ថៃ​៖​អ្នក​ស្លាប់​ដោយសារ​វីរុស​កូវី​ដ​១៩​កើន​ដល់​១០​នាក់​ហើយ​

31-03-2020 2:16 pm 307

​អាជ្ញាធរ​ថៃ នៅ​ថ្ងៃ​អង្គារ៍​នេះ​បាន​រាយការណ៍​ថា​បា​នរកឃើញ​អ្នក​ស្លាប់​ដោយសារ​វីរុស​កូវី​ដ​១៩(COVID-19)​ថ្មី​បន្ថែម​ម្នាក់​ទៀត​ហើយ នាំឲ្យ​ចំនួន​អ្នកស្លាប់ស​រុប​កើន​ដល់ ១០​នាក់​។ ជាមួយគ្នា​នេះ​អាជ្ញាធរ​ថៃ​បាន​បញ្ជាក់បន្ថែម​ថា ក៏​បាន​រកឃើញ​ករណី​វិជ្ជមាន​វីរុស​នេះ​ចំនួន​១២៧​ករណី​បន្ថែមទៀត​ដែរ ខណៈ​ករណី​វិជ្ជមាន​សរុប​កើន​ដល់ ១,៦៥១​នាក់​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​កាសែត​Bangkok Post នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២០​។​

​បើ​តាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​មជ្ឈម​ណ្ឌ​ល​គ្រប់គ្រង​ការឆ្លង​វីរុស​កូវី​ដ​១៩​របស់​ថៃ បានឲ្យដឹងថា មកទល់​ពេល​នេះ​វីរុស​បង្ក​ជា​ជំងឺ​រលាក​សួត​ថ្មី​នេះ​បាន​រាលដាល​ដល់​៦១​ខេត្ត​-​ក្រុង​ហើយ​នៅក្នុង​ប្រទេស​ថៃ​។ ហើយ​ក្នុងចំណោម​ខេត្ត​-​ក្រុង​ទាំងអស់​មាន​ខេត្ត​ចំនួន​៣​ដែល​មាន​ចំនួន​អ្នក​ឆ្លង​ច្រើនជាងគេ រួមមាន ខេត្ត​ណុន​ថា​បូរ៊ី​(​មាន​៧៩​ករណី​) ខេត្ត​ភូ​កេត​(៥៥​ករណី​) និង​ខេត្ត​យ៉ាឡា​(៤៨​ករណី​)​។​

​លើសពី​នេះ​អ្វីដែល​គួរ​ឲ្យ​ចាប់អារមុ្មណ៍​នោះ គឺ​មាន​អ្នកទោស​ចំនួន​១១​នាក់ នៅ​ពន្ធនាគា​រេ​មួយ​ក្នុង​ខេត្ត​បូរ៊ី​រ៉ាំ បាន​ព្យាយាម​រត់គេច​ចេញ ដោយសារ​ខ្លាច​ឆ្លង​វីរុស​កូវី​ដ​១៩​នេះ​។ តែ​យ៉ាងណាក៏ដោយ​អ្នកទោស​ទាំង​១១​នាក់​នេះ ត្រូវបាន​ចាប់ខ្លួន​បាន​វិញ​ហើយ​។ ទន្ទឹម​នឹង​នេះ​ក៏​មាន​មន្ត្រីប៉ូលិស​ចំនួន​២៧​នាក់ រួម​ទាំង​បុគ្គលិក​ពេទ្យ​ចំនួន​១៩​នាក់ ក៏​បាន​ឆ្លង​វីរុស​ថ្មី​នេះដែរ​។​

​គួរ​ជម្រាប​ថា ក្នុងចំណោម​ចំនួន​ករណី​អ្នក​ឆ្លង​សរុប​ទាំងអស់ ខាង​អាជ្ញាធរ​ថៃ​បញ្ជាក់ថា មាន​ចំនួន​១០៨​ករណី​បាន​រកឃើញថា​ជា​អ្នក​ធ្លាប់​បាន​ទៅ​ចូលរួម​ទស្សនា​ការប្រកួត​កីឡា​ប្រដាល់​៕

ព័ត៌មានផ្សេងទៀត