ក្រសួងទេសចរណ៍​ណែនាំ​ពី​ការបង្ការ​វីរុស​កូវីដ១៩ដល់​មគ្គុទ្ទេសន៍​ទេសច​រណ៍​និង​អ្នក​នាំ​ភ្ញៀវ​

26-03-2020 12:27 pm 154

​ដោយសារ​តែ​បច្ចុប្បន្ន​វីរុស​កូរ៉ូណា ឬ​កូវី​ដ​-១៩ កំពុងតែ​រាតត្បាត​ជា​សកល នៅលើ​ពិភពលោក និង​កំពុង​បង្ក​ជា​ក្តីព្រួយបារម្ភដ​ល់​ប្រជាជន​នៅ​គ្រប់​ប្រទេស​ផង​នោះ នៅពេលនេះ​ក្រសួង​ទេសចរណ៍​កម្ពុជា ក៏​បាន​ចេញ​នូវ​សេចក្តីណែនាំ​មួយចំនួន​ដល់​មគ្គុទ្ទេសន៍​ទេសចរណ៍ និង​អ្នក​នាំ​ក្រុម​ទេសចរ ឲ្យចូល​រួម​អនុវត្ត​ទាំងអស់គ្នា ដើម្បី​ទប់ស្កាត់​ការឆ្លង​នូវ​វីរុស​នេះ​។​

​នៅក្នុង​សេចក្តីណែនាំ​របស់​ក្រសួង​ទេសចរណ៍ បានឱ្យដឹង​ថា​ដើម្បី​ទប់ស្កាត់​ការចម្លង វីរុស​កូរ៉ូណា ឬ​កូវី​ដ​-១៩ សម្រាប់​ភ្ញៀវ​ទេសចរ ដែល​បាន​មក​ទស្សនា​ក្នុងប្រទេស​កម្ពុជា មានដូចជា​៖ មគ្គុទ្ទេសន៍​ទេសចរណ៍ ត្រូវ​ជូនដំណឹង​ដល់​ភ្ញៀវ​ទេសចរ​ឱ្យបាន​ដឹង​ថា កម្ពុជា​មាន​វិធានការ​នៃ​ការត្រួតពិនិត្យ នៃ​ជំងឺ​រលាក​សួត​ដែល​បង្ក​ពី​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី រាល់​អ្នកដំណើរ​ដែល​បាន​ធ្វើដំណើរ​ចូល​មក​ប្រទេស​កម្ពុជា តាមរយៈ​ច្រកព្រំដែន ដែល​មាន​ច្រកព្រំដែន ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស ។​

​បន្ថែម​ពីលើ​នេះ​មគ្គុ​ទេ្ទស​ន៍​ទេសចរណ៍ ត្រូវ​សាកសួរ​ពី​ប្រវត្តិ​ធ្វើ​ដំណើរ​របស់​ភ្ញៀវទេសចរ ប្រសិនបើ​ពួកគាត់​បាន​ធ្វើដំណើរ​ទៅ​កាន់​តំបន់​ដែល​បាន​ផ្ទុះ​រាលដាល​នៃ​វីរុស​កូវី​ដ​-១៩ រយៈពេល​១៤​ថ្ងៃមុន និង​តំបន់​ផ្សេង​ទៀត​ដែល​រាប់​ចូល​ជា​តំបន់​ដែល​បាន​ឆ្លង​នៃ​វីរុស​នេះ និង​ត្រូវ​សង្កេតមើល​អាការៈ​របស់​ពួកគាត់ ប្រសិនបើ​ពួកគាត់​មាន​អាការៈ ក្អក កណ្តា​ស់ ហៀរ​សំបោរ គ្រុ​នក្តៅ និង​ពិបាក​ដកដង្ហើម ត្រូវ​ធ្វើ​ការទាក់ទង​ទៅកាន់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​របស់​ក្រសួង​សុខាភិបាល ឫ​ធ្វើការ​ទាក់ទង​ទៅកាន់​លេខ ១១៥ ដោយ​ឥតគិតថ្លៃ​។​

​ជាមួយគ្នានេះដែរ មគ្គុទ្ទេសន៍​ទេសចរណ៍ ត្រូវ​ឲ្យ​ម៉ាស់​ទៅ​ភ្ញៀវទេសចរ ដែល​សង្ស័យ​ថា​មាន​ការផ្ទុក​វីរុស​កូរ៉ូណា មុន​បញ្ជូន​ពួកគាត់​ទៅ​កាន់​មន្ទីរពេទ្យ ដែល​នៅ​ជិត​បំផុត ដើម្បី​ទទួលបាន​ការព្យាបាល​ត្រឹមត្រូវ និង​ត្រូវ​ផ្តល់ជូន​ម៉ាស់ អាកុល​លាងដៃ និង​ណែនាំ​ពី​វីរុស​ប្រភេទ​ថ្មី ព្រមទាំង​ណែនាំ​ពួកគាត់​ឲ្យ​ចេះ​ត្រួតពិនិត្យ​សុខភាព​ដោយ​ខ្លួនឯង​។​

​ចំណែក​អ្នក​ដែល​ដឹក​ភ្ញៀវទេសចរ​វិញ ត្រូវ​សំអាត​និង​កំចាត់​មេរោគ​នៅ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ភ្ញៀវ ដូចជា​រថយន្តក្រុង និង​ឧបករណ៍​ផ្សេងៗ​ទៀត ដែល​ភ្ញៀវ​បាន​ប៉ះពាល់​ជា​ញឹកញាប់​ដូចជា​៖​កៅអី ខ្សែក្រវ៉ាត់​រថយន្ត វាំងនន​រថយន្ត និង​ភួយ​ជាដើម​។​

​ដោយឡែក​សម្រាប់​ភ្ញៀវ​ទេសចរ ដែល​ចេញ​ក្រៅប្រទេស មគ្គុទ្ទេស​ទេសចរណ៍​អាច​ណែនាំ​ពួកគាត់​ឲ្យ​ចៀសវាង​កន្លែង​ដែល​មាន​មនុស្ស​កកកុញ និង​ឈរ​ក្បែរ​មនុស្ស​ដែល​មាន​អា​ការៈក្អក កណ្តា​ស់ តែបើ​ចៀស​មិន​បាន សូម​ពាក់​ម៉ាស់ និង​ស្រោមដៃ​ឲ្យបាន​ត្រឹមត្រូវ ។​មួយ​វិញ​ទៀត​ត្រូវ​ចៀសវាង​ទៅ​កន្លែង​ទីផ្សារ​លក់​សត្វ និង​ប៉ះពាល់​ជាមួយ​សត្វ​ឈឺ ឬ​ងាប់ និង​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួង​សុខាភិបាល​ពី​ការការពារ​ខ្លួន ហើយ​មុន​មកកាន់​ប្រទេស​កម្ពុជា ឬ​ទៅ​ប្រទេស​ផ្សេងៗ​ទៀត ត្រូវ​ត្រួតពិនិត្យ​សុខភាព​របស់​ខ្លួន​ជាមុនសិន​។​ទន្ទឹមនឹងនេះ​ដែរ​មគ្គុទ្ទេសន៍​ទេសចរណ៍ ក៏​ត្រូវ​ចេះ​ថែទាំ​សុខភាព​ខ្លួនឯង​ផង​ដែរ​៕
 

 ពាក្យគន្លឹះ  ក្រសួងទេសចរណ៍

ព័ត៌មានផ្សេងទៀត