តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលចេញនៅយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា បានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន២ករណីទៀតហើយ ទៅលើជនជាតិបារាំង និង០៣ករណីថ្មីជាជនជាតិខ្មែរមានវិជ្ជមានវីរុសកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជាបានឡើងរហូតដល់៩៦នាក់ហើយ ខណៈដែល១០នាក់បានជាសះស្បើយគិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ។
នៅក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ទៀតថា ០២ករណីជាជនជាតិបារាំងនៅខេត្ដព្រះសីហនុនោះ គឺបុរសវ័យ៦៤ឆ្នាំនិងស្រីអាយុ៦០ឆ្នាំ មានតេស្តវិជ្ជមានវីរុសកូវីដ-១៩ ដែលត្រូវបានដាក់ឲ្យសម្រាកព្យាបាលក្នុងសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ។ ពួកគេស្ថិតក្នុងចំណោមក្រុមអ្នកទេសចរបារាំងដែលបានរកឃើញមានវីដ-១៩ នាពេលថ្មីៗនេះ។
រីឯនៅរាជធានីភ្នំពេញវិញមាន១ករណី គឺបុរសជនជាតិខ្មែរអាយុ២៧ឆ្នាំ មានវិជ្ជមានវីរុសកូវីដ-១៩ ដែលត្រូវបានដាក់ឲ្យបាលនៅក្នុងមណ្ខលសុខភាពចាក់អង្រែក្រោម។ ចំណែកនៅខេត្តកណ្តាលមានមួយករណីទៀតជាជនជាតិខ្មែរគឺបុរសវ័យ៥៩ឆ្នាំ ត្រូវបានដាក់ឲ្យព្យាបាលនៅក្នុងមន្ទីពេទ្យខេត្តកណ្តាល។ លោកគឺជាអ្នកឆ្លងបន្តពីបុរសវ័យ៦០ឆ្នាំ ដែលបានទៅប្រទេសម៉ាឡេស៊ីចូលរួមពិធីសាសនៅទីនោះ។ ករណីថ្មីចុងក្រោយគឺនៅខេត្ដសៀមរាបវិញ ក៏មាន១ករណីផងដែរជាបុរសជនជាតិខ្មែរវ័យ៣៧ឆ្នាំ ពេលនេះត្រូវបានដាក់ឲ្យព្យាបាលនៅក្នុងមន្ទីពេទ្យខេត្ដសៀមរាប។ បុរសរូបនេះគឺជាអ្នកបើកបរបឲ្យក្រុមអ្នកទេសចរបារាំង ដែលបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ នៅខេត្តព្រះសីហនុក្នុងពេលថ្មីៗនេះ ។
ដោយឡែកខេត្តបាត់ដំបង ក្រុមការងារមន្ទីសុខាភិបាលខេត្តបាត់ដំបង បានរកឃើញបុគ្គលចំនួន០៦នាក់ មានអវិជ្ជមានវីរុសកូវីដ-១៩ និងចំនួន៤នាក់បន្ថែមទៀត កំពុងរង់ចាំលទ្ធផលវិភាគ។ ទាំង១០នាក់ ជាអ្នកដែលបានប៉ះពាល់ផ្ទាល់ ជាមួយក្រុមអ្នកទេសចរជនជាតិបារាំង ដែលមានវិជ្ជមានវីរុសកូវីដ-១៩ រកឃើញនៅខេត្តព្រះសីហនុនាពេលថ្មីៗនេះ។ ក្រុមការងារក៏បានរកឃើញព្រះសង្ឃ០១អង្គ ដែលបានជួបផ្ទាល់ជាមួយក្រុមទេសចរបារាំង ហើយបច្ចុប្បន្នព្រះតេជគុណបាននិមន្តមកគង់នៅវត្ដមួយក្នុងខេត្តកំពង់ឆ្នាំង ហើយក្រុមការងារមន្ទីរសុខាភិបាលកំពុងតាម។
សរុបគិតត្រឹមព្រឹកថ្ងៃទី២៦ ខែមីនានេះ ករណីវិជ្ជមានវីរុសកូវីដ-១៩ នៅកម្ពុជាកើនដល់៩៦នាក់ហើយ ក្នុងស្រី២៥នាក់ និងប្រុស៧១នាក់។ ទាំង៩៦នាក់ មាននៅរាជធានីភ្នំពេញចំនួន១៣នាក់ ខេត្តព្រះសីហនុចំនួន៣៦នាក់ ខេត្តសៀមរាប៣នាក់ ខេត្តកំពង់ចាមាន១៥នាក់ ខេត្តបាត់ដំបងមាន៨នាក់ ខេត្តព្រះវិហារមាន២ បន្ទាយមានជ័យមាន២នាក់ ខេត្តកំពង់ឆ្នាំងមាន៣នាក់ ខេត្តកំពតមាន២នាក់ ខេត្តត្បូងឃ្មុំមានចំនួន៤នាក់ ខេត្តកែបមាន២នាក់ និងខេត្តកណ្តាលមានចំនួន២នាក់។
គួរបញ្ជាក់ផងដែរថា ក្នុងចំណោមអ្នកឆ្លងទាំង៩៦នាក់នោះ បានជាសះស្បើយសរុបចំនួន១០នាក់ផងដែរ បើគិតពីខែមករារហូតដល់បច្ចុប្បន្ន៕