ក្រសួង​ព្រមាន​ចាត់វិធានការ​ធ្ងន់​លើ​អ្នក​លក់ទំនិញ​ដំឡើងថ្លៃ​ខណៈ​វីរុស​កូរ៉ូណា​កំពុង​រាតត្បាត​​

28-03-2020 1:46 pm 421

​ក្រសួង​ពាណិជ្ជកម្ម បាន​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ក្នុងករណី​រកឃើញ​ជ​ន​ខិលខូច ដែល​ឆ្លៀតឱកាស​លក់ទំនិញ​ឡើងថ្លៃ កេងចំណេញ​ហួសហេតុ ខណៈដែល​ប្រទេស​កម្ពុជា កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​កូវី​ដ​-១៩​។ នេះ​បើតាម​សេចក្ដីអំពាវនាវ របស់​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ ២០២០​នេះ​។ 

​ការអំពាវនាវ​របស់​ក្រសួងពាណិជ្ជកម្ម​បែបនេះ បន្ទាប់ពី​សង្កេតឃើញថា ម្ចាស់​ហាង​លក់ទំនិញ អាជីវករ និង​អ្នកលក់ដូរ​ទំនិញ តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត (Online) មួយចំនួន បាន​ឆ្លៀតឱកាស លក់​ដំឡើង ថ្លៃទំនិញ ដូចជា ម៉ាស់​ការពារ​មុខ អាល់កុល​លាងដៃ ចាហួយ​ជាតិ​អាល់កុល​លាងដៃ ឧបករណ៍​ស្ទង់កំដៅ និង​គ្រឿងឧបភោគ បរិភោគ​ចាំបាច់ សម្រាប់​ប្រើប្រាស់ ប្រចាំថ្ងៃ​លើ​ទីផ្សារ​ទូទាំងប្រទេស ដែល​សកម្មភាព​ទាំងនេះ អាច​បង្កឲ្យមាន​ផលប៉ះពាល់ ដល់​សន្តិសុខ​សង្គម​ធ្ងន់ធ្ងរ​។ ក្នុងស្ថានភាព​នេះ ក្រសួង​ពាណិជ្ជកម្ម បានធ្វើ​ការអំពាវនាវ ដូចខាងក្រោម​៖

១. សូម​សាធារណជន មេត្តា​រក្សា​នូវ​ភាព​ហ្នឹង​នរ កុំ​ជ្រួលច្របល់​ហួសហេតុ នាំឲ្យ​ជន​ឱកាសនិយម អាច​ឆ្លៀត​យកចំណេញ តាមរយៈ​ការលក់​ដំឡើងថ្លៃ ទំនិញ​ដោយ​មិន​សម​ហេតុផល​។​

២. សូម​ម្ចាស់​ហាង​លក់ទំនិញ អាជីវករ និង​អ្នកលក់ដូរ​ទំនិញ តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត (Online) ទាំងអស់ ប្រកាន់ខ្ជាប់​នូវ​ស្មារតី​សាមគ្គី​ជាតិខ្មែរ កុំ​ឆ្លៀតឱកាស ដំឡើង​ថ្លៃទំនិញ កេងចំណេញ​ហួសហេតុ​

៣. សូម​ម្ចាស់​ហាង​លក់ទំនិញ និង​អាជីវករ​ទាំងអស់ ត្រូវ​បិទ​ស្លាក​ថ្លៃ ជា​ប្រាក់រៀល​លើ​មុខទំនិញ ដែល​ចរាចរ​នៅលើ​ទីផ្សារ សំដៅ​ធានាបាន​នូវ​យន្តការ សេដ្ឋកិច្ច​ទីផ្សារសេរី ការប្រកួតប្រជែង​ដោយ​សមធម៌ និង​លើកស្ទួយ ដល់​ចរាចរ​រូបិយវត្ថុ​ក្នុងស្រុក ក្នុង​គោលបំណង​បម្រើ​ផលប្រយោជន៍​ប្រជាជន​ទូទៅ​។​ ​ចំពោះមុខ​ទំនិញ​ជា ម៉ាស់​ការពារ​មុខ អាល់កុល​លាងដៃ ចាហួយ​ជាតិ​អាល់កុល​លាងដៃ និង​ឧបករណ៍​ស្ទង់​កំដៅ អ្នកលក់​ត្រូវ​លើក​ស្លាក​ថ្លៃ​ជា​ប្រាក់រៀល ដែលមាន​ទំហំ​ធំ អាចឲ្យ​សាធារណជន​មើលឃើញច្បា​ស់​ពី​ចំងាយ​។​

​ក្រសួងពាណិជ្ជកម្ម​សង្កត់ធ្ងន់ថា នឹង​ចាត់​មន្ត្រី​ជំនាញ ចូលរួម​សហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ចុះ​ស្រាវជ្រាវ ត្រួតពិនិត្យ គុណភាព សុវត្ថិភាព និង​ថ្លៃទំនិញ ព្រមទាំង​អនុវត្ត នូវ​វិធានការ​តាម​ផ្លូវច្បាប់ ក្នុងករណី​រកឃើញ​ជ​ន​ខិលខូច ដែល​ឆ្លៀតឱកាស​លក់ទំនិញ​ឡើងថ្លៃ កេងចំណេញ​ហួសហេតុ​។​

​ក្រសួង​សង្ឃឹម​យ៉ាង​មុតមាំ​ថា សាធារណជន ម្ចាស់​ហាង​លក់ទំនិញ អាជីវករ និង​អ្នកលក់ដូរ​ទំនិញ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត (Online) ទាំងអស់ ចូលរួម​អនុវត្ត តាម​សេចក្តីអំពាវនាវ​នេះ ដើម្បី​អនុវត្ត​ច្បាប់​ជា​ធរមាន និង​បង្ហាញ​ពី​ស្មារតី​សាមគ្គី​ជាតិខ្មែរ ក្រោម​ដំបូល​សន្តិភាព ដែល​យើង​កំពុង​ទទួលបាន​៕

ព័ត៌មានផ្សេងទៀត