លោក​ហ៊ុន សែន​៖ ការផ្លាស់ប្តូរ​រដ្ឋមន្ត្រី​ថ្មី​៤​រូប ព្រោះ​ត្រូវការ​រដ្ឋមន្ត្រី​សកម្ម​

30-03-2020 5:41 pm 1046

​រដ្ឋសភា​នៅ​ថ្ងៃទី​៣០ ខែ​មីនា​នេះ បាន​សម្រេច​បោះឆ្នោត​គាំទ្រ ជា​ឯកច្ឆន្ទ​ចំពោះ​ការតែងតាំង​រដ្ឋមន្ត្រី​ថ្មី​ចំនួន​៤​រូប ដែល​ស្នើ​ដោយ​ប្រមុខ​រដ្ឋាភិបាល លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​។​

​បាន​ថ្លែង​នៅក្នុង​សន្និសីទ នៅឯ​វិមាន​រដ្ឋ​សភា ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ​ការតែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​មានប្រសាសន៍ថា ការផ្លាស់ប្តូរ​រដ្ឋមន្ត្រី​ទាំង​៤​រូបនេះ មិនមែន​ដោយសារ​ពួកគាត់ មិន​មាន​សមត្ថភាព​នោះទេ តែ​ដោយសារ​វ័យ​របស់​ពួកគាត់ មាន​អាយុ​ច្រើន ត្រូវការ​ពេលវេលា​សម្រាក​ច្រើន​។ ដូច្នេះ​មានតែ​ទុក​ឱកាស​ដល់​មន្ត្រី​ថ្មី ដែល​មាន​ភាព​រហ័សរ​ហួស និង​មាន​គំនិត​ផ្តួចផ្តើម​ថ្មី ស្រប​ទៅតាម​សម័យកាល​ជឿនលឿន​។​

​ប្រមុខ​រដ្ឋាភិបាល បានបញ្ជាក់​ថា កំណែទម្រង់រដ្ឋបាល​សាធារណៈ កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ជា​កំណែទម្រង់​មុត​ស្រួច​។ លោកនាយក​រដ្ឋមន្ត្រី បាន​ផ្តល់​យោបល់​ទៀតថា រដ្ឋមន្ត្រីក្រសួង​ទូរគមនាគមន៍ គឺ​ត្រូវតែ​ជា​រដ្ឋមន្ត្រី​រហ័សរហួន និង​គំនិត​ផ្តួចផ្តើម​ខ្ពស់​។​

​លោក​គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា ធ្លាប់បាន​ប្រាប់​ដល់​វិទ្យុ​វាយោ​ថា ការរុះរើ​គណៈរដ្ឋមន្ត្រី គឺជា​រឿង​ធម្មតា​របស់​រដ្ឋាភិបាល​នី​មួយៗ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​រដ្ឋាភិបាល​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ ការរុះរើ​នេះ គួរ​ធ្វើ​ឡើង​ក្នុង​រយៈ​១​អាណត្តិ​ម្តង ឬ​យ៉ាងយូរបំផុត​២​អាណត្តិ ដើម្បី​ឲ្យ​មន្ត្រី​ថ្មីៗ បញ្ចេញ និង​បង្កើន​សមត្ថភាព​ការងារ​។​

​លោក​គិន ភា បន្តថា រាល់​មន្ត្រី​ទាំងអស់ ឲ្យតែ​ធ្វើ​ទៅ​តាម​ច្បាប់ និង​អនុក្រឹត្យ​ស្តីពី​ការប្រព្រឹត្ត ទៅ​នៃ​ក្រសួង​ស្ថាប័ន​នី​មួយៗ គឺជា​រឿង​ដ៏​ល្អ​បំផុត ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ​

គួរបញ្ជាក់​ថា ក្រសួង​ទាំង​៤ ដែល​ផ្លាស់ប្តូរ​រដ្ឋមន្ត្រី​រួមមាន​៖​ក្រសួង​យុត្តិធម៌ ក្រសួង​ធម្មការ​និង​សាសនា ក្រសួង​មុខងារសាធារណៈ និង​ក្រសួង​ប្រៃសណីយ៍ ខណៈ​ដែល​ក្រសួង​ឧស្សាហ៍​និង​សិប្បកម្ម ត្រូវបាន​ប្តូរ​ទៅ​ជា​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​វិញ​។​

​ការរុះរើ​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​បញ្ជាក់ថា យោងទៅតាម​តម្រូវការ​ចាំបាច់​ក្នុង​ការបង្កើន​ប្រសិទ្ធភាព​ការងារ​របស់​រាជរដ្ឋាភិបាល​។ រដ្ឋ​មន្ត្រី​តែងតាំង​ថ្មី​ចំនួន​០៤​រូប រួមមាន​៖ លោក​កើត រិទ្ធ ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ជំនួស លោក អង្គ វង្សវឌ្ឍានា​, លោក ជា វ៉ាន់ដេត ជា​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ជំនួស​លោក​ត្រាំ អ៊ីវតឹក​, លោក​ឈិត សុខុន ជា​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​និង​សាសនា ជំនួស​លោក ហ៊ឹម ឆែម និង​លោក ព្រុំ សុខា ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ ជំនួស​លោក​ពេជ្រ ប៊ុនធិន​វិញ​។ ហើយ​រដ្ឋមន្ត្រី​ចាស់ៗ​ទាំង​០៤​រូបនេះ នឹង​ត្រូវ​តម្លើង​មកជា​ទេសរដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស​វិញ​៕


ព័ត៌មានផ្សេងទៀត