សំណង់ឈើអាយុជិត១០០០ឆ្នាំ ត្រូវប្រទះឃើញនៅបាតស្រះខាងជើងប្រាសាទអង្គរវត្ត

27-03-2020 4:22 pm 445

រចនាសម្ព័ន្ធសំណង់ឈើដ៏ល្អឆ្នើមមួយ រួមនឹងបដិមានៃព្រហ្មមញ្ញសាសនា១អង្គ ត្រូវបានអាជ្ញាធរអប្សរាប្រទះឃើញ ក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យានៅបាតស្រះខាងជើងប្រាសាទអង្គរវត្ត។ ការរកឃើញនេះ ត្រូវបានបុរាណវិទូនៃអាជ្ញាធរអប្សរាអះអាងថា ជាប្រវត្តិសាស្ត្រដំបូងនៅអង្គរដែលបានរកឃើញសំណង់ឈើនិងបដិមាដូច្នេះ ហើយនេះជាអាថ៌កំបាំងដ៏អស្ចារ្យ ទាក់ទងនឹងការកសាងស្រះទឹក រួមទាំងស្ថាបត្យកម្មនៃសំណង់អង្គរវត្ត ជំនឿ និងការរស់នៅឥតដាច់របស់ប្រជាជន តាំងពីសតវត្សរ៍ទី១២ មកដល់សព្វថ្ងៃ។ នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរអប្សរា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។

បើតាមលោក អ៊ឹម សុខរិទ្ធី អ្នកបុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ បានឱ្យដឹងថា រចនាសម្ពន្ធសំណង់ឈើដែលបានប្រទះឃើញនេះស្ថិតនៅចំកណ្តាលនៃស្រះ ដែលមានអាយុកាលជិត១ពាន់ឆ្នាំហើយតែនៅមានទ្រង់ទ្រាយល្អដូចដើម និងមានការបញ្ចុះបានយ៉ាងត្រឹមត្រូវ ដោយមានស្រទាប់ខ្សាច់ ស្រទាប់ថ្ម ស្រទាប់កំណករុក្ខជាតិ និងធញ្ញជាតិ ស្រទាប់សត្វសមុទ្រ និងបំណែកកុលាលភាជន៍ជាច្រើនសម័យកាល ដែលបានរៀបចំយ៉ាងស្អាតប្រកបដោយគំនិតសិល្បៈ លាយបញ្ចូលនឹងជំនឿ ព្រោះមានមានតម្កល់បដិមានៃព្រហ្មមញ្ញសាសានា១អង្គផងដែរ។ 

អ្នកបុរាណវិទូនៃអាជ្ញាធរអប្សរា បន្តឲ្យដឹងទៀតថាការរកឃើញនេះ ជាប្រវត្តិសាស្ត្រនៃការស្រាវជ្រាវដំបូងហើយ ដែលបានប្រទះឃើញនូវសំណង់ឈើមានស្នាដៃល្អស្អាត និងព្រះមួយអង្គនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ នេះក៏ជាភស្តុតាងវិទ្យាសាស្រ្តស្រាវជ្រាវបែបបុរាណវិទ្យា ដែលបានបំពេញបន្ថែមទៅលើព័ត៌មានកន្លងមកដែលយើងពឹងផ្អែកការសិក្សាស្រាវជ្រាវលើសិលាចារឹក បដិមាសាស្រ្ត ប្រវត្តិសិល្បៈ ដែលបង្ហាញនូវអាថ៌កំបាំងយ៉ាងធំមួយទាក់ទងនឹងប្រវត្តិនៃការកសាងស្រះទឹក សំណង់ប្រាសាទអង្គរវត្ត បរិស្ថានធម្មជាតិ និងការរស់នៅរបស់មនុស្ស ដែលបង្ហាញឱ្យដឹងថា អង្គរមិនមានការបោះបង់ចោលនោះទេ គឺមានមនុស្សរស់នៅទីនេះមិនដាច់តាំងពីសម័យកសាងរហូតដល់សម័យទំនើប៕

ព័ត៌មានផ្សេងទៀត