តើ​គួរ​មាន​វិធានការ​អ្វី​ទៀត ក្រៅ​ពី​ការដាក់ឲ្យ​នៅ​ដោយឡែក​ពី​គេ ១៤​ថ្ងៃ​ចំពោះ​អ្នក​ទើប​មកពី​ក្រៅប្រទេស​

25-03-2020 5:52 pm 1359

​បើ​តាម​ការបញ្ជាក់​ពី​លោក​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ទី​២៤ ខែ​មីនា បានឲ្យដឹងថា កាលពី​ពេល​ថ្មីៗ​នេះ​មាន​ពលករ​ខ្មែរ​ប្រមាណ​១៥,០០០​នាក់ បាន​វិលត្រឡប់​ពី​ប្រទេស​ថៃ មក​កម្ពុជា​វិញ​បន្ទាប់​ពី​រដ្ឋាភិបាល​ថៃ បាន​ប្រកាស​ពី​គម្រោង​បិទ​ព្រំដែន​ជា​បណ្តោះអាសន្ន ក្នុង​ការទប់ស្កាត់ និង​ការពារ ការឆ្លង​រាលដាល​វីរុស​កូវី​ដ​-១៩​។​

​ក្រោយ​ការវិលត្រឡប់​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​នេះដែរ គេ​ក៏​សង្កេតឃើញថា នៅតាម​រាជធានី​-​ខេត្ត​មួយចំនួន​ក៏​បាន​ចាប់ផ្តើម​រៀបចំ​ការចុះ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​តាម​មូលដ្ឋាន និង​អ្នក​ដែល​ទើបតែ​ត្រឡប់​មកពី​ក្រៅ​ស្រុក​វិញ​ពី​វិធានការ​ការពារ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូរ៉ូណា ឬ​កូវី​ដ​-១៩​ដោយ​មាន​ការ​ចាក់​មេក្រូ​ដឹក​តាម​ម៉ូតូ​និង​ឡាន ហើយក៏​មាន​ការអំពាវនាវ​បន្ថែម​ទៀត​ផង​ដែរ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​។​

​ជាក់ស្តែង​នៅ​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២០​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ថ្លែង​ក្នុងជំនួប​សំណេះសំណាល ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ថា ដើម្បី​កុំ​ឲ្យ​ពលករ​មកពី​ថៃ មាន​ការភ័យខ្លាច លោក​សូម​អំពាវនាវ​ឲ្យនៅ​ដាច់ដោយឡែក​ពី​គេ​រយៈ​១៤​ថ្ងៃ ។​លោកនាយក​រដ្ឋមន្ត្រី​ថ្លែងបន្ត​ថា ចំពោះ​កំលាំង​ទាំងអស់ ត្រូវ​ចុះ​តាម​មូលដ្ឋាន ធ្វើ​សកម្មភាព​អប់រំ ដើម្បី​ប្រែក្លាយ​ការភ័យខ្លាច ការសង្ស័យ​គ្នា​ទៅវិញទៅមក ឲ្យទៅ​ជា​ចលនា​ការពារ​ខ្លួន​ទៅ​វិញ ហើយ​លោក​ក៏​បាន​ដាក់​បទបញ្ជា​ឲ្យ​តាមរក​ពលករ​ខ្មែរ ដែល​មកពី​ថៃ ដើម្បី​យក​មក​ពិនិត្យ​សុខភាព ចៀសវាង​ការរីក​រាលដាល នូវ​វីរុស​កូវី​ដ​-១៩ នៅក្នុង​ភូមិ ស្រុក​...

​សំឡេង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​៖

​ចំណែក​លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា ពិគ្រោះ​និង​ផ្តល់យោបល់​បានឲ្យដឹងថា ដើម្បី​ជា​ការចូលរួម​ទប់ស្កាត់​ការ​រាលដាល​វីរុស​កូវី​ដ​-១៩ ក្រៅពី​វិធានការ​ដាក់ខ្លួន​ឲ្យនៅ​ដាច់ដោយឡែក​ពី​គេ​រយៈពេល​១៤​ថ្ងៃ ចំពោះ​អ្នក​ដែល​ទើបតែ​ត្រឡប់​មកពី​ក្រៅ​ប្រទេស គឺ​អាជ្ញាធរ​តាម​មូលដ្ឋាន​គួរតែ​ចូលរួម​ជំរុញ​ការយល់ដឹង​ពី​ការការពារ​ដល់​ពលរដ្ឋ​នៅក្នុង​សហគមន៍ បញ្ជ្រាប​ការយល់ដឹង​និង​ហានិភ័យ​ក្រោយ​ឆ្លង​វីរុស​នេះ .....

​សំឡេង​លោក​ពេជ្រ ស្រស់​៖

​ជាមួយគ្នានេះដែរ លោក​ក៏​បាន​បញ្ជាក់បន្ថែម​ថា ចំពោះ​បងប្អូន​ពលករ​ខ្មែរ​ជាង​មួយ​ម៉ឺន​នាក់​ដែល​ទើបតែ​ត្រឡប់មក​ពី​ថៃ​នោះ ដើម្បី​ងាយស្រួល​ក្នុង​ការស្វែងរក​ពួកគាត់​គឺ​មេភូមិ​ត្រូវ​ធ្វើ​ជំរឿន​តាម​ខ្នង​ផ្ទះ និង​ផ្សព្វផ្សាយ​រក ហើយ​អ្នក​ដែល​លាក់​ព័ត៌មាន​គួរតែ​មាន​ការដាក់ពិន័យ​តាមច្បាប់​...

​សំឡេង​លោក​ពេជ្រ ស្រស់​៖

​រីឯ​លោក​សុខ សុវណ្ណ​វឌ្ឍនា​សាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា ពិគ្រោះ​និង​ផ្តល់យោបល់ ក៏​បានឲ្យ​ដឹង​ដែរថា ការអនុវត្ត​វិធានការ​ដាក់ឲ្យ​នៅ​ដាច់​ដោយឡែកពី​គេ​រយៈពេល ១៤​ថ្ងៃ​ជា​វិធានការ​មួយ​ល្អ​ហើយ តែ​គួរតែ​តាមដាន​សុខភាព​ពួកគាត់​បន្ថែម​ផងដែរ​...

​សំឡេង​លោក​សុខ សុវណ្ណ​វឌ្ឍនា​សាប៊ុង​៖

​ដោយឡែក​លោក​យ៉ង សាំង​កុមារ​ប្រធាន​គណៈកម្មការ​នាយក នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បានឲ្យ​ដឹង​ដែរថា ក្រៅពី​វិធានការ​ដាក់​ពួកគាត់​ឲ្យនៅ​ដាច់ដោយឡែក​ពី​គេ គួរតែ​បង្កើន​ការស្រាវជ្រាវ​បន្ថែម​ទៀត ក្នុង​ការស្វែងរក​អ្នក​ឆ្លង និង​អ្នក​សង្ស័យ ហើយ​នៅ​តាម​ភូមិ ឃុំ​នីមួយៗ​គួរតែ​មាន​ក្រុមការងារ ឬ​គណៈកម្មការ​ទប់ស្កាត់​វីរុស​កូវី​ដ​-១៩​ដោយ​ត្រូវមាន​ធនធាន និង​ពង្រឹង​សមត្ថភាព​របស់​ពួកគាត់​។​ជាមួយគ្នានេះ​ដែរ​លោក​ក៏​បាន​បន្ថែមថា នៅពេល​ដែល​ពួកគាត់​ត្រឡប់​មក​ដល់​ភូមិ អាជ្ញាធរ​គួរតែ​តាមរក​ពួកគាត់ និង​ត្រូវ​ណែនាំ​ឲ្យ​ពួកគាត់​ស្ម័គ្រចិត្ត​មក​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណាឬ​កូវី​ដ​-១៩...

​សំឡេង​លោក​យ៉ង សាំង​កុមារ​៖

​បើតាម​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​បញ្ជាក់​នៅក្នុង​ជំនួប​សំណេះសំណាល ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ដែរ​ថា​បច្ចុប្បន្ន​កម្ពុជា​កំពុង​ឈរជើង​ក្នុង​ដំណាក់កាល​ទី​២ ដែល​មាន​ការងារ​ចំនួន​៣​សំខាន់ ទី​១ ការពារ កុំឲ្យ​ឆ្លង​ពី​ខាងក្រៅ ក្នុងនោះ កម្ពុជា​បាន​ហាមឃាត់​ប្រទេស​៦ ដូចជា អាមេរិក បារាំង អាឡឺម៉ង់ អ៊ីតាលី អេស្បាញ និង​អ៊ីរ៉ង់​) ទី​២ ការពារ​កុំឲ្យ​ឆ្លង​អ្នកផ្សេង និង​ស្វែងរក​អ្នក​ឆ្លង​ជំងឺ និង​ទី​៣ ការព្យាបាល​៕

 

 

 

ព័ត៌មានផ្សេងទៀត