ឱសថ​ស្ថាន និង​កន្លែង​លក់​ម៉ាស​ទាំងអស់ ត្រូវ​ដាក់​តម្លៃ​ទំនិញ​ជា​អក្សរ​ខ្មែរ​ឲ្យបាន​ធំៗ​

27-03-2020 10:16 am 1904

​ក្រសួង​ពាណិជ្ជកម្ម បាន​សម្រេច​ឲ្យ​ឱសថ​ស្ថាន និង​កន្លែង​លក់​ម៉ាស ទឹក​អាកុល​លាងដៃ​ទាំងអស់ ត្រូវតែ​ដាក់​តម្លៃ​ទំនិញ​ទាំងអស់នោះ ជា​អក្សរ​ខ្មែរ​ឲ្យបាន​ធំៗ ដើម្បី​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​សម្រេចចិត្ត​ទិញ ក្នុង​ស្ថានភាព​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​។  

​ការដាក់ចេញ​វិធានការ​នេះ ដើម្បី​ឲ្យ​ជា​ពលរដ្ឋ​ទទួលបាន​ព័ត៌មាន​ច្បាស់លាស់​អំពី​តម្លៃ ម៉ាស ទឹក​អាកុល​លាងដៃ និង​សម្ភារ​ចាំបាច់​មួយ​ចំនួន​ទៀត ដែល​មិន​អាច​ឲ្យ​ឱសថស្ថាន ឬ​កន្លែង​លក់​សម្ភារ​ទាំងនោះ កំណត់​ថ្លៃ​ស្រេច​តែ​ចិត្ត ឬ​លក់​ក្នុង​តម្លៃ​ខ្ពស់​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម ប្រាប់​ដល់​សារព័ត៌មាន​ក្នុងស្រុក កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា​។​

​អ្នកនាំពាក្យ​រូប​នេះ​បន្តថា ការ​ដាក់​តម្លៃ​លក់​ម៉ាស និង​ទឹក​អាកុល​លាងដៃ​នេះ ក៏​នឹង​ជួយ​ឲ្យ​អ្នក​លក់​តាម​អនឡា​ញ មិន​ហ៊ាន​លក់​តម្លៃ​ស្រេច​តែ​ចិត្ត​ផង​ដែរ ដែល​នេះ​ជា​ផលចំណេញ​ចំពោះ​អ្នក​ប្រើប្រាស់​។​

​លោកនាយក​រដ្ឋមន្ត្រី ថ្លែង​ក្នុង​ពិធី​ជួប​សំណេះ​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ កាលពី​ថ្ងៃ​ទី​២៥ ខែ​មីនា មានប្រសាសន៍ថា រដ្ឋាភិបាល​នឹង​រឹបអូស​យក​ម៉ាស ទៅ​ចែក​ប្រជាពលរដ្ឋ និង​បិទ​មិន​ឲ្យ​រកស៊ី​អស់​មួយជីវិត ចំពោះ​ឱសថស្ថាន​ណា ដែល​លក់​ម៉ាស​ថ្លៃ​ហួសហេតុ​។​

​ពាក់ព័ន្ធ​នឹង​ការ​មិន​អាច​កំណត់​តម្លៃ​ម៉ាស នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​ក្រសួង​ពាណិជ្ជកម្ម បញ្ជាក់ថា ដោយសារ​តែ​កម្ពុជា គ្មាន​រោងចក្រ​ផលិត​ម៉ាស​ដូច​ប្រទេស​ដទៃ គឺ​ត្រូវការ​នាំចូល​ជា​ចាំបាច់ ដូច្នេះ​មាន​ផលវិបាក ក្នុង​ការកំណត់​នូវ​តម្លៃ​នេះ​៕

ព័ត៌មានផ្សេងទៀត