អ្នកស្លាប់​នៅ​អ៊ីតាលី​បន្ត​ហក់​ឡើង ចំពេល​បារម្ភ​ពី​ការ​រាតត្បាត​វីរុស​កូរ៉ូ​ណាទៅ​ខាងត្បូង​ប្រទេស​

26-03-2020 10:31 am 912

​នៅក្នុង​រយៈពេល​២៤​ម៉ោង នៅ​អ៊ីតាលី​មាន​មនុស្ស​ស្លាប់ ដោយសារតែ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩ ចំនួន​៦៨៣​នាក់​នៅ​ថ្ងៃទី​២៥​ខែ​មីនា​។ ករណី​ស្លាប់​ថ្មី​ចំនួន​៦៨៣​នាក់​គឺ​បាន​ធ្លាក់ចុះ បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ថ្ងៃ​អង្គារ ដែលមាន​អ្នកស្លាប់​ចំនួន​៧៤៣​នាក់ ប៉ុន្តែ​ច្រើនជាង​កាលពី​២​ថ្ងៃមុន​។ នៅ​អ៊ីតាលី​តំបន់​ដែល​រង​នូវ​ការវាយលុក​ខ្លាំង​ពី​វីរុស​កូរ៉ូណា គឺ​នៅ​ភាគ​ខាងជើង​នៃ Lombardy ដោយ​ចាប់ផ្តើម​ផ្ទុះ​ធ្ងន់ធ្ងរ​នៅ​ថ្ងៃទី​២១​ខែ​កុម្ភៈ​។ តែ​តំបន់​នេះ​បានបង្ហាញ​ពី​ការធ្លាក់ចុះ នៃ​ករណី​ស្លាប់​និង​ឆ្លង​ថ្មី​កាលពី​ថ្ងៃ​ពុធ ដោយ​បង្កើន​ក្តី​សង្ឃឹមថា ការរីក​រាលដាល​អាច​នឹង​បន្ត​ថមថយ​។ 

​ទោះ​យ៉ាងណាក្តី មាន​ការព្រួយបារម្ភ​ថា សន្ទុះ​នៃ​ការរីក​រាលដាល​នៃ​វីរុស​កូរ៉ូណា អាច​នឹង​កើនឡើង​នៅ​ភាគខាងត្បូង​ប្រទេស​វិញ​ម្តង ដែល​ដើមឡើយ​ការ​ចម្លងរោគ​និង​ការស្លាប់​មិនសូវមាន​ទេ ប៉ុន្តែ​ពេលនេះ​កំពុង​កើនឡើង​ជា​លំដាប់ ហើយ​អាច​គ្រប​សន្ធាប់​លើ​សេវា​សុខភាព​នៅ​ទីនោះ ដែល​បំពាក់​ឧបករណ៍​និង​សម្ភារ បរិក្ខារ​ពេទ្យ តិចជាង​នៅ​ភាគ​ខាងជើង​ប្រទេស​។ 

​លោក Vincenzo De Luca អ្នកគ្រប់គ្រង​តំបន់ Campania នៃ​ទីក្រុង Naples បាន​សរសេរ​​លិខិត​ចំហ​មួយ ដាក់ជូន​នាយករដ្ឋមន្ត្រី​អ៊ីតាលី​លោក Giuseppe Conte ថា តំបន់​នេះ​អាច​នឹង​ជួប​សោកនាដកម្ម​ដូច​នៅ Lombardy​នា​ពេលអនាគត​។ ការឆ្លង​រាលដាល​ខ្លាំង​កំពុង​ពង្រីក​ទៅដល់ ហើយ​បាន​ត្អូញត្អែរថា​រដ្ឋាភិបាលកណ្តាល មាន​ភាពយឺតយ៉ាវ​នៅក្នុង​ការផ្តល់ឲ្យ​នូវ​ឧបករណ៍​ជំនួយ​ដល់​ការដកដង្ហើម និង​សម្ភារ​ដែល​ចាំបាច់ នៅក្នុង​ការប្រើប្រាស់​ជួយសង្គ្រោះ​ជីវិត​ផ្សេងទៀត ដូចដែល​បាន​សន្យា​។ ល្បឿន​នៃ​ការចម្លង និង​សេវា​សុខភាព​នៅដើ​រគើមៗ​មិន​ទាន់សភាពការណ៍ ជា​កត្តា​ហានិភ័យ​ដល់​ការសង្គ្រោះ​ជីវិត​មនុស្ស​។​

​រហូត​មកដល់ពេលនេះ មាន​អ្នកស្លាប់​ចំនួន ៧៤ នាក់​នៅ Campania ដែលជា​តំបន់​រង​ផលប៉ះពាល់​ខ្លាំងជាងគេ នៅ​ភាគខាងត្បូង​ប្រទេស​។ រីឯ​តំបន់​កណ្តាល​នៃ​ទីក្រុង Lazio នៅ​ជុំវិញ​រដ្ឋធានី​រ៉ូម​មាន​អ្នកស្លាប់​ចំនួន ៩៥ នាក់​។ សរុប​ចំនួន​អ្នកស្លាប់​នៅ​អ៊ីតាលី គិត​ត្រឹម​ថ្ងៃទី​២៥​ខែ​មីនា មាន​ជាង​៧,៥០០​នាក់ និង​ឆ្លង​ជាង​៧៤,០០០​នាក់​។ នេះ​បើតាម​ការបញ្ជាក់​ពី​ភ្នាក់ងារ​ការពារ​ជន​ស៊ីវិល​។ នៅក្នុង​ការប្រកាស​អំពី​ស្ថានភាព​នៃ​រោគរាតត្បាត​កូរ៉ូ​ណានោះ​ដែរ គេ​ពុំ​ឃើញ​វត្តមាន​របស់​ប្រមុខ​ដឹកនាំ​នៃ​ភ្នាក់ងារ​ការពារ​ជន​ស៊ីវិល​លោក Angelo Borrelli ក្នុង​សន្និសីទ​សារព័ត៌មាន​ដូច​សព្វមួយដង ដើម្បី​បង្ហាញ​តួលេខ​ចុងក្រោយ​ទេ​។ មិនឃើញ​វត្តមាន​លោក Angelo Borrelli ព្រោះ​លោក​ស្រាប់តែ​ធ្លាក់ខ្លួន​ក្តៅខ្លួន​កាលពី​ថ្ងៃ​ពុធ ហើយ​សម្រេច​ធ្វើតេស្ត​រកមើល​មេរោគ​ឆ្លង​ផងដែរ​៕

 ពាក្យគន្លឹះ  វីរុសកូរ៉ូណាអ៊ីតាលី

ព័ត៌មានផ្សេងទៀត