កម្ពុជា​អនុញ្ញាត​ឲ្យ​ម៉ាឡេស៊ី​យក​យន្តហោះ​ដឹក​ពលរដ្ឋ​ខ្លួន​១១១​នាក់​ចេញពី​កម្ពុជា​

26-03-2020 4:17 pm 708

​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា បាន​សម្រេច​អនុញ្ញាត​ឲ្យ​ម៉ាឡេស៊ី បញ្ជូន​យន្តហោះ​ពិសេស​មួយ​គ្រឿង មក​ដឹក​ប្រជាពលរដ្ឋ​ខ្លួន ចំនួន​១១១​នាក់ ដែល​ជាប់​នៅ​ប្រទេស​កម្ពុជា ព្រោះ​គ្មាន​ជើងហោះហើរ​ត្រឡប់​ទៅវិញ​។ ស្របពេល​ជាមួយគ្នានេះ កម្ពុជា ក៏​បាន​ស្នើសុំ​ឲ្យ​ម៉ាឡេស៊ី ដឹក​ប្រជាពលរដ្ឋ​ខ្មែរ ចំនួន​៦​នាក់ ពី​ប្រទេស​ម៉ាឡេស៊ី តាម​ជើងហោះហើរ​មួយ​នេះ​ផងដែរ​។ នេះ​បើ​តាម​ការបញ្ជាក់​ឲ្យដឹង ពី​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ពលរដ្ឋ​ខ្មែរ​ទាំង​៦​នាក់ ដែល​វិល​ត្រឡប់​តាម​ជើងហោះហើរ​ពិសេស​របស់​ម៉ាឡេស៊ី​នេះ ត្រូវបាន​បញ្ជូន​ទៅ​ពិនិត្យ​សុខភាព​ភ្លាមៗ​ផងដែរ ដើម្បី​ធានា​សុវត្ថិភាព ក្រោយ​ពេល​មក​ដល់​កម្ពុ​ជា​។​

​យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី ក៏​បាន​ទូរស័ព្ទ​ថ្លែងអំណរគុណ ដល់​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការសម្រួល​មាតុភូមិ​និវត្តន៍​របស់​ពលរដ្ឋ​ម៉ាឡេស៊ី​នេះ​ផង​ដែរ​។ 

​គួរបញ្ជាក់​ថា ដោយសារតែ​ការរីក​រាលដាល នៃ​ជំងឺ​កូវី​ដ​១៩​នោះ ប្រទេស​ម៉ាឡេស៊ី បាន​សម្រេច​បិទ​ជើងហោះហើរ​ពី​គ្រប់​ប្រទេស​ទាំងអស់ ជាហេតុ​នាំ​ឲ្យ​ពលរដ្ឋ​ម៉ាឡេស៊ី​មួយចំនួន ត្រូវ​ជាប់​នៅក្នុង​ប្រទេស​កម្ពុជា គ្មាន​ជើងហោះហើរ​ត្រឡប់​ទៅ​វិញ​។​

​របាយការណ៍​បានបង្ហាញ​ថា ប្រទេស​ម៉ាឡេស៊ី កើត​មាន​ជំងឺ​កូវី​ដ​១៩ ជិត ២​ពាន់​ករណី​ហើយ ហើយ​មាន​មនុស្ស​ប្រមាណ​២០​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត ដោយសារ​តែ​ជំងឺ​នេះ​៕

ព័ត៌មានផ្សេងទៀត