ក្រុមគ្រូពេទ្យកងទ័ពចិនចាប់ផ្ដើមបង្ហាត់បង្រៀនក្រុមគ្រូពេទ្យកងទ័ពកម្ពុជានៅថ្ងៃនេះ

27-03-2020 10:35 am 300

លោកឧបនាយករដ្ឋមន្រ្ដីទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកវ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី២៦ ខែមីនា បានជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ នៃកងទ័ពរំដោះប្រជា​​ជនចិនទាំង៤នាក់ ដែលបានមកដល់ប្រទេសកម្ពុជាកាលពីអង្គារកន្លងទៅ។ នេះបើតាមការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុក របស់នាយកដ្ឋានព័ត៌មាន នៃអគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ។

លោកវរសេនីយ៍ឯកពិសេសជាង ជែហ្វូ ប្រធានក្រុមគ្រូពេទ្យអ្នកជំនាញវេជ្ជសាស្ត្រប្រយុទ្ធប្រឆាំងវីរុសកូវីដ-១៩ បានឲ្យដឹង ថា គ្រូពេទ្យទាំង៤រូបនេះ រួមមាន៖សាស្ត្រាចារ្យ៣រូប សាស្ត្រាចារ្យរង១រូប មានជំនាញជំងឺឆ្លងសម្លាប់មេរោគ រកមេរោគ បង្ការ និងមានភារកិច្ចស្រាវជ្រាវហ្វឹកហ្វឺនបច្ចេកទេស ហើយក្នុងពេលដំណើរការក្រុមការងារនេះ បានរៀបចំផែនការគ្រប់ជ្រុងជ្រោយទាំងឧបករណ៍ សម្ភារៈ និងមធ្យោបាយគ្រប់ប្រភេទ តភ្ជាប់​ពីជួរមុខដល់ជួរក្រោយ។

លោកថា ចំពោះវិធានការដែលត្រូវបង្ហាត់បង្រៀន ក្រុមគ្រូពេទ្យបង្គោលក្នុងកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះរួមមានទី១៖គ្រប់គ្រងអ្នកឆ្លងវីរុសកូវីដ-១៩ឲ្យមានវិធីសាស្ត្រល្អ ដាក់ដោយ​ឡែក ស្វែងរកអ្នកប្រាស្រ័យទំនាក់ទំនង ដើម្បីធ្វើការវិនិច្ឆ័យបន្ត។ ទី២៖កាត់ផ្តាច់ការចម្លងបន្តកុំឲ្យមានការកើនឡើង ការពារផ្ទាល់ខ្លួនតាមរយៈពាក់ម៉ាស និងថែរក្សាអនាម័យជាប់ជាប្រចាំ និងទី៣៖ មានវិធានការការ​ពារមន្ត្រីជួរមុខ នោះគឺក្រុមគ្រូពេទ្យព្យាបាលជំងឺឆ្លងវីរុសកូវីដ-១៩ តាមរយៈប្រើប្រាស់ឧបករណ៍ សម្ភារៈ និងមធ្យោបាយគ្រប់ប្រភេទតាមលក្ខណៈបច្ចេកទេស។

ចំណែកលោកវ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះវីរុសកូវីដ-១៩ កំពុងរីករាលដាលពាសពេញពិភពលោក។ ប៉ុន្តែកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិនបានរួមចិត្តតែមួយ គៀកស្មាគ្នា ដើម្បីប្រយុទ្ធប្រឆាំងវីរុសមួយនេះនៅកម្ពុជា ពីព្រោះរដ្ឋាភិបាលប្រជាជន និងកងទ័ពចិនមិនអាចបំភ្លេចបានឡើយ នៅពេលដែលកម្ពុជាជួបការលំបាក នូវការរីករាលដាលជំងឺបង្កឡើងដោយវីរុសកូវីដ-១៩នេះ ដូចនេះយើងត្រូវស្រលាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក។

លោកថា នាពេលកន្លងមក នៅពេលប្រទេសចិន ជួបការលំបាកដោយសារការរីករាលដាលវីរុសកូវីដ-១៩នេះ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិកម្ពុជា បានជួយឧបត្ថម្ភជាសម្ភារៈ បរិក្ខារពេទ្យ និងគាំទ្រយ៉ាងពេញទំហឹងជូនដល់មិត្តចិន រហូតមកដល់ពេលនេះ ការប្រយុទ្ធប្រឆាំងជំងឺបង្កឡើងដោយវីរុសកូវីដ-១៩ នៅប្រទេសចិនទទួលលទ្ធផលគួរជាទីមោទនៈ ដូចនេះប្រទេសចិននឹងមកជួយដោះស្រាយជាមួយមិត្តកម្ពុជាវិញ តាមរយៈការជួយឧបត្ថម្ភជាសម្ភារៈប្រយុទ្ធប្រឆាំងវីរុសនេះមួយចំនួនធំ និងបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រស៊ីវិល និងកងទ័ពមកជួយកកម្ពុជាផងដែរ។

លោកបានបញ្ជាក់បន្ថែមថា ក្រុមឯកទេសបង្ការ និងទប់ស្កាត់វីរុសកូវីដ-១៩ របស់កងទ័ពចិនភាគច្រើនគឺមកពីបណ្ឌិតសភាស្រាវជ្រាវវេជ្ជសាស្ត្រយោធាចិន ដែលជាស្ថាប័នមួយបានបង្កើតវ៉ាក់សាំងការពារជំងឺអេបូឡាដំបូង​បង្អស់នៅលើពិភពលោក ទទួលបានជោគជ័យ។ នាពេលថ្មីៗនេះ ក៏បានបង្កើតវ៉ាក់សាំងការពារវីរុសកូវីដ-១៩ ប្រកបដោយជោគជ័យ បច្ចុប្បន្នវ៉ាក់សាំងនេះបានដាក់ចូល ក្នុងការសាកល្បងព្យាបាលផងដែរ។

ក្នុងពិធីសំណេះសំណាលនេះលោកទៀ បាញ់ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ប្រជាជន កងទ័ពរំដោះប្រជាជនចិន ដែលមានសន្តានចិត្តដ៏ល្អប្រពៃ បញ្ជូនក្រុមគ្រូពេទ្យចិន មកចូលរួមប្រយុទ្ធប្រឆាំងនឹងការរីក​រាលដាលវីរុសកូវីដ-១៩នៅកម្ពុជានាពេលនេះ។ ការងារនេះ បានផ្តួចផ្តើមឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយមិត្តចិន មិត្តដែកថែក មិត្តអមតៈ ដែលជាផ្លែផ្កាកើតចេញពីទំនាក់ទំនងជាប្រពៃណី ចំណងមិត្ត​ភាព កិច្ចសហប្រតិបត្តិការស៊ីជម្រៅ និងយុទ្ធសាស្ត្រគ្រប់ជ្រោយ រវាងមេដឹកនាំនៃប្រទេសទាំង២។

លោកទៀ បាញ់ បានសង្កត់ធ្ងន់ថា វត្តមានក្រុមគ្រូពេទ្យកងទ័ពរំដោះប្រជាជនចិននៅកម្ពុជានាពេលនេះ បានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យកម្ពុជាខិតខំសិក្សា ដកស្រង់ចែករំលែកបទពិសោធន៍ សំដៅលើកកម្ពស់សមត្ថភាពក្រុមគ្រូពេទ្យកម្ពុជា ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាល និងការព្យាបាលវីរុសកូវីដ-១៩ជួយសង្គ្រោះអាយុជីវិតដល់ប្រជាជនកម្ពុជា ។

សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ រដ្ឋាភិបាលចិនបានបញ្ចូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រ៧រូប រួមជាមួយឧបករណ៍ សម្ភារៈពេទ្យមួយចំនួន បានមកដល់ប្រទេសកម្ពុជា ដែលជាក្រុមអ្នកជំនាញប្រឆាំងវីរុសកូវីដ-១៩ដំបូង ដែលប្រទេសចិនបានបញ្ជូនចេញទៅបេសកកម្ម នៅតំបន់អាស៊ីអាគ្នេយ៍។

រីឯនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ក្រុមអ្នកជំនាញវេជ្ជសាស្ត្រនៃកងទ័ពរំដោះប្រជាជនចិនចំនួន៤រូប ដឹកនាំដោយលោកវរសេនីយ៍ឯកពិសេសជាង ជែហ្វូ ដែលជាក្រុមគ្រូពេទ្យកងទ័ពចិន មានសមត្ថភាពពោរពេញដោ​យបទពិសោធន៍ខ្ពស់ បានបំពេញបេសកកម្មទៅក្រៅប្រទេសជាច្រើនដង ដូចជា៖ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិជាដើមនោះ បានមកដល់ប្រទេសកម្ពុជា ដោយក្រុមនេះបានចូលរួមក្នុងការស្រាវជ្រាវនៅនឹងកន្លែងផ្ទាល់ ដែលមានការឆ្លងកាត់ក្នុងស្ថានភាពធ្ងន់ធ្ងរ ក្នុងប្រទេសចិនអស់ជាច្រើនលើកមកហើយ៕ 

ព័ត៌មានផ្សេងទៀត