ថៃ​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូវី​ដ​១៩​ចំនួន​១១១​នាក់​បន្ថែមទៀត​ហើយ​

26-03-2020 2:46 pm 565

ក្រសួង​សុខាភិបាល​ថៃ នៅ​ថ្ងៃ​ព្រហស្បត្តិ៍​នេះ​បាន​បញ្ជាក់​ថា​រកឃើ​ញក​រ​ណី​វិជ្ជមាន​វីរុស​កូវី​ដ​១៩(COVID-19)​ចំនួន ១១១​ករណី​បន្ថែមទៀត ដែល​នាំឲ្យ​ចំនួន​ករណី​វិជ្ជមានស​រុប​កើន​ដល់ ១,០៤៥​ករណី​ហើយ ខណៈ​ដែល​អ្នកស្លាប់​មាន​ចំនួន ៤​នាក់​ដដែល​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​ដោយ​កាសែត​Bangkok Post នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២០​។​

​បើ​តាម​លោក​អា​នុង​ភុង ស៊ូ​ឆា​រី​យ៉ា​គុន​(Anupong Suchariyakul) អ្នកឯកទេស​នៃ​នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​ថៃ បានបញ្ជាក់​ថា បច្ចុប្បន្ន​មាន​អ្នកជំងឺ​៩៥៣​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ ក្នុងនោះ​មាន​អ្នកជំងឺ ៤​នាក់​កំពុង​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ ទន្ទឹមនឹងនេះ​ដែរ​មាន​អ្នកជំងឺ ៨៨​នាក់​បាន​ជាសះស្បើយ និង​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ​ហើយ​។ លោក​បញ្ជាក់​បន្ថែមថា ភាគច្រើន​នៃ​អ្នក​ដែល​បាន​ឆ្លង​ស្ទើរតែ​ជា​អ្នក​ដែល​ធ្លាប់​បាន​ពាក់ព័ន្ធ​ជាមួយនឹង​ជន​បរទេស​។ លើសពី​នេះ​អ្នកជំងឺ​ជា​អ្នក​ធ្លាប់​បាន​ទៅ​ចូលរួម​ក្នុង​ចំណោម​មនុស្សម្នា​ច្រើន ពិសេស​កន្លែង​ប្រកួត​កីឡា​ប្រដាល់ និង​ទៅ​ពិធី​សាសនា​មួយ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។ លើសពីនេះ​លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ពិនិត្យ​សុខភាព​ជា​បន្ទាប់ បើ​មាន​ករណី​សង្ស័យ​ថា​ខ្លួន​អាច​នឹង​ឆ្លង​វីរុស​កូវី​ដ​១៩​។​

​គួរបញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​វីរុស​កូវី​ដ​១៩​សរុប​នៅក្នុង​ប្រទេស​ថៃ​ត្រូវបាន​បែងចែក​ជា​៣​ក្រុម រួមមាន​៖
​ក្រុមទី​១៖ មាន​មនុស្ស ២៩​នាក់ ដែល​បាន​ឆ្លង​ពី​អ្នកជំងឺ​ចាស់ៗ ក៏​ដូចជា​បាន​ទៅ​ប៉ះពាល់​ទី​កន្លែង​របស់​អ្នកជំងឺ ក្នុងនោះមានម្នាក់​ជា​អ្នក​ដែល​បាន​ទៅ​ចូលរួម​ក្នុង​ពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី​។​
​ក្រុមទី​២៖ មាន​មនុស្ស ១៩​នាក់ ក្នុងនោះ​មាន​មាន​ជនជាតិ​ថៃ​៥ និង​ជនបរទេស​ម្នាក់ ដែល​បាន​ត្រឡប់​មកពី​ក្រៅ​ប្រទេស​។ ក្រៅពី​នេះ​ជា​បុគ្គលិក​ពេទ្យ បុគ្គលិក​សណ្ឋាគារ និង​ជនបរទេស​ដែល​រស់នៅ​ក្នុង​ប្រទេស ដោយ​ឆ្លង​តាមរយៈ​ការទំនាក់ទំនង​ជាមួយ​នឹង​អ្នកជំងឺ​ដែល​បាន​លាក់បាំង​នូវ​ជំងឺ​របស់​ពួកគេ​។​
​ក្រុមទី​៣៖ មាន​៦៣​នាក់ ជា​មនុស្ស​ទើប​នឹង​ធ្វើ​តេស្ត​រក​ថា​បាន​ឆ្លង​វីរុស និង​កំពុង​តាមដាន​រក​ប្រភព​នៃ​ការឆ្លង​។​

​សូមជម្រាបថា គិត​មក​ទល់​ពេល​នេះ​វីរុស​កូវី​ដ​១៩ បាន​សម្លាប់​មនុស្ស​ជាង​២​ម៉ឺន​នាក់​ហើយ ព្រមទាំង​បាន​ចម្លង​ដល់​មនុស្ស​ជាង ៤៧​ម៉ឺន​នាក់​នៅ​ទូទាំង​ពិភពលោក​។ តែ​យ៉ាងណាមិញ​មាន​មនុស្ស​ប្រមាណ​ជាង ១១​ម៉ឺន​នាក់​បាន​ជាសះស្បើយ​ពី​វីរុស​ឆ្លង​ដ៏​សាហាវ​នេះ​ផងដែរ​។ ម្យ៉ាងទៀត​វីរុស​នេះ​បាន​រាលដាល​ដល់​ជាង ១៩០​ប្រទេស និង​ដែនដី​ហើយ​នៅ​ជុំវិញ​ពិភពលោក​៕​

ព័ត៌មានផ្សេងទៀត