ថៃ​សម្រេច​បិទ​ខេត្ត​ភូ​កេត​ក្រោយ​ខេត្ត​នេះ​រកឃើញ​អ្នក​ឆ្លង​វីរុស​កូវី​ដ​១៩​ចំនួន​៦២​នាក់​

30-03-2020 11:25 am 579

អាជ្ញាធរ​ថៃ​បាន​សម្រេច​បិទ​ខេត្ត​ភូ​កេតរ​បស់​ខ្លួន​ហើយ បន្ទាប់​ពី​ខេត្ត​ដែន​ដី​កោះ​ភាគ​ខាងត្បូង​ប្រទេស​ថៃ​មួយ​នេះ​ទើបតែ​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូវី​ដ​១៩​ចំនួន​០៩​នាក់​បន្ថែមទៀត ដែល​នាំ​ឲ្យ​ខេត្ត​នេះ​មាន​អ្នក​ឆ្លង​សរុប​កើន​ដល់​៦២​នាក់​។ នេះ​បើ​យោង​ទៅតាម​ការចេញផ្សាយ​ដោយ​កាសែត​Bangkok Post នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២០​។​

​ការបិទ​ខេត្ត​ជា​មុខព្រួញ​សេដ្ឋកិច្ច​ដ៏​សំខាន់​នេះ ធ្វើឡើង​ដោយ​មាន​ការឯកភាពរ​វាង​អភិបាលខេត្ត​ភូ​កេ​តលោក​Pakkapong Taweepat និង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​ថៃ​។ ទាក់ទង​នឹង​រយៈពេល​នៃ​ការបិទ​ខេត្ត​ទេសចរណ៍​នេះ មាន​រយៈពេល​១​ខែ​ពេញ ដោយ​អាជ្ញាធរ​ថៃ​នឹង​បើក​ដំណើរ​នៅក្នុង​ខេត្ត​នេះ​វិញ​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២០​ខាងមុខ​។​

​គួរបញ្ជាក់​ថា​រាល់​ច្រកចេញ​-​ចូល​ខេត្ត​ទាំងអស់​នឹង​ត្រូវ​បិទ​ទាំងស្រុង លើកលែង​តែ​ជើងហោះហើរ​ប៉ុណ្ណោះ​។ អាជ្ញាធរ​ថៃ​នឹង​មិន​អនុញ្ញាត​ឲ្យមាន​ការចេ​ញ​ចូល​មិនចាំបាច់​បន្ត​ទៀត​ឡើយ តែ​សម្រាប់​ការនាំ​ចូល​នូវ​ម្ហូបអាហារ សម្ភារៈ​បរិក្ខារ​ពេទ្យ​សំខាន់ៗ ប្រេងឥន្ធនៈ និង​រថយន្ត​សង្គ្រោះ​បន្ទាន់​ត្រូវបាន​អនុញ្ញាត​ក្នុង​លក្ខខណ្ឌ​ពិសេស​។ ដោយឡែក​សម្រាប់​មធ្យោបាយ​ផ្លូវទឹក​វិញ អាជ្ញាធរ​ខេត្ត​ភូ​កេ​តនឹង​ហាមឃាត់​រាល់នា​វា​គ្រប់​ប្រភេទ​មិនឲ្យ​ចូល​ចតឡើយ លើកលែង​តែ​នាវា​ដឹក​ទំនិញ​សំខាន់ៗ​ប៉ុណ្ណោះ​។​

សូមជម្រាបថា គិត​មក​ទល់​ពេល​នេះ​ប្រទេស​ថៃ​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូវី​ដ​១៩​ចំនួន​១,៥២៤​នាក់​ហើយ ខណៈ​អ្នកស្លាប់​មាន​ចំនួន​៩​នាក់​។ ម្យ៉ាង​កាលពីពេល​ថ្មីៗ​កន្លង​ទៅ​ថៃ​បាន​បិទ​ខេត្ត​មួយចំនួន​រួចមកហើយ ក្នុងនោះ​មាន ប៉ា​តានី យ៉ាឡា ណា​រ៉ាត់​ធី​វ៉ាត់ ដើម្បី​ទប់ស្កាត់​នូវ​ការ​រាលដាល​ពី​សំណាក់​វីរុស​ឆ្លង​ដ៏​សាហាវ​នេះ​៕​

ព័ត៌មានផ្សេងទៀត