ថៃ​រក​ឃើញ​អ្នក​ស្លាប់​ដោយសារ​វីរុស​កូវី​ដ​១៩​ថ្មី​២​នាក់​បន្ថែមទៀត​ហើយ​

30-03-2020 3:14 pm 185

ក្រសួង​សុខាភិបាល​ថៃ​នៅ​ថ្ងៃ​ចន្ទ​នេះ បានបញ្ជាក់​ថា​ខ្លួន​បាន​រកឃើញ​អ្នកស្លាប់​ដោយសារ​វីរុស​កូវី​ដ​១៩(COVID-19)​ចំនួន​២​នាក់​ថ្មី​បន្ថែមទៀត​ហើយ ដែល​នាំ​ឲ្យ​អ្នក​ស្លាប់ស​រុប​កើន​ដល់​៩​នាក់​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២០​។​

​បើ​តាម​លោក​Anupong Sujariyakul មន្ត្រីជាន់ខ្ពស់​ក្រសួង​សុខាភិបាល​ថៃ បាន​បញ្ជាក់​ឲ្យដឹងថា អ្នក​ស្លាប់​ទាំង​ពីរ​នាក់​ថ្មី​នេះ មាន​ម្នាក់​ជា​បុរស​ចំណាស់​វ័យ​៥៤​ឆ្នាំ រស់នៅ​ខេត្ត​យ៉ាឡា​(​ទើប​ត្រឡប់​មកពី​ពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី​) និង​ស្ត្រី​ចំណាស់​ម្នាក់​អាយុ​៥៦​ឆ្នាំ រស់នៅ​ក្នុង​ក្រុង​បាងកក​។ លោក​បញ្ជាក់​បន្ថែមថា អ្នក​ទាំង​ពីរ​ខាងលើ​នេះ​បាន​ស្លាប់​កាលពី​ថ្ងៃអាទិត្យ​។​

​គួរ​ជម្រាប​ថា គិត​មក​ទល់​ពេល​នេះ​ប្រទេស​ថៃ​បាន​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូវី​ដ​១៩​ចំនួន ១,៥២៤​នាក់​ហើយ ក្នុងនោះ​មាន​អ្នកជំងឺ​វីរុស​កូវី​ដ​១៩​ចំនួន​១,៣៨៨​នាក់ កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ រីឯ​អ្នកជំងឺ​២៣​នាក់​កំពុង​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​៕

ព័ត៌មានផ្សេងទៀត