ចិន​ដក​ការ​រឹតបន្តឹង​ចេញពី​ខេត្ត​ហ៊ួ​ប៉ី ខណៈ​លែងមាន​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូរ៉ូណា​

25-03-2020 10:46 am 112

​ខេត្ត​ហ៊ួ​ប៉ី​ដែល​ធ្លាប់តែ​មាន​ស​ភាពស្ងប់ស្ងាត់ បាន​ប្រែជា​អ៊ូអរ​បន្តិច​វិញ នៅពេល​តំបន់​ខ្លះ​បាន​បន្ធូរបន្ថយ​ជា​បណ្តើរៗ ដោយ​អនុញ្ញាតឲ្យ​ប្រជាជន​ធ្វើដំណើរ​ជុំវិញ​ខេត្ត និង​ត្រឡប់​ទៅ​ធ្វើការ​វិញ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​។ នៅ​ថ្ងៃ​អង្គារ​ចិន​ក៏​បានប្រកាស ពី​ការដក​ការ​រឹតបន្តឹង ចំពោះ​ខេត្ត​ហ៊ួ​ប៉ី ដែលមាន​ប្រជាជន​ជាង ៥០ លាន​នាក់​រស់នៅ​ជា​ផ្លូវការ ដោយ​អនុញ្ញាតឲ្យ​ប្រជាជនអាច​ចាកចេញ​ពី​ផ្ទះ ប្រសិនបើ​ពួកគេ​មាន​សុខភាព​ល្អ​ហើយ​។ នៅ​ក្នុងនោះ អាកាសយានដ្ឋាន​និង​ស្ថានីយ៍​រថភ្លើង​មួយចំនួន អនុញ្ញាតឲ្យ​បើក​ដំណើរការ​ឡើងវិញផ​ង​ដែរ ដើម្បី​បម្រើ​សេវាកម្ម​ដឹកជញ្ជូន​ជាថ្មី ក្រោយ​ផ្អាក​មួយរយៈ​។ ដោយឡែក​សាលារៀន នៅតែ​បន្ត​បិទទ្វារ​នៅឡើយ​។ ចំណែក​នៅ​ទីក្រុង​វូ​ហាន​វិញ នឹងត្រូវ​ដក​បម្រាម​ចេញ អនុញ្ញាតឲ្យ​ប្រជាជនចាក​ចេញពីផ្ទះ នៅ​ថ្ងៃទី​៨​ខែមេសា​ខាងមុខ​។​

​ការសម្រេច​ដក​ការ​រឹតបន្តឹង​ចេញពី​ក្រុង​វូ​ហាន ខេត្ត​ហ៊ួ​ប៉ី ខណៈ​មិនបាន​រក​រកឃើញ​ករណី​ឆ្លង​ថ្មី​នៅក្នុង​ខេត្ត​នេះ​ឬ​ប្រទេស​ចិន​ឡើយ នៅក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ​ជាប់ៗ​គ្នា​។ ចំណែក​ករណី​ស្លាប់​វិញ មាន​ចំនួន​៤​នាក់ នៅក្នុង​នោះ​ខេត្ត​ហ៊ួ​ប៉ីមាន​ចំនួន​៣​នាក់​។ ដ្បិត​រក​មិនឃើញ​ករណី​ឆ្លង​ក្នុងស្រុក តែ​ចិន​បន្ត​រកឃើញ​ករណី​ឆ្លង នាំចូល​ពី​ក្រៅប្រទេស សរុប​ចំនួន​៤៧៤​ករណី ភាគច្រើន​តាមរយៈ​ប្រជាជន​ចិន ដែល​ធ្វើដំណើរ​មកពី​បរទេស ត្រឡប់​ចូល​ប្រទេស​ចិន​។ នេះ​បើតាម​ការបញ្ជាក់​ពី​ក្រសួងការបរទេស​ចិន​។  ករណី​នាំចូល​ពី​ក្រៅប្រទេស បង្ក​ការបារម្ភ​ថា​អាច​រុញ​ចិន​ឲ្យ​ធ្លាក់​ក្នុង​រលក​នៃ​ការឆ្លង​រាលដាល​ជា​លើក​ទី​ពីរ ក្រោយ​ការផ្ទុះ​រាលដាល​ក្នុងស្រុក បាន​ទប់ស្កាត់​ដោយ​ជោគជ័យ​។​

​សូម​ជម្រាបជូន​ថា ទីក្រុង​វូ​ហាន ខេត្ត​ហ៊ួ​ប៉ីជា​ប្រភព​នៃ​ការផ្ទុះ​រាលដាល​នៃ​វីរុស​កូរ៉ូណា​ដំបូង​បំផុត​នៅ​ខែធ្នូ​ឆ្នាំ​២០១៩ មុន​បន្ត​រាលដាល​ទៅ​តំបន់​និង​ប្រទេស​ផ្សេងៗ​ទៀត​ទូទាំង​ពិភពលោក​។ អំឡុង​ខែមករា កុម្ភៈ​និង​ដើម​ខែមីនា ករណី​ឆ្លង​និង​ស្លាប់​នៅក្នុង​ក្រុង​វូ​ហាន ខេត្ត​ហ៊ួ​ប៉ីនេះ មាន​រាប់រយ​នាក់​ជា​រៀងរាល់ថ្ងៃ​។ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល អាជ្ជា​ធរ​បានដាក់ឲ្យ​អនុវត្តនូ​វវិធានការ​តឹងរឹង ដោយ​បិទ​ទីក្រុង​និង​ខេត្ត​នេះ​ទាំងមូល ឲ្យ​ប្រជាជន​នៅតែ​ក្នុងផ្ទះ​ចាប់តាំងពី​ខែមករា​។ នៅក្នុង​រយៈពេល​ប្រមាណ​ជា​៣​ខែ វីរុស​កូរ៉ូណា បានសម្លាប់​ប្រជាជន​ចិន​ចំនួន​៣,២៨១​នាក់​និង​ឆ្លង​ជាង​៨១,២០០​។ នៅពេលនេះ​ចិន​បាន​ដោះស្រាយ​វិបត្តិ​ជំងឺឆ្លង​រាតត្បាត​ដោយ​ជោគជ័យ និង​បាន​បញ្ជូន​ក្រុមគ្រូពេទ្យ ទៅ​ជួយ​ដោះស្រាយ​វិបត្តិ​នេះ នៅ​ក្រៅប្រទេស​ផង​។ តួយ៉ាង​ដូចជា​នៅ​ប្រទេស​អ៊ីតាលី​ជាដើម ដែល​កំពុង​រង​នូវ​ការវាយលុក​ខ្លាំង ដ្បិតថា​ឆ្លង​ក្រោយ​ប្រទេស​ដទៃ តែ​អ៊ីតាលី​មាន​មនុស្ស​ស្លាប់​ច្រើនជាង​ប្រទេស​ចិន​ទៅទៀត រហូតដល់​ជិត៧ពាន់​នាក់​ហើយ​៕

ព័ត៌មានផ្សេងទៀត