ក្រោយ​ថៃ​ប្រកាស​បិទ​ប្រទេស​មាន​ជន​ចំណាកស្រុក​៦​ម៉ឺន​នាក់​សម្រុក​ចេញ​

25-03-2020 4:39 pm 1189

​យ៉ាងហោច​ណាស់​មាន​ជន​ចំណាកស្រុក​ប្រមាណ ៦​ម៉ឺន​នាក់​បាន​សម្រុក​ចេញពី​ប្រទេស​ថៃ ទៅ​ប្រទេស​កំណើត​រៀងៗ​ខ្លួន​វិញ ក្រោយ​ពី​រដ្ឋាភិបាល​ថៃ​ប្រកាស​បិទ​ប្រទេស​បណ្ដោះអាសន្ន​កាលពី​ពេល​ថ្មីៗ​នេះ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​ម្នាក់​នៃ​ក្រសួង​មហាផ្ទៃ​ថៃ ដែល​ដកស្រង់​ការផ្សាយ​ចេញពី​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២០​។​

​គួរ​ជម្រាប​ថា ការសម្រេច​បិទ​ប្រទេស​បណ្ដោះអាសន្ន​របស់​រដ្ឋាភិបាល​ថៃ ធ្វើឡើង​កាលពី​ថ្ងៃ​ព្រហស្បត្តិ័​សប្ដាហ៍​មុន តាមរយៈ​ការប្រកាស​របស់​នាយក​រដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់​អ៊ូ​ចា​។ ជាក់ស្ដែង​ជន​ចំណាកស្រុក​ប្រមាណ ៦​ម៉ឺន​នាក់​នេះ ភាគច្រើន​ជា​អាជីវកម្ម និង​កម្មករ​ដែល​មក​ពី​ប្រទេស​ជាប់​ព្រំដែន​នឹង​ថៃ រួមមាន ឡាវ មី​យ៉ាន់​ម៉ា និង​កម្ពុជា​។ 

​សូម​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ថៃ​ជា​ប្រទេស​ឈរ​នៅ​លេខ​រៀង​ទី​២ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​មាន​ករណី​ឆ្លង​វីរុស​កូវី​ដ​១៩​ច្រើនជាងគេ ខណៈ​ប្រទេស​ម៉ាឡេស៊ី​ឈរ​នៅ​លេខ​រៀង​ទី​១​។ យ៉ាងណាមិញ គិត​មក​ទល់​ពេល​នេះ​ប្រទេស​ថៃ​បាន​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូវី​ដ​១៩​ប្រមាណ​ជិត​១​ពាន់​ករណី​ហើយ និង​អ្នកស្លាប់​ដោយសារ​វីរុស​បង្ក​ជំងឺ​រលាក​សួត​នេះ​មាន​ចំនួន ៤​នាក់​៕

ព័ត៌មានផ្សេងទៀត