លោក ស ខេងណែនាំឱ្យយកចិត្តតាមដានសុខភាពពលករខ្មែរមកពីក្រៅប្រទេស

27-03-2020 1:55 pm 180
  ស្តាប់
ស្តាប់ជាសំឡេង

លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់ការណែនាំដល់អភិបាលរាជធានី-ខេត្តទាំងអស់ត្រូវ បន្តយកចិត្តទុកដាក់ ដោយត្រូវធ្វើតារាងលម្អិត បញ្ជាក់ ពីភូមិ -ឃុំ ដែលពលរកមកពីក្រៅប្រទេសរស់នៅ ភេទ អាយុជាក់លាក់របស់ពួកគាត់ ព្រមទាំងតាមដានស្ថានភាពសុខភាពឱ្យបានលម្អិត និងច្បាស់លាស់។ លោកណែនាំបែបនេះ ក្នុងពិធីផ្សព្វផ្សាយ ស្ដីពីការពិន័យអន្តការណ៍ចំពោះអំពើល្មើសនិងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានណែនាំបន្ថែមដល់ អភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវចាត់ទុកកន្លែងដែលពលរកត្រឡប់មកពីបរទេសវិញ ជាកន្លែងក្តៅ ជាគោលដៅក្តៅ ដែលត្រូវតែតាមដាន យកចិត្តទុកដាក់មើលការប្រែប្រួលសុខភាពរបស់គាត់ ព្រោះពួកគាត់អាចម្លង ទៅអ្នកដទៃច្រើនទៀត ដោយអ្នកជំងឺម្នាក់ អាចម្លងទៅមនុស្សច្រើននាក់ផ្សេង ។

ក្រៅពីនេះ ត្រូវយកចិត្តទុកដាក់ឃោសនាឱ្យបានច្រើន តាមវិធានទាំងឡាយដែលក្រសួងសុខាភិបាលបានណែនាំ ដោយប្រើប្រាស់មេក្រូចាក់តាម ម៉ូតូ រម៉ក់ ឡាន ទន្ទឹមនឹងនេះ ត្រូវរាយការណ៍ជាបន្ទាន់ ទៅក្រសួងសុខាភិបាល ប្រសិនបើមានពលរដ្ឋ ណាម្នាក់មានសុខភាពមិនល្អ ។

គួរបញ្ជាក់ថា មកដល់ពេលនេះប្រជាពលរដ្ឋដែលជាពលករមកពីថៃ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ មីនា ឆ្នាំ២០២០ គឺមានចំនួន៤០៣៧៤នាក់(ស្ត្រី១៦៧៦២នាក់ )ខេត្តបន្ទាយមានជ័យជាង១ម៉ឺនាក់ ខេត្តបាត់ដំបង់ជាង៧៦០០នាក់ ខេត្តកំពង់ចាមជាង ១៨០០នាក់ ខេត្តកំពង់ឆ្នាំង ៧៤៧នាក់ ខេត្តកំពង់ស្ពឺ ៤២៥ នាក់ ខេត្តកំពង់ធំ២៨៨១នាក់ ខេត្តកំពត ៥៨៧នាក់ ខេត្តកណ្តាល១២៩១នាក់ ខេត្តកោះកុង ១២១នាក់ ខេត្តក្រចេះ១៦៦នាក់ ខេត្តមណ្ឌលគិរី១២នាក់ រាជធានីភ្នំពេញ១៩៨ នាក់ ខេត្តព្រះវិហា២៦៦នាក់ ខេត្តព្រៃវែង ២១៥៦នាក់ ខេត្តពោធិ៍សាត់៩៥៥ នាក់ ខេត្តរតនគិរី ២០នាក់ ខេត្តសៀមរាប ៦៥៨២នាក់ ខេត្តព្រះសីហនុ១០២នាក់ ខេត្តស្ទឹងត្រែង ៨២នាក់ ខេត្តស្វាយរៀង ៣៣៥នាក់ ខេត្តតាកែវ ១១១៣នាក់ ខេត្តឧត្តរមានជ័យ ៦៥៩នាក់ ខេត្តកែប៤០នាក់ ខេត្តប៉ៃលិន ៣០៥នាក់ ខេត្តត្បូងឃ្មុំ១៤៩២នាក់៕ 

ព័ត៌មានផ្សេងទៀត