំពត ក្រុង​បាវិត និង​ក្រុង​ប៉ោយប៉ែត សម្រាប់​រយៈពេល​៣​ខែ ដោយ​គិត​ចាប់ពី​ខែមីនា ដល់​ខែឧសភា ឆ្នាំ​២០២០​។​

អាជីវកម្ម​ទាំងនេះ នៅតែមាន​កាតព្វកិច្ច ដាក់​លិខិត​ប្រកាស​ពន្ធអាករ និង​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​គ្រប់គ្រង​អាក​រលើ​តម្លៃ​បន្ថែម (EVAT) ជា​រៀងរាល់ខែ​ក្នុងអំឡុងពេល​នៃ​ការលើកលែង​នេះ​។ កំណត់ឲ្យ​អ្នកជាប់ពន្ធ ដាក់​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​២០១៩ យ៉ាង​យឺត​បំផុត​ឲ្យបាន​មុន​ដំណាច់​ខែមិនា ឆ្នាំ​២០២០, ប៉ុន្តែ​ប្រាក់​ពន្ធ​ត្រូវបាន​អនុញ្ញាតឲ្យ​បង់​រំលាស់​ជា​រៀងរាល់ខែ រហូតដល់​ខែវិច្ឆិកា ឆ្នាំ​២០២០​។ ​

ត្រូវ​ពង្រីក​វិសាលភាព យន្តការ​នៃ​ការចូលរួមចំណែក​ឧបត្ថម្ភ​២០% នៃ​ប្រាក់ខែ​អប្បបរមា (២០% នៃ​១៩០ ដុល្លារ​) ពី​រដ្ឋាភិបាល​ដល់​កម្ម​ករ​និយោជិត ដែល​រង​ការប៉ះពាល់​ពី​ការព្យួរ ឬ​ផ្អាក​ដំណើរការ​អាជីវកម្ម របស់​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍ ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​។ ការផ្តល់​ប្រាក់ឧបត្ថម្ភ​២០% នៃ​ប្រាក់ខែ​អប្បបរមា​នេះ តម្រូវឲ្យ​ភ្ជាប់​ជាមួយនូវ​លក្ខខណ្ឌ នៃ​ការចូលរួម​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល​ខ្លី រវាង​ពី​១ ទៅ​២​សប្តាហ៍ ដែល​រៀបចំ​ដោយ​ក្រសួងទេសចរណ៍​។ 

​ការបើកប្រាក់​ឧបត្ថម្ភ​នេះ ទាមទារ​នូវ​ការរៀបចំ​យន្តការ​ផ្ទៀងផ្ទាត់ និង​ជ្រើសរើស​សិក្ខាកាម ចូលរួម​ជា​កម្មករនិយោជិត តាមរយៈ​ការពិនិត្យ​លើ​បញ្ជីរាយនាម​កម្មករ​-​និយោជិត​ពី សណ្ឋាគារ ផ្ទះសំណាក់​ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍ ដោយ​មានឈ្មោះ​ភ្ជាប់​ជាមួយ​លេខ​បណ្ណ ប​.​ស​.​ស ឬ​ការបញ្ជាក់​ពី​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​។ មិនចាំបាច់​បង់ប្រាក់​វិភាគទាន​ធានារ៉ាប់រង​របប​ហានិភ័យ​ការងារ និង​ថែទាំ​សុខភាព (​បស​ស​) ក្នុងអំឡុងពេល​ព្យួរ ឬ​ផ្អាក​ដំណើរការ​អាជីវកម្ម​។​

​ទី​៣. ដោយ​វិស័យ​ឯកជន​ជាច្រើន មាន​កង្វល់​ពី​ការធានា​ប្រក្រតីភាព នៃ​ការជួល​អគារ ទីតាំង​អាជីវកម្ម និង​រោងចក្រ​នានា​ក្នុងដំណាក់កាល​លំបាក​នេះ រដ្ឋាភិបាល​បាន​ណែនាំ​ដល់​ក្រសួង​-​ស្ថាប័នរដ្ឋ និង​អំពាវនាវ​ដល់​បុគ្គល​ឯកជន ដែលជា​ម្ចាស់​អគារ​-​ទីតាំង​អាជីវកម្ម និង​រោងចក្រ​ឲ្យជួយ​សម្រួល​ដល់​ភាគី​អ្នក​ជួល ដោយ​ជៀសវាង​ការបញ្ឈប់​កិច្ចសន្យា ឬ​ការបណ្ដេញចេញ ក្នុងករណី​ដែល​អ្នក​ជួល​មិន​មានលទ្ធភាព​បង់ថ្លៃ​សេវា​ជួល បាន​ទាន់ពេលវេលា និង​ជួយ​លើកទឹកចិត្ត​ឲ្យ​ភាគី​ម្ចាស់​អគារ​-​ទីតាំង​អាជីវកម្ម និង​ម្ចាស់​រោងចក្រ​ចរចា​គ្នា​ជាមួយនឹង​អ្នក​ជួល ពន្យារពេល​បង់ថ្លៃ​សេវា​ជួល និង​ការដេញថ្លៃ​សេវា​ជួល​ជាយថាហេតុ​។​

​ទី​៤. ក្រសួង​ស្ថាប័ន​ទាំង ត្រូវអនុវត្ត​នូវ​សេចក្ដីណែនាំ​នេះ ទៅតាម​សមត្ថកិច្ច​របស់ខ្លួន ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ទី​៥. រដ្ឋាភិបាល នឹង​បន្ដ​តាមដាន​សភាពការណ៍​ផលប៉ះពាល់ ពី​វីរុស​កូវី​ដ​-១៩ ទៅលើ​សេដ្ឋកិច្ច និង​សង្គម និង​ត្រៀម​ជាស្រេច​ក្នុង​ការដាក់ចេញ នូវ​វិធានការ​បន្ថែមទៀត ដើម្បី​ផ្ដល់នូវ​ការជួយ​គាំទ្រ​សមស្រប និង​តាម​ការចាំបាច់ ដល់​ក្រុមហ៊ុន​អាជីវកម្ម និង​កម្មករនិយោជិត ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​៕


 

ព័ត៌មានផ្សេងទៀត