ក្រសួងកសិកម្ម​​ណែនាំ​មន្ត្រី​​អនុវត្ត​វិធានការ​ចាំបាច់​​ឆ្លើយតប​បន្ទាន់​របស់​កម្ម​វិធី​និង​គម្រោង​អភិវឌ្ឍន៍​​

26-03-2020 4:08 pm 180

​នៅ​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២០​នេះ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចេញ​សេចក្តីណែនាំ ចំនួន ៤​ចំណុច​ដល់​មន្ត្រីក្រោមឱវាទ​ស្តីពី ការអនុវត្ត​វិធានការ ឆ្លើយតប​ជាបន្ទាន់​របស់​កម្មវិធី​និង​គម្រោង​អភិវឌ្ឍន៍​នានា ក្នុង​បរិបទ​នៃ​ការ​រាតត្បាត​ជា​សកល​នៃ​វីរុស​កូវី​ដ​-១៩​។​

​ដោយសារតែ ការរីក​រាលដាល​យ៉ាង​ឆាប់រហ័ស នៃ​ស្ថានភាព​វីរុស​កូវី​ដ​-១៩ នៅ​ទូទាំង​សកលលោក និង​ក្នុង​តំបន់ ដែល​អាច​នឹង​នាំឲ្យមាន​ផលប៉ះពាល់ ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ជាពិសេស​ប្រជាកសិករ នៅឯ​ទីជនបទ​។​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ បាន​ដាក់ចេញ​នូវ​សេចក្តីណែនាំ​ចំនួន ៤​ចំណុច​ដល់ ប្រធាន​អង្គភាព​ក្រោម​ឱវាទ និង​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រាជធានី ខេត្ត ឱ្យ​អនុវត្ត​ជាបន្ទាន់​នូវ​វិធានការ​ចាំបាច់​មួយ​ទាំងនោះ​។​

សេចក្តីណែនាំ​ទាំង ៤​ចំណុច​ដែល​ក្រសួងកសិកម្ម​បានដាក់​ចេញ​នោះ​រួមមាន​៖

១. ត្រូវអនុវត្ត​នូវ​សកម្មភាព​ចាំបាច់ ក្នុងស្ថានភាព​បន្ទាន់​ជា​ការឆ្លើយតប ដើម្បី​បង្កើន​ផលិតកម្ម​ស្បៀង ប្រកបដោយ​គុណភាព និង​សុវត្ថិភាព សំដៅ​រួមចំណែក បង្កើន​នូវ​ឱកាស​ការងារ និង​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ​នៅ​ជនបទ ក៏ដូចជា​ពលករ​ដែល​ទើបតែ​ត្រឡប់​ពី​បរទេស​វិញ​។​ ​ក្នុងន័យនេះ គឺ​ត្រូវ​ពិនិត្យ​សកម្មភាព​ឆ្លើយតប​បន្ទា​ន់​ក្នុង​គម្រោង ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក ដោយ​ការប្រើ​ប្រព័ន្ធ​សន្សំសំចៃ​ទឹក ការជួយ​ជីក​និង​ស្តារ​ស្រះ ត្រពាំង និង​អណ្តូង​ជាដើម ការអប់រំ​បណ្តុះបណ្តាល ណែនាំ​ផ្សព្វផ្សាយ​អំពី​បច្ចេកទេស ការអនុវត្ត​កសិកម្ម​ល្អ (GAP) និង​ការធ្វើ​ហិរញ្ញប្បទាន ដល់​ប្រជាកសិករ តាម​គ្រប់​រូបភាព​សំដៅ​ដល់​ការបង្កើត​កសិដ្ឋាន​ថ្មីៗ ព្រមទាំង​គាំទ្រ និង​ពង្រីក​ទំហំ​ផលិតកម្ម​ស្បៀង​ដែល​ឆាប់​ផ្តល់​ផល -​ល​-​។​

២. ត្រូវ​ពិនិត្យ​ខ្ទង់​ថវិកា ដែល​អាច​យកមកអនុវត្ត​សកម្មភាព​ឆ្លើយតប​ជាបន្ទាន់ ពន្លឿន​ការអនុវត្ត​កម្មវីធី និង​សកម្មភាព​ទូទាត់​ថវិកា ឲ្យបាន​ទាន់ពេលវេលា និង​កាត់បន្ថយ​នូវ​រាល់​ចំណាយ ដែល​មិនចាំបាច់​នានា​។​

៣. ស្នើសុំ​បន្ធូរបន្ថយ លើ​លក្ខខណ្ឌ​តម្រូវ​នៃ​ការស្នើសុំ​ថវិកា​បុរេប្រទាន​គម្រោង ការសម្រួល​នីតិវិធី​លទ្ធកម្ម និង​ការធ្វើ​វិភាជន៍​ថវិកា ដើម្បី​មានលទ្ធភាព​ពេញលេញ ក្នុង​ការអនុវត្ត​ការងារ​ដែល​កំពុងតែ​ចាំបាច់​។​

៤. ត្រូវ​ជំរុញ​ដល់​អង្គភាព និង​ភាគី​ពាក់ព័ន្ធ​ដែល​បានទទួល​ហិរញ្ញប្បទាន ពី​គម្រោង​ឲ្យមាន​វិធានការ​ផ្សព្វផ្សាយ និង​ពង្រីក​ទីផ្សារ​លក់​ផលិតផល ឲ្យ​កាន់​តែមាន​ភាព​សកម្ម និង​ខ្លាំងក្លា​ជាង​មុន​៕

ព័ត៌មានផ្សេងទៀត