ហេតុអ្វី​អ៊ីតាលី​​រងគ្រោះ​​ធ្ងន់ធ្ងរ​​ដោយសារ​វីរុស​កូវី​ដ​-១៩?

25-03-2020 6:10 pm 195
ការគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់នៅអ៊ីតាលី

​អ៊ីតាលី​ជា​ប្រទេស​នៅ​អឺរ៉ុប​ដែល​កំពុង​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត ដោយសារ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​។ គិត​ត្រឹម​ថ្ងៃទី​២៥​មីនា​អ៊ីតាលី​មាន​មនុស្ស​ស្លាប់​ជិត​៧​ពាន់​នាក់ និង​ឆ្លង​សរុប​ប្រមាណ​ជិត​៧​ម៉ឺន​នាក់​ហើយ​។ ធ្លាប់តែ​ប្រទេស​ចិន​ផ្ទុះ​វីរុស​នេះ​ដំបូង​គេ​ដែលមាន​មនុស្ស​ស្លាប់​ច្រើន​បំផុត តែ​អ៊ីតាលី​បាន​ក្លាយជា​ប្រទេស​នាំមុខ​វិញ​ម្ដង​។ ការណ៍​នេះ​មាន​សំណួរ​ចោទឡើង​ថា តើ​ហេតុអ្វី​បានជា​អ៊ី​តា​ល​រងគ្រោះ​ធ្ងន់ធ្ងរ​យ៉ាងនេះ​? 

​ករណី​ប្រែ​ក្លាយខ្លួនជា​ប្រទេស​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត ព្រោះតែ​មាន​មនុស្ស​ស្លាប់​និង​ឆ្លង​វីរុស​កូវី​ដ​-១៩​កើនឡើង​ឆាប់រហ័ស អ៊ីតាលី​ទទួលបាន​ទាំង​ការអាណិតអាសូរ​ផង និង​ការរិះគន់​ស្ដីបន្ទោស​ផង​។ អាណិតអាសូរ​ត្រង់​ថា​មនុស្ស​រាប់ពាន់នាក់​ត្រូវស្លាប់​ប្រៀបដូចជា​សត្វ​ធាតុ ពុំទាន់​មាន​វិធានការ​ទប់ស្កាត់បាន​នៅឡើយ​។ មួយថ្ងៃៗ​លឺ​តែមាន​អ្នកស្លាប់ អ្នក​ឆ្លង​កើនឡើង​ជា​បន្ដបន្ទាប់ ធ្វើឲ្យ​ប្រជាជន​កើត​ក្ដីព្រួយបារម្ភ​កាន់​តែ​ខ្លាំង​។ ចំពោះ​ការរិះគន់​វិញ​គឺ​ផ្ដោត​សំខាន់​ទៅលើ​រដ្ឋាភិបាល ក្រោម​ហេតុផល​ថា​មើលស្រាល​ស្ថានការណ៍ មិន​ចាត់វិធានការ​ឲ្យបាន​ឆាប់​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​។ ដូចជា​ពាក្យ​ខ្មែរ​តែង​និយាយថា គោ​បាត់ទៅហើយ​ទើប​ធ្វើ​របង​។ 

​និយាយ​ពី​ការឆ្លង​រាលដាល​វីរុស​កូវី​ដ​-១៩​នៅ​អ៊ីតាលី អ៊ីតាលី​មាន​ពលរដ្ឋ​ក្មេងៗ​ច្រើន​ដែល​ត្រូវ​រស់នៅ​ជាមួយ​ឪពុកម្ដាយ ជីដូន ជីតា​ក្នុង​តំបន់​ជនបទ ប៉ុន្ដែ​ពួកគេ​ត្រូវ​ធ្វើដំណើរ​ទៅ​ធ្វើការ​នៅក្នុង​ទីក្រុង​ដូចជា​នៅ​ទីក្រុង​មី​ឡាន​(Milan)​។ ការស្រាវជ្រាវ​បង្ហាញថា​ការធ្វើដំណើរ​ជា​ញឹកញាប់​ពី​ទីក្រុង​ត្រឡប់ទៅផ្ទះ​ដូច្នេះ អាច​ធ្វើឲ្យមាន​ការឆ្លង​រាលដាល​ខ្លាំង​ក្នុងដំណាក់កាល​ដំបូង​។ ពលរដ្ឋ​វ័យក្មេង​ទាំងនោះ​ចេញទៅ​ធ្វើការ​និង​បាន​ទាក់ទង​ជាមួយ​មនុស្ស​ជាច្រើន​នៅ​ក្នុងសង្គម ជាទី​ដែល​ពួកគេ​អាច​នាំយក​ជំងឺ​ត្រឡប់ទៅផ្ទះ និង​បាន​ចម្លង​ដល់​អ្នកផ្ទះ​របស់​ពួកគេ​។ ប្រសិន​មនុស្ស​វ័យក្មេង​ទាំងអស់នោះ​គ្មាន​រោគសញ្ញា នោះ​ពួកគេ​ក៏​មិនមែនជា​អ្នកចម្លង​ដ៏​សំខាន់​ទៅដល់​មនុស្ស​វ័យ​ចំណាស់​ក្នុង​គ្រួសារ​គេ​ដែរ​។ 

​បើតាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ពី​សាកលវិទ្យាល័យ​Oxford​របស់​អង់គ្លេស​ពន្យល់ថា អ៊ីតាលី​គឺជា​ប្រទេស​ទី​ពីរ​ដែលមាន​មនុស្ស​ចាស់​ច្រើនជាងគេ​ក្នុង​លោក​។ ២៣​ភាគរយ​នៃ​ប្រជាជន​អ៊ីតាលី​មាន​អាយុ​លើ​៦៥​ឆ្នាំ ប្រៀបធៀប​ទៅ​អាមេរិក​មានតែ​១៦​ភាគរយ​ប៉ុណ្ណោះ​។ ស្របពេល​ដែល​មនុស្ស​វ័យ​ក្មេង​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​ជាមួយ​មនុស្ស​ចាស់ កត្ដា​នេះ​ពិតជា​មាន​ផលវិបាក​ខ្លាំង​ក្នុង​ការទប់ស្កាត់​ការឆ្លង​រាតត្បាត​វីរុស​កូវី​ដ​-១៩​។ វា​បង្ហាញឲ្យឃើញពី​ការច​ម្ល​ង​ពី​មនុស្សម្នា​ក់ទៅ​មនុស្ស​ម្នាក់​នៅក្នុង​គ្រួសារ​និង​ក្នុង​សហគមន៍ បាន​កើតឡើង​យ៉ាង​លឿន​បំផុត​ក្នុងប្រទេស​អ៊ីតាលី​។ 

​ចំពោះ​ករណី​ស្លាប់ នៅ​អ៊ីតាលី​មាន​អត្រា​ស្លាប់​ដោយសារ​វីរុស​កូវី​ដ​-១៩​រហូតដល់​ជាង​៩​ភាគរយ​។ អត្រា​ស្លាប់​គឺមាន​ភាគរយ​ខ្ពស់​សម្រាប់​មនុស្ស​វ័យ​ចំណាស់ ដោយសារតែ​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះខ្សោយ មិនអាច​ប្រឆាំងនឹង​វីរុស​នេះ​បាន​។ ស្របពេល​នៅ​អ៊ីតាលី​មាន​មនុស្ស​ចាស់​ច្រើន​ផង ដូច្នេះ​នៅពេល​ឆ្លង​ហើយ​ពិតជា​មាន​ហានិភ័យ​ខ្លាំង​។ ម្យ៉ាងវិញទៀត​នៅពេល​ករណី​ឆ្លង​កើនឡើង​យ៉ាងគំហុក​ទាំងចាស់ទាំងក្មេង គ្រូពេទ្យ​នឹងត្រូវ​សម្រេចចិត្ដថា​គួរ​យកចិត្ដទុកដាក់​ខ្លាំង​លើមនុស្សវ័​យ​ចំណាស់ឬ​មនុស្ស​វ័យក្មេង ចន្លោះពេល​កំពុង​ប្រឈម​កង្វះខាត​សម្ភារ​ពេទ្យ មាន​ឧបករណ៍​ជំនួយ​ដល់​ការដកដង្ហើម និង​គ្រែ​ដាក់​អ្នកជំងឺ​ជាដើម ព្រមទាំង​ខ្វះខាត​គ្រូពេទ្យ​ផង​នោះ​។ 

​យ៉ាងណាមិញ​រដ្ឋាភិបាល​អ៊ីតាលី​ពេលនេះ ក៏​កំពុង​ខ្នះខ្នែង​គ្រប់​មធ្យោបាយ​ទាំងអស់​ប្រឆាំងនឹង​កូវី​ដ​-១៩​។ បើ​និយាយ​ពី​ស្ថានភាព​ជារួម ពេលនេះ​អ៊ីតាលី​បាន​បិទ​ប្រទេស​ទាំងស្រុង​ទៅហើយ មិន​ឲ្យមាន​ចរាចរ​ចេញចូ​លដោយ​សេរី​ដូច​មុន​ឡើយ​។ ប្រជាជន​ទាំងអស់​ត្រូវ​ស្នើឲ្យ​ស្ថិតនៅ​ក្នុងផ្ទះ លើកលែងតែ​ករណី​ចំ​បាច់​បំផុត​ទើប​អនុញ្ញាតឲ្យ​ចេញ​ក្រៅ និង​តាមដាន​យ៉ាង​យកចិត្ដទុកដាក់​បំផុត​ទៅលើ​ករណី​ឆ្លង​ថ្មី​៕

 ពាក្យគន្លឹះ  អ៊ីតាលីវីរុសកូវីដ-១៩

ព័ត៌មានផ្សេងទៀត