ទម្លាប់អ្វីខ្លះដែលគួរជៀសវាងក្រោយពេលបាយរួច?

25-03-2020 4:36 pm 163
  ស្តាប់
ស្តាប់ជាសំឡេង

នៅលើលោកនេះ នរណា ក៏ប្រាថ្នាចង់បានសុខភាពល្អពេញលេញមួយជីវិតដែរ។ ប៉ុន្តែទន្ទឹមនឹងនោះ ក្ដីប្រថ្នាចង់បាន មិនមែនសុទ្ធតែសម្រេចនោះឡើយ ពោលមានកត្តាជាច្រើន បានធ្វើឲ្យអ្នកជួបប្រទះនូវបញ្ហាសុខភាព ក្នុងនោះបូករួមទាំងទម្លាប់មួយចំនួន ដែលយើងតែងធ្វើជាប្រចាំថ្ងៃដោយមិនដឹងខ្លួនថាមានផលប៉ះពាល់ ក្រោយទទួលទានបាយរួច។

បើតាមការរកឃើញរបស់អ្នកជំនាញបានឲ្យដឹងថា ទង្វើរមួយចំនួនដែលអ្នកបានធ្វើក្រោយពេលទទួលទានបាយរួចភ្លាម វាពិតជាផ្ដល់ផលអាក្រក់ដល់រាងកាយ ស្ទើរនឹកស្មានមិនដល់ គ្រាន់តែពេលខ្លះវាអាចបង្ហាញឲ្យឃើញពីបញ្ហាភ្លាមៗ ហើយពេលខ្លះវាអាចនឹងប្រើរយៈយូរ។ ទង្វើមួយចំនួនដែលអ្នកមិនគួរធ្វើក្រោយពេលបាយរួចនោះ មានដូចខាងក្រោម៖

១ ញុំាបាយរួចចូលគេងភ្លាម

មនុស្សភាគច្រើនតែងចូលចិត្តញ៉ាំអាហារយប់ជ្រៅ រួចហើយចូលគេងភ្លាមតែម្តង។ នេះគឺជាទម្លាប់អាក្រក់មួយដែលអាចធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ លំហូរឈាម ជាតិស្ករក្នុងឈាម និងធ្វើឲ្យកូឡេស្តេរ៉ុលកើនឡើងខ្ពស់។ ចូលគេងភ្លាមក្រោយបាយរួច នឹងធ្វើឲ្យក្រពះក្តៅ ដែលអាចបង្កឲ្យហើមពោះជាដើម។ តាមការសិក្សាមួយរបស់សកលវិទ្យាល័យវេជ្ជសាស្ត្រ Loannia បានឲ្យដឹងថា អ្នកដែលចូលគេងក្រោយពេលទទួលទានអាហាររួចរយៈពេលយូរ មិនសូវប្រឈមមុខនឹងជំងឺដាច់សរសៃឈាមខូរក្បាលឡើយ។ តាមការសិក្សានេះ យ៉ាងហោចណាស់ អ្នកគួរតែចូលគេងពី ២ទៅ៣ម៉ោង បន្ទាប់ពីញ៉ាំអាហាររួច។

២ ការដើរ

ការដើរក្រោយពេលទទួលទានបាយរួចភ្លាម អាចធ្វើឲ្យចាល់ជាតិអាស៊ីតនៅក្នុងក្រពះ និងអាចរារាំងដល់ការស្រូបយកសារធាតុចិញ្ចឹមពីអាហារ។

៣ ហាត់ប្រាណភ្លាមៗ

ការធ្វើលំហាត់ប្រាណភ្លាមៗ បន្ទាប់ពីទទួលទានបាយរួច មិនមែនជាផលល្អសម្រាប់ខ្លួនអ្នកនោះទេ។ វាអាចបង្ករផលប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ជាពិសេសក្រពះ ត្រូវរងគ្រោះខ្លាំងជាងគេ។ ដូច្នេះ ក្រោយពេលទទួលទានបាយរួចភ្លាម អ្នកគួរនៅតែស្ងៀមសិនជៀសវាងទម្លាប់នេះឲ្យបាន។

៤ ទទួលទានទឹកតែ

បើសិនជាអាច អ្នកគួរចៀសវាង ទទួលទានទឹកតែ ក្រោយពេលបាយរួច ពិសេសពេលល្ងាច។ ការទទួលទានទឹកតែក្រោយពេលបាយ វាអាចរារាំងរាងកាយអ្នក មិនឲ្យស្រូបយកជាតិដែកបានរហូតដល់ ៨៧% ព្រោះដោយសារទឹកតែមានអាស៊ីតTannic ដែលចងជាប់ជាតិដែក និងប្រូតេអ៊ីនក្នុងអាហារដែលអ្នកទទួលទាន។ ការកង្វះជាតិដែក នឹងបណ្តាលឲ្យអ្នកមានអាការៈខ្វះឈាម ត្រជាក់ដៃត្រជាក់ជើង ខ្សោយ និងគ្មានកម្លាំងកំហែង។ 

៥ ជក់បារី

ចំណុចនេះភាគច្រើនកើតឡើងសម្រាប់បុរស ដែលមានទម្លាប់ជក់បារី ពិសេសក្រោយពេលបាយរួច។ ក៏ប៉ុន្តែអ្នកប្រហែលជាមិនបានដឹងទេថា ទង្វើមួយនេះ អាចប៉ះពាល់ដល់ការស្រូប និងប្រើប្រាស់វីតាមីន ព្រមទាំងសារធាតុរ៉ែសំខាន់ៗជាច្រើន។ ទម្លាប់ដ៏អាក្រក់នេះ ក៏អាចបង្កឲ្យកើតជំងឺមហារីកសួត ប៉ះពាល់ដល់បេះដូង ថ្លើម និងប្រព័ន្ធរំលាយអាហារផងដែរ។ ដូច្នេះ បើអ្នកចង់ជក់បារី យ៉ាងហោចណាស់ក៏ត្រូវប្រើពេល ២ម៉ោងក្រាយញ៉ាំអាហាររួច ព្រោះជាតិនីកូទីនក្នុងបារីបានភ្ជាប់ទៅអុកស៊ីហ្សែន ដែលចាំបាច់គឺត្រូវរំលាយអាហារសិន។

៦ ងូតនិងហែលទឹក

ងូតទឹកក្រោយពេលបាយភ្លាមៗ អាចបណ្តោលឲ្យលំហូរឈាម និងរាងកាយផ្លាស់ប្តូរសីតុណ្ហភាព។ បន្ទាប់ពីញ៉ាំអាហារ រាងកាយចាប់ផ្តើមឡើងកម្តៅ ហើយការបញ្ចូនឈាមនៅក្នុងរាងកាយមានការកើនឡើង ដើម្បីបញ្ចុះម្តៅទៅវិញ។ ដូច្នេះ ប្រសិនបើអ្នកងូតទឹកភ្លាមបន្ទាប់ពីញ៉ាំអាហារ វាអាចបង្កផលប៉ះពាល់ដល់ដំណើរការនៃការរំលាយអាហារ ដែលនាំឲ្យមានបញ្ហាសុខភាពជាច្រើនដូចជាក្រពះ និងប្រព័ន្ធរំលាយអាហារ។ រឿងមួយទៀត ដែលអ្នកគ្រប់គ្នាត្រូវតែប្រុងប្រយ័ត្ន ក្រោយពេលទទួលទានអាហាររួច គឺការចុះហែលទឹក ដោយអ្នកត្រូវរង់ចាំយ៉ាងហោចណាស់ ៣០ នាទីសិន បន្ទាប់ពីញ៉ាំអាហាររួច។ ហេតុផល គឺឈាមជាច្រើននឹងត្រូវបញ្ជូនទៅក្នុងក្រពះពោះវៀន ក្រោយពេលទទួលទានអាហាររួច ដើម្បីជួយដល់ការរំលាយអាហារ។ តែប្រសិនបើអ្នកទៅហែលទឹកភ្លាមៗ ក្រោយពេលញ៉ាំអាហារ វានឹងបណ្តាលឲ្យមានការឈឺចាប់ក្នុងពោះ។

៧ ទទួលទានផ្លែឈើ

នេះជាទម្លាប់មួយសម្រាប់មនុស្សភាគច្រើនទៅហើយ ប៉ុន្តែការញ៉ាំផ្លែឈើក្រោយពេលទទួលទានបាយរួចភ្លាម មិនមែនជារឿងល្អនោះទេ។ ទង្វើរនេះ អាចបណ្តោលឲ្យក្រពះត្រូវទទួលបន្ទុកធ្ងន់ ក្នុងការរំលាយ ហើយប្រសិនបើអ្នកមិនកែទម្លាប់នេះចេញទេ មិនយូរមិនឆាប់ក្រពះ និងពោះវៀនរបស់អ្នកអាចត្រូវបំផ្លាញ។ ជារឿងល្អ អ្នកត្រូវរងចាំប្រហែលជា ១ ទៅ ២ម៉ោងសិន ក្រោយពេលទទួលទានបាយរួច ចាំទទួលទានផ្លែឈើតាមក្រោយ ៕ 

ព័ត៌មានផ្សេងទៀត