ថៃ​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូវី​ដ​១៩​ថ្មី​១០៧​នាក់​បន្ថែមទៀត​ហើយ

25-03-2020 2:34 pm 378

​ក្រសួង​សុខាភិបាល​ថៃ នៅ​ថ្ងៃ​ពុធ​នេះ បានបញ្ជាក់​ថា​រកឃើញ​អ្នកឆ្លង​វីរុស​កូវី​ដ​១៩(COVID-19) ចំនួន​១០៧​នាក់​បន្ថែម ដែល​តួលេខ​នេះ​នាំ​ឲ្យ​ករណី​វិជ្ជមាន​សរុប​កើន​ដល់ ៩៣៤​ករណី​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​កាសែត​Bangkok Post នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២០​។​

​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ថៃ​លោកតា​វេ​ស៊ីន វី​សានូ​យោ​ហ្ស៊ី​ន​(Taweesin Wisanuyothin) បានបញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​ទាំង​១០៧​នាក់ មាន​២៧​នាក់​ជា​អ្នក​មាន​ទំនាក់ទំនង​នឹង​អ្នក​ឆ្លង​ជំងឺ​។ ក្នុងនោះ​ដែរ​មាន ១៣​នាក់​ជា​ករណី​ឆ្លង​ថ្មី និង​៦៧​នាក់​ទើប​នឹង​ត្រូវបាន​ធ្វើតេស្ត​រកឃើញ​វិជ្ជមាន​វីរុស​កូវី​ដ​១៩ កំពុង​ស្រាវជ្រាវ​រក​ប្រភព​នៃ​ការឆ្លង​។​

​ពាក់ព័ន្ធ​នឹង​ការរកឃើញ​ករណី​ថ្មីៗ​ទាំង​១០៧​ករណីនេះ លោក​វេជ្ជបណ្ឌិត​អាសា​ដាង រួយ​អា​ជីន​(Asadang Ruay-ajin) អ្នកនាំពាក្យ​នៃ​នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​ថៃ បានបញ្ជាក់​ថា វីរុស​កូវី​ដ​១៩ បាន​រាលដាល​ស្ទើរតែ​ពាសពេញ​ប្រទេស​ថៃ​ទៅហើយ ម្យ៉ាងទៀត​ក្នុង​ចំណោម​អ្នក​ឆ្លង​ទាំងអស់​មាន ២៥%​ជា​អ្នក​ដែល​បាន​ចូលរួម​ទស្សនា​ការប្រកួត​កីឡា​ប្រដាល់ និង​១០%​ជា​អ្នក​ចូល​ចិត្ត​ទៅ​កន្លែង​កម្សាន្ត​ដែលមាន​មនុស្សម្នា​ច្រើន​។​

​សូមជម្រាបថា គិត​មក​ត្រឹម​ថ្ងៃ​ពុធ​នេះ ប្រទេស​ថៃ​រកឃើញ​មនុស្ស​ស្លាប់​ដោយសារ​វីរុស​កូវី​ដ​១៩​ចំនួន ៤​នាក់​ហើយ ខណៈ​ដែល​មនុស្ស​ចំនួន ៧០​នាក់​បាន​ជាសះស្បើយ និង​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ​។ ទន្ទឹមនឹងនេះ​ដែរ​អ្នកជំងឺ​ចំនួន ៨៦០​នាក់​កំពុង​ដាក់​ឲ្យ​ព្យាបាល​នៅ​ដាច់​ដោយឡែក​នៅក្នុង​មន្ទីរពេទ្យ​៕ 

ព័ត៌មានផ្សេងទៀត