មេដឹកនាំ​លើពិភពលោក​ជជែក​ពី​វិបត្តិ នៅពេល​វីរុសកូរ៉ូណាកំពុងរាតត្បាតពាសពេញពិភពលោក

26-03-2020 4:03 pm 343
កិច្ចប្រជុំលើកមុនរបស់មេដឹកនាំលើពិភពលោកមួយចំនួន

​មេដឹកនាំ​ធំៗ​នៅលើ​ពិភពលោក នៃ​ក្រុម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​២០(G20) បាន​ជួប​ពិភាក្សាគ្នា តាមរយៈ​វីដេអូ​ខន​ហ្វ័​រ​រេ​ន​នៅ​ថ្ងៃទី​២៦​ខែមីនា​នេះ ស្តីពី​វិបត្តិ ដែល​បង្កឡើង​ដោយសារតែ​ការវាយលុក​ជា​សាកល​នៃ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​។ ក្រៅពីនោះ​មេដឹកនាំ​មកពី​អង្គការ​អន្តរជាតិ ដូចជា អង្គការសហប្រជាជាតិ​,​ធនាគារពិភពលោក​,​អង្គការ​សុខភាព​ពិភពលោក​ហៅ​កាត់​ថា​WHO និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ហៅ​កាត់​ថា​WTO ក៏​ចូលរួម​ផងដែរ​។​

​ស្តេច​នៃ​ប្រទេស​អា​រ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់​មហា​ម៉េដ​ប៊ីន សាល​ម៉ាន​បាន​សរសេរ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា នៅពេល​ពិភពលោក​ប្រឈមមុខ​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត កូវី​ដ​-១៩ និង​បញ្ហា​ប្រឈម​ចំពោះ​ប្រព័ន្ធ​សុខាភិបាល និង​សេដ្ឋកិច្ចពិភពលោក យើង​បាន​កោះប្រជុំ​កំពូល G20 ដ៏​សំខាន់​មួយ​នេះ ដើម្បី​បង្រួបបង្រួម​កិច្ចខិតខំ​ប្រឹងប្រែង ឆ្ពោះទៅរក​ការឆ្លើយតប​ជា​សកល​។ 

​កិច្ចប្រជុំ​ដែលមាន​អា​រ៉ាប៊ីសាអូឌីតជា​ប្រធាន​ក្រុម​ពិភាក្សានេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការរិះគន់​ក្រុម​នេះ​យឺតយ៉ាវ​ក្នុង​ការដោះស្រាយ​វិបត្តិ ដោយ​ជំងឺ​នេះ​កំពុង​ហៀរ​ពាសពេញ​ពិភពលោក​ក្នុង​ល្បឿន​ដ៏​គួរឲ្យ​ភ័យខ្លាច ហើយ​ការព្រមាន​កំពុង​កើនឡើង លើ​ផលវិបាក​សេដ្ឋកិច្ច​។ វីរុស​កូរ៉ូ​ណាបាន​ផ្តាច់ជីវិ​តមនុស្ស​ជាង​២​ម៉ឺន​នាក់ និង​មនុស្ស​ជិត​កន្លះ​លាន​នាក់​ឆ្លង ខណៈ​មនុស្ស​៣​ពាន់​លាន​នាក់​ផ្សេងទៀត កំពុង​បង្ឃាំង​ខ្លួនឯង​នៅ​ក្នុងផ្ទះ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​។ ភាព​គ្មាន​ចលនា​ទាំង​មនុស្ស​ធ្វើការ​និង​សង្វាក់​ផលិតកម្ម​នានា​ត្រូវ​គាំង​លែង​ដំណើរការ ធ្វើឲ្យ​ក្រុម​សេដ្ឋវិទូ​បាន​និយាយថា ផលប៉ះពាល់​ដ៏​ធំធេង​អាច​បណ្តាលឲ្យ​មានវិ​បត្តិសេដ្ឋកិច្ចដ៏​សាហាវ​បំផុត នៅក្នុង​ប្រវត្តិសាស្ត្រ​នា​សម័យ​ទំនើប​នេះ​៕

 ពាក្យគន្លឹះ  វីរុសកូរ៉ូណា

ព័ត៌មានផ្សេងទៀត