ឥណ្ឌា​សម្រេច​បិទ​ប្រទេស​២១​ថ្ងៃ​ខណៈ​វីរុស​កូវី​ដ​១៩​កាន់តែ​រាលដាល​ខ្លាំង​

25-03-2020 10:42 am 236

​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក​ណា​រេ​នដ្រា ម៉ូ​ឌី​(Narendra Modi) បាន​ប្រកាស​បិទ​ប្រទេស​របស់​ខ្លួន​បណ្ដោះអាសន្ន​សិន ដើម្បី​ទប់ស្កាត់​នឹង​ការ​រាលដាល​ដ៏​ខ្លាំង​ពី​សំណាក់​វីរុស​កូវី​ដ​១៩(COVID-19)​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​បណ្ដាញសារព័ត៌មាន​BBC នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២០​។​

​ការប្រកាស​បិទ​ប្រទេស​ទាំងស្រុង​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​ឥណ្ឌា ធ្វើឡើង​បន្ទាប់​ពី​មាន​មនុស្ស​ចំនួន ១០​នាក់​បាន​ស្លាប់ និង​មនុស្ស​ចំនួន ៥១៩​នាក់​បាន​ឆ្លង​វីរុស​កូវី​ដ​១៩​នេះ​។ ការប្រកាស​នេះ​ដែរ ធ្វើឡើង​នៅ​ពាក់​កណ្ដាលយប់ និង​ត្រូវ​អនុវត្ត​ក្នុង​រយៈពេល​២១​ថ្ងៃ​។​

​ទាក់ទង​ទៅនឹង​វិធានការ​បិទ​ប្រទេស​ជា​បណ្ដោះអាសន្ន​នេះ​ដែរ បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋឥ​ណ្ឌា​មាន​ការជ្រួលច្របល់​យ៉ាងខ្លាំង ពិសេស​នៅក្នុង​ទីក្រុង​ញូវដេលី និង​ទីក្រុង​ម៊ុម​បៃ ដែល​ជា​ទីក្រុង​សេដ្ឋកិច្ច​ដ៏​ធំ ដោយ​ពលរដ្ឋ​ឥណ្ឌា​បាន​សម្រុក​នាំគ្នា​ទិញ​ទំនិញ និង​ឱសថ​ស្ដុក​ទុក​នៅ​ក្នុងផ្ទះ​រៀងៗ​ខ្លួន​។ ទន្ទឹមនឹងនេះ​សាលារៀន ភោជនីយដ្ឋាន កន្លែង​កម្សាន្ត និង​កន្លែង​ប្រមូលផ្ដុំ​មនុស្សម្នា​ជាច្រើន​ក៏​ត្រូវ​បាន​បិទ​។ ចំណែកឯ​ការជួបជុំ​គ្នា​ត្រូវ​បាន​ហាមឃាត់​យ៉ាង​តឹងរ៉ឹង​ផងដែរ  ជាក់ស្ដែង​បើ​ពលរដ្ឋ​ណា​នៅតែ​ល្មើស​នឹង​ត្រូវ​ជាប់​ពន្ធនាគា​រ ២​ឆ្នាំ គួបផ្សំ​ជាមួយ​ការពិន័យ​ជា​ប្រាក់​ថែម​ទៀត​។​

​លើសពី​នេះ​រដ្ឋាភិបាល​ឥណ្ឌា​បាន​ត្រៀម​កញ្ចប់​ថវិកា​ប្រមាណ​ជិត ២​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​សម្រួល​ផ្ដល់​ជា​សេវា​សុខភាព​ដល់​ប្រជាជន​ឥណ្ឌា ដែល​មាន​ប្រមាណ​ជាង ១,៣០០​លាន​នាក់​។​

​គួរបញ្ជាក់​ថា គិត​មក​ទល់​ពេល​នេះ​វីរុស​កូវី​ដ​១៩ បាន​សម្លាប់​មនុស្ស​ប្រមាណ​ជាង ១៨,០០០​ហើយ និង​បាន​ឆ្លង​ដល់​មនុស្ស​ប្រមាណ​ជិត ៤០​ម៉ឺន​នាក់​នៅ​ទូទាំង​ពិភពលោក​។ ក្នុងនោះ​តំបន់​អឺរ៉ុប​មាន​អត្រា​អ្នកស្លាប់​ច្រើនជាងគេ ពិសេស​គឺ​ប្រទេស​អ៊ីតាលី ដែល​អត្រា​អ្នកស្លាប់​ច្រើនជាងគេ​។ ដោយឡែក​ប្រទេស​ចិន ជា​ប្រភពដើម​នៃ​ជំងឺ​បែរជា​មាន​អត្រា​អ្នកស្លាប់​តិចជាង​ទៅវិញ​៕

ព័ត៌មានផ្សេងទៀត