កូរ៉េខាងជើង​​បាញ់​សាកល្បង​​មី​ស៊ី​លពីរ​គ្រាប់​​ទៀតហើយ​

29-03-2020 10:52 am 430
រូបភាពមីស៊ីលដែលកូរ៉េខាងជើងធ្វើតេស្ដ

​កូរ៉េខាងជើង​នៅ​ព្រឹក​ថ្ងៃទី​២៩​មីនា​នេះ បាន​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ចំនួន​ពីរ​គ្រាប់​ទៀតហើយ ដោយ​ហោះ​បាន​ចម្ងាយ​ប្រមាណ​២៣០​គីឡូម៉ែត្រ​មុន​ធ្លាក់ចូល​ក្នុង​សមុទ្រ​។ រយៈកម្ពស់​នៃ​មី​ស៊ី​ល​នេះ​គឺ​៣០​គីឡូម៉ែត្រ បាញ់​ចេញពី​កំពង់ផែ​ក្រុង​វ៉ុន​សាន នេះ​បើតាម​ការបញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍ របស់​អគ្គលេនា​ធិ​ការចម្រុះ​កូរ៉េខាងត្បូង​។ ប្រទេស​ជប៉ុន​បាន​បញ្ជាក់ថា មី​ស៊ី​ល​ដែល​កូរ៉េខាងជើង​បាន​ធ្វើតេស្ដ មិនបាន​ធ្លាក់​ចូលក្នុង​ដែនទឹក​របស់ខ្លួន​ទេ​។​

​សូមបញ្ជាក់ថា​កាលពី​ប្រមាណ​ជាង​១​សប្ដាហ៍​មុន កូរ៉េខាងជើង​ក៏បាន​ធ្វើតេស្ដ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ចំនួន​២​គ្រាប់​ដែរ​។ ជាការ​ធ្វើតេស្ដ​ដែល​គេ​ជឿជាក់ថា ដើម្បី​សាកល្បង​បច្ចេកទេស​នៃ​អាវុធ​ប្រភេទ​ថ្មី​។ ការ​ធ្វើតេស្ដ​លើកចុងក្រោយ​នេះ ស្របពេល​កិច្ចពិភាក្សា​ស្ដីពី​ការរំលាយ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង អូសបន្លាយ​កាន់តែ​យូរ​បន្ទាប់ពី​ជាប់គាំង​ដោយសារ​មិន​ចុះសម្រុង​ជាមួយ​សហរដ្ឋអាមេរិក​៕

ព័ត៌មានផ្សេងទៀត