ព្រះមហាក្សត្រ​ម៉ាឡេស៊ី​និង​អគ្គមហេសី គង់​ដាច់ដោយឡែក ក្រោយ​មន្ត្រី​វាំង​៧​នាក់​បាន​ផ្ទុក​វីរុស​កូរ៉ូណា​

26-03-2020 5:56 pm 379
ព្រះមហាក្សត្រ​ម៉ាឡេស៊ីព្រះ​ចៅSultan Abdullah Sultan Ahmad Shahនិង​អគ្គមហេសី

ព្រះមហាក្សត្រ​ម៉ាឡេស៊ី ព្រះ​ចៅ Sultan Abdullah Sultan Ahmad Shah និង​អគ្គមហេសី បាន​រក្សា​ព្រះកាយ​នៅ​ដាច់ដោយឡែក រយៈពេល​១៤​ថ្ងៃ បន្ទាប់ពី​មន្ត្រី​នៃ​ព្រះបរមរាជវាំង​ចំនួន​៧​នាក់ ធ្វើតេស្ត​វិជ្ជមាន​នៃ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​។ ព្រះមហាក្សត្រ​និង​អគ្គមហេសី ក៏បាន​រាជានុញ្ញាត​ឲ្យ​គ្រូពេទ្យ​ធ្វើតេស្ត នៅក្នុង​ព្រះបរមរាជវាំង Istana Negara​ផងដែរ ដោយ​លទ្ធផល​អវិជ្ជមាន​នៃ​វីរុស​កូរ៉ូណា ប៉ុន្តែ​ទ្រង់​នៅតែ រក្សា​ព្រះកាយ​ដាច់ដោយឡែក​២​សប្តាហ៍ ដើម្បី​តាមដាន​ព្រះរាជសុខភាព ។​

​ចំណែក​មន្ត្រី​វាំង​ទាំងអស់ ៧ នាក់ បច្ចុប្បន្នកំពុង​ទទួល​ការព្យាបាល នៅ​មន្ទីរពេទ្យ​ស្ថិតក្នុង​ទី​ក្រុងកូឡា​ឡាំ​ពួរ ហើយ​ស្ថានភាព​សុខភាព​ពុំមាន​អ្វី​ប្រែប្រួល​នៅឡើយ​ទេ​។ បច្ចុប្បន្ននេះ ក្រសួង​សុខាភិបាល កំពុង​តាម​កំណត់​អត្តសញ្ញាណ​ប្រភព នៃ​ការឆ្លង​ដល់​មន្ត្រី​នៅក្នុង​វាំង​។ សេចក្តីថ្លែងការណ៍​នៃ​ព្រះបរមរាជវាំង បាន​បញ្ជាក់ថា រាល់​មនុស្ស​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ ជាមួយ​មន្ត្រី​វាំង​ទាំង​៧​រូប ដែល​ធ្វើតេស្ត​វិជ្ជមាន​នៃ​វីរុស​កូរ៉ូណា ត្រូវបាន​ណែនាំ​ឲ្យធ្វើ​តេ​ស្តរក​វីរុស​កូរ៉ូណា និង​ដាក់​ខ្លួនឯង​នៅ​ដាច់ដោយឡែក​ពី​គេ រយៈពេល​១៤​ថ្ងៃ ដើម្បី​គ្រប់គ្រង​និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​កូរ៉ូណា​នៅ​ក្នុងព្រះបរមរាជវាំង​។​

​គួរ​ជម្រាបជូន​ដែរថា ម៉ាឡេស៊ី​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា ចំនួន​ប្រមាណ​ជិត ១,៨០០​នាក់ និង​ស្លាប់ ២១​នាក់​៕

ព័ត៌មានផ្សេងទៀត