លោក ស ខេងដាក់ចេញបទបញ្ជា ៤ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

27-03-2020 2:03 pm 382
  ស្តាប់
ស្តាប់ជាសំឡេង

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បានដាក់ចេញនូវបទបញ្ជាចំនួន ៤ដើម្បីទប់ស្កាត់ និងកាត់បន្ថយឱ្យបានជាអតិបរមានូវគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ដោយសម្រេចប្រកាស រឹតបន្តឹងការអនុវត្តច្បាប់ស្តីចរាចរណ៍ផ្លូវគោក ចាប់ពីឆ្នាំ២០២០ នេះតទៅ។

លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់ចេញនូវបទបញ្ជាដូចខាងក្រោម ៖

ទី១៖ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់មេត្តាយោគយល់ចំពោះការប្រកាន់យកវិធានការច្បាប់ដ៏តឹងរ៉ឹង ចំពោះបទល្មើសចរាចរណ៍ ផ្លូវគោក។ដើម្បីចៀសវាងពីការប្រឈមចំពោះផ្លូវច្បាប់ ដោយត្រូវគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានល្អខ្ជាប់ខ្ជូន ដើម្បីការពារអាយុជីវិត ដើម្បីភាពសុខដុមរមនា ក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិ និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរបស់ប្រទេសជាតិ។

ទី២៖ក្រសួង-ស្ថាប័នពាក់ព័ន្ធអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ នានា បន្តអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក និងកម្រិតនៃការពិន័យអន្តរការណ៍ចំពោះអំពីល្មើសទៅនឹងច្បាប់ស្តីពីចរាចរណ៍ជាប់ជាប្រចាំ។

ទី៣៖ដាក់ចេញនូវបទបញ្ជាដល់ថ្នាក់ដឹកនាំ នឹងមន្ត្រីនគរបាលចរាចរណ៍ទូទាំងប្រទេសត្រូវរឹតបន្តឹងការអនុវត្តច្បាប់ស្តីប្រកបដោយភាពម៉ឺងម៉ាត់ដាច់ខាត មិនយោគយល់ និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវទៅតាមនិតិវិធីច្បាប់នូវរាល់បទល្មើសចរាចរណ៍ផ្លូវគោកប្រកបដោយតម្លាភាព ស្មើរភាព នឹងមិនរើសអើងហើយត្រូវសហការស្រាវជ្រាវតាមចាប់ខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដែលគេចខ្លួន យកមកផ្តន្ទាទោសតាមច្បាប់ឱ្យបានជាដាច់ខាត។

ទី៤ ៖ថ្នាក់ដឹកនាំនគរបាលចរាចរណ៍ត្រូវរៀបចំផែនការសកម្មភាព និងរៀបចំកម្លាំង ដើម្បីតាមដាន ពិនិត្យ និងគាំទ្រប្រតិបត្តិការអនុវត្តច្បាប់របស់មន្ត្រី នគរបាលចរាចរណ៍ក្រោមឱវាទរបស់ខ្លួន ដើម្បីធានាអំពីភាពត្រឹមត្រូវនៃការអនុវត្តច្បាប់របស់មន្ត្រីនគរបាលចរាចរណ៍ទាំងអស់ ព្រមទាំងត្រូវពង្រឹងអាកប្បកិរិយា សីលធ៌ វិន័យ ឱ្យស័ក្តិសមជាមន្ត្រី អនុវត្តច្បាប់ប្រកបដោយគុណធម៌ និងមនសិកាវិជ្ជាជីវៈ។ត្រូវផ្តល់រង្វាន់តាមដានកំណត់របស់រដ្ឋជាមួយការលើកសរសើរចំពោះអង្គភាព និងមន្ត្រីមានស្នាដៃនិងត្រូវដាក់វិន័យឱ្យបានម៉ឺងមាត់ចំពោះមន្ត្រីអសកម្មឬ មន្ត្រីដែលប្រព្រឹត្តផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈ៕ 

 

ព័ត៌មានផ្សេងទៀត