កម្ពុជា​រកឃើញ​​ករណី​ឆ្លង​ថ្មី​​វីរុស​កូវី​ដ​-១៩​ពីរ​នាក់​​ទៀត​​សរុប​កើន​ដល់​៩៨​នាក់​

27-03-2020 3:39 am 718

​តាមរយៈ​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ចេញ កាលពី​យប់​ថ្ងៃទី​២៦ ខែ​មីនា បានឲ្យដឹងថា កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូវី​ដ​-១៩​ចំនួន​០២​ករណី​បន្ថែមទៀត គឺ​បុរស​ជនជាតិ​ឥណ្ឌូនេស៊ី​ទាំង​០២​នាក់​ស្ថិតក្នុង​ខេត្ដ​សៀមរាប​។ បុរស​ទាំងពីរ​នាក់​បាន​ធ្វើតេស្ដ​នៅ​មន្ទីរពេទ្យ​ផាយ៉ា​ថៃ​ទីក្រុង​បាងកក ឃើញ​វិជ្ជមាន​វីរុស​កូវី​ដ​-១៩ តែដោយសារ​សាមីខ្លួន​មិនមាន​ថវិកា​បង់ថ្លៃ​ពេទ្យ​នៅ​ទីនោះ ពួកគេ​ក៏បាន​ធ្វើដំណើរ​មក​ព្យាបាល​នៅ​ប្រទេស​កម្ពុជា​។ ក្រុមការងារ​មន្ទីរ​សុខាភិបាល​ខេត្ដ​សៀមរាប បាន​យក​វត្ថុ​សំណាក​បុគ្គល​ទាំងពីរ​ខាងលើ ទៅ​វិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ម្ដងទៀត ក៏​ទទួលបាន​លទ្ធផល​វិជ្ជមាន​វ​វីរុស​កូវី​ដ​-១៩​ដែរ​។​

​ដោយឡែក​ក្រុមការងារ​មន្ទីរ​សុខាភិបាល​ខេត្ដ​សៀមរាប ក៏បាន​រកឃើញ​មនុស្ស​៣៤០​នាក់ ដែល​បាន​ប៉ះពាល់​ដោយ​ប្រយោល​ជាមួយ​អ្នកទេសចរ​ជនជាតិ​បារាំង​នៅ​ខេត្ដ​ព្រះសីហនុ​។ បច្ចុប្បន្ន​ពួកគេ​ស្ថិតនៅក្រោម​ការតាមដាន​សុខភាព របស់​មន្ទីរ​សុខាភិបាល​ខេត្ដ​សៀមរាប​ក្នុង​រយៈពេល​១៤​ថ្ងៃ​។ ក្រៅពីនេះ​នៅ​រាជធានី​ភ្នំពេញ​វិញ មាន​បុរស​ជនជាតិ​ស៊ុយអែត​ម្នាក់​អាយុ​៣៤​ឆ្នាំ បាន​មកសុំ​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​សម្រាប់​ការធ្វើដំណើរ នៅ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​-​សូ​វៀត មាន​លទ្ធផល​វិជ្ជមាន​វីរុស​កូវី​ដ​-១៩​។ តែ​មុន​ចេញ​លទ្ធផល​បុរស​រូបនេះ​បាន​ចាកចេញ​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ថៃ កាលពី​យប់​ថ្ងៃទី​២៥​មីនា​នៅ​ម៉ោង​៦​ល្ងាច​។ ដូច្នេះ​ក្រសួងសុខាភិបាល​មិន​រាប់បញ្ចូល​ជា​ករណី​ថ្មី​ព្យាបាល​នៅ​ប្រទេស​កម្ពុជា​ទេ​។​

​យ៉ាងណាមិញ​ ក្រៅពី​ករណី​ឆ្លង​ថ្មី​ជា​ជនជាតិ​ឥណ្ឌូនេស៊ី ក៏មាន​ករណី​ជាសះស្បើយ​ម្នាក់ទៀត​ជា​បុរស​ជនជាតិខ្មែរ​អាយុ​៥៧​ឆ្នាំ ដែល​សម្រាក​ព្យាបាល​នៅ​ខេត្ដ​កោះកុង បាន​ធ្វើតេស្ដ​អវិជ្ជមាន​ចំនួន​ពីរលើក​។ សរុបមក​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៧​មីនា​នេះ ករណី​វិជ្ជមាន​វីរុស​កូវី​ដ​-១៩​នៅ​កម្ពុជា មាន​ទាំងអស់​ចំនួន​៩៨​នាក់ ស្រី​២៥​នាក់​និង​ប្រុស​៧៣​នាក់ ក្នុងនោះ​បាន​ជាសះស្បើយ​ចំនួន​១១​នាក់​។​

​អ្នក​ទាំង​៩៨​នាក់​នោះ មាននៅ​រា​ធានី​ភ្នំពេញ ១៣​នាក់ ខេត្ត​ព្រះសីហនុ​​៣៦​នាក់ ខេត្តសៀមរាប​៥​នាក់ ខេត្ត​កំពង់​ចា​មាន​១៥​នាក់ ខេត្តបាត់ដំបង​មាន​៨​នាក់ ខេត្តព្រះវិហារ​មាន​២ បន្ទាយមានជ័យ​មាន​២​នាក់ ខេត្តកំពង់ឆ្នាំង​មាន​៣​នាក់ ខេត្តកំពត​មាន​២​នាក់ ខេត្ត​ត្បូងឃ្មុំ​មាន​ចំនួន​៤​នាក់ ខេត្ត​កែប​មាន​៤​នាក់ ខេត្ត​កោះកុង​២ និង​ខេត្តកណ្តាល​មាន​ចំនួន​២​នាក់​។​

សូមបញ្ជាក់ថា នៅក្នុងចំណោមទាំង​៩៨​នាក់ មាន​១១​នាក់​បាន​ជាសះស្បើយផងដែរ រួមមាន​ជន​ជាតិចិន​១​នាក់ ជនជាតិ​អង់គ្លេស​១​នាក់ និង​ជនជាតិខ្មែរ​ចំនួន​៩​នាក់ ដែល​ត្រូវ​បាន​អនុញ្ញាតឲ្យ​ចេញពី​មន្ទីរពេទ្យ​ហើយ​៕

 ពាក្យគន្លឹះ  កម្ពុជាវីរុសកូវីដ-១៩

ព័ត៌មានផ្សេងទៀត