ISISវាយប្រហារវិហារមួយនៅអាហ្វហ្កានីស្ថានសម្លាប់មនុស្ស២៥នាក់

26-03-2020 11:00 am 208

​មនុស្ស​យ៉ាង​តិច​២៥​នាក់ ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​មួយ​របស់​ក្រុម​រដ្ឋ​សាសនា​អ៊ីស្លាម​ISIS​កាលពី​ថ្ងៃ​ពុធ​ទៅលើ​វិហារ​សាសនា​ឥណ្ឌា​មួយ​ឈ្មោះ​Sikh-Hindu ក្នុង​រដ្ឋធានី​នៃ​ប្រទេស​អា​ហ្វ​ហ្កានី​ស្ថាន ខណៈ​ដែល​ពួកគេ​កំពុងតែ​ធ្វើការ​បួងសួង​នៅ​ពេល​ព្រឹក​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​AFP នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២០​។​

​ការវាយប្រហារ​ដ៏​ព្រៃផ្សៃ​នេះ កើតឡើង​ស្របពេល​ដែល​ភាគី​ខាង​ក្រុមប្រឹក្សាសន្តិសុខ​អាហ្វហ្កានី​ស្ថាន ត្រៀម​បើក​កិច្ចប្រជុំ​ទ្វេរ​ភាគី​ជា​មួយ​ក្រុម​តា​លី​បង់ ដើម្បី​ចរចា​រលើ​ការដោះដូរ​ចំណាប់ខ្មាំង និង​អ្នកទោស​។​

​បើ​តាម​បុរស​ម្នាក់​ដែល​ជា​សមាជិក​នៃ​សាសនា​Sikh បានឲ្យដឹងថា មុន​ពេល​ការវាយប្រហារ​មាន​មនុស្ស​ប្រមាណ ១៥០​នាក់​បាន​ជួបជុំគ្នា ដើម្បី​បួងសួង​ក្នុង​វិហារ​កើតហេតុ​ខាងលើ​។ ដោយឡែក​បើ​តាម​លោកតា​រី​ប អារ៊ាន​(Tariq Arian) អ្នកនាំពាក្យ​នៃ​ក្រសួង​មហាផ្ទៃ​អាហ្វ​ហ្កានី​ស្ថាន បានបញ្ជាក់​ថា ក្នុង​ការវាយប្រហារ​នេះ​មាន​មនុស្ស ២៥​នាក់​ត្រូវបាន​សម្លាប់ មនុស្ស​៨​នាក់​រងរបួស​ធ្ងន់ និង​ស្រាល ខណៈ​មនុស្ស ៨០​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់ពេលវេលា​។ ពាក់ព័ន្ធ​ទៅនឹង​ការវាយប្រហារ​ដ៏​យង់ឃ្នង​របស់​ក្រុម​រដ្ឋ​សាសនា​អ៊ីស្លាម​IS​ISទៅលើ​វិហារ​សាសនា​នេះ​ដែរ ខាង​ក្រសួងការបរទេស​ឥណ្ឌា​បាន​លើកឡើង​ថា ជា​ការវាយប្រហារ​គួរឲ្យ​ស្អប់ខ្ពើម​បំផុត​។​

​គួរបញ្ជាក់​ថា ក្រុម​រដ្ឋ​សាសនា​អ៊ីស្លាម​ISIS ជា​ក្រុម​ភេរវកម្ម​ដ៏​ធំ​មួយ​ក្នុង​ចំណោម​ក្រុម​ភេរវកម្ម​ធំៗ ដែល​តែងតែ​បើក​ការវាយប្រហារ​ជារឿយៗ ទន្ទឹម​នឹង​នេះ​ក៏​មាន​ក្រុម​សកម្មប្រយុទ្ធ​មួយ​ទៀត​ដែរ​ឈ្មោះថា ជី​ហាដ​។ ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ​ឃើញថា​ក្រុម​នេះ​ហាក់​មាន​សភាព​ស្ងប់ស្ងាត់ ដោយសារ​មាន​ការតាមប្រមាញ់​ពី​សំណាក់​កងទ័ព​សហរដ្ឋ​អាមេរិក និង​អាប់​ហ្កានី​ស្ថាន គួបផ្សំ​នឹង​ការវាយប្រហារ​ពី​សំណាក់​ក្រុម​តា​លី​បង់ ដើម្បី​បំបែកហ្វូង​ក្រុម​នេះ​។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ គេ​ជឿ​ថា​ក្រុម​សកម្មប្រយុទ្ធ​ជី​ហាដ​នៅតែ​មាន​សមត្ថភាព​អាច​វាយប្រហារ​ទៅលើ​ទីក្រុង​សំខាន់ៗ​ផ្សេងទៀត​បាន​ដដែល​៕

ព័ត៌មានផ្សេងទៀត