ទូតកម្ពុជានៅអាមេរិក ប្រាប់ឲ្យសិស្ស-និស្សិតកម្ពុជាពន្យារពេលចូលប្រទេសជាបណ្តោះអាសន្ន

26-03-2020 2:13 pm 192

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បានជូនដំណឹងដល់សិស្ស និស្សិតកម្ពុជាទាំងអស់ ដែលកំពុងស្នាក់នៅរៀនសូត្រ នៅតាមបណ្ដាររដ្ឋនានាក្នុងសហរដ្ឋអាមេរិក ថារដ្ឋាភិបាលកម្ពុជាពុំមានផែនការជម្លៀសនិស្សិតឡើយ។ ការអំពាវនាវនេះ ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលនៃវីរុសឆ្លងកូវីដ១៩នៅកម្ពុជា ដោយផ្អែកលើហានិភ័យខ្ពស់នៃការធ្វើដំណើរតាមយន្តហោះ។

ការអំពាវនាវឱ្យសិស្សនិស្សិត ពន្យារពេលជាបណ្ដោះអាសន្ន នូវការធ្វើដំណើរទៅកាន់មាតុប្រទេសដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានស្នើសុំការយោគយល់ និងការសហការពីសិស្សនិស្សិតកម្ពុជា ដូចសំណូមពរខាងក្រោម៖

១ ចំពោះសិស្សនិស្សិត ដែលបានបញ្ចប់ការសិក្សា ឬសាលាបានបិទទ្វា ហើយបានរៀបចំរួចរាល់នូវគំរោងដំណើរវិលត្រឡប់ទៅកាន់កម្ពុជា សូមពន្យាពេលជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។

២ ចំពោះសិស្សនិស្សិត ដែលកំពុងមានវត្តមាននៅសហរដ្ឋអាមេរិក សូមបន្តស្ថិតនៅតាមទីកន្លែងរស់នៅរបស់ខ្លួនបច្ចុប្បន្ន ទោះបីការសិក្សាបានបញ្ចប់ ឬមួយសាលាត្រូវបានតម្រូវឲ្យបិទទ្វាក៏ដោយ។ ក្នុងករណីជួបឧបសគ្គមិនអាចដោះស្រាយបាន សូមទំនាក់ទំនងមកស្ថានទូត ដើម្បីពិភាក្សារកដំណោះស្រាយ។

៣ ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន សូមសិស្ស និស្សិតទាំងអស់ យកចិត្តទុកដាក់អនុវត្តនូវសំណូមពរមួយចំនួនដូចជា បន្តស្នាក់នៅកន្លែងដែលខ្លួនកំពុងស្ថិតនៅ ហើយជានិច្ចកាល ត្រូវមានការប្រុងប្រយ័ត្នខ្លាំងការពារខ្លួនឲ្យបានហ្មត់ចត់ ចំពោះមុខគ្រោះថ្នាក់នៃការរីករាលដាលនៃវីរុសកូវីដ១៩។ ជៀសវាងការជួបជុំគ្នា និងការចេញទៅក្រៅ។

សូមតាមដាននឹងគោរពការអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ណែនាំទាំងឡាយ ពីការការពារខ្លួនពីវីរុសកូវីដ១៩ របស់រដ្ឋរៀងៗខ្លួន។ ក្នុងករណីមិនស្រួលខ្លួន ហើយសង្ស័យថាបានឆ្លងជំងឺ សូមទាក់ទងទៅអ្នកផ្ដល់សេវាសុខភាព ឬមន្ទីពេទ្យ ដើម្បីទទួលបានការណែនាំ នឹងផ្ដល់ព័ត៌មានមកស្ថានទូត។ បន្តតាមដានឲ្យបានជាប់ជានិច្ច នូវសេចក្ដីជូនដំណឹង និងការណែនាំផ្សេងៗដែលចេញដោយរាជរដ្ឋាភិបាល អាជ្ញាធរពាក់ព័ន្ធកម្ពុជា ក៏ដូចជារបស់ស្ថានទូត៕ 

ព័ត៌មានផ្សេងទៀត