លោក​ហ៊ុន សែន​៖ កម្ពុជា​ធ្វើឲ្យ​ធ្លុះធ្លាយ​៥​លើក ជុំវិញ​ការ​ឆ្លងជំងឺកូវី​ដ​-១៩

25-03-2020 10:19 am 4078

​លោកនាយក​រដ្ឋមន្ត្រី មានប្រសាសន៍ថា កម្ពុជា​បាន​បណ្តោយ​ឲ្យ​ធ្លុះធ្លាយ​ចំនួន​៥​លើក ធ្វើឲ្យ​កើតមាន​ករណី​ជំងឺ​ឆ្លងកូវី​ដ​-19 នៅ​កម្ពុជា​។ លើក​ទី​១ ករណី​ជនជាតិ​ជប៉ុន ដែល​បាន​ធ្វើដំណើរ​ទៅ​ប្រទេស​ជាច្រើន មុន​ចេញពី​ខេត្តសៀមរាប ទៅ​ប្រទេស​ជប៉ុន ឆ្លងកាត់​ប្រទេស​វៀតណាម​។ ករណីនេះ ក៏​បាន​បណ្តាល​ឲ្យ​ឆ្លង​បុរស​ជនជាតិ​ខ្មែរ​ម្នាក់ នៅ​ខេត្ត​សៀមរាប​។​ ​ធ្លុះធ្លាយ​លើក​ទី​២ គឺ​ករណី​នាវា​ទេសចរណ៍ ១​គ្រឿង មក​ពី​វៀតណាម ដែល​មាន​អ្នកដំណើរ ៦៤​នាក់​។ លើក​ទី​៣ ករណី​ជនជាតិ​បារាំង នៅ​សាលា​CIS​កោះ​ពេជ្រ​។ លើក​ទី​៤ គឺជា​ករណី​ដែល​បាន​ធ្វើដំណើរ​ទៅ​ចូលរួម​ពិធី​សាសនា នៅ​ប្រទេស​ម៉ាឡេស៊ី ចំនួន​៧៩​នាក់​។ និង​លើក​ទី​៥ គឺជនជាតិ​បារាំង​៣៤​នាក់ នៅ​ខេត្ត​ព្រះសីហនុ​។​

​លោកនាយក​រដ្ឋមន្ត្រី មានប្រសាសន៍​បញ្ជាក់​ទៀត​ថា បញ្ហា​នេះ បាន​ដាក់​ជា​កង្វល់​ឲ្យ​កម្ពុជា កង្វល់​នេះ បន្ថែមទៀត ទៅលើ​ពលករ​ខ្មែរ ដែលបានចាក​ចេញពី​ថៃ ចូល​កម្ពុជា ប្រមាណ​១៥០០០​នាក់ នេះ​ជា​សភាពការណ៍​ថ្មី​របស់​យើង​ទាំងអស់​។ លោក​ហ៊ុន សែន បាន​អំពាវនាវ ឲ្យ​ប្រែក្លាយ​ការភ័យខ្លាច ការសង្ស័យ​មិន​ទុកចិត្ត​គ្នា​ទៅវិញទៅមក ឲ្យទៅ​ជា​ការការពារ​ខ្លួន​ទាំងអស់គ្នា ដើម្បី​ទប់ស្កាត់ ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩​។​

ប្រមុខរដ្ឋាភិបាល មានប្រសាសន៍ យ៉ាងដូច្នេះ នៅក្នុង ពិធីសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅថ្ងៃទី២៥ ខែមីនានេះ

​ប្រមុខ​រដ្ឋាភិបាល បានបញ្ជាក់​ថា ឥឡូវ​ដំណាក់កាល​ការពារ ការឆ្លង​ពី​ខាងក្រៅ​វា​បាន​ផុត​ហើយ ប៉ុន្តែ​មិនមែន​បានសេចក្តីថា យើង​ឈប់​ការពារ​នោះ​ទេ​។ បច្ចុប្បន្ន កម្ពុជា​កំពុង​ឈរជើង​ក្នុង​ដំណាក់កាល​ទី​២ ដែល​មាន​ការងារ​ចំនួន​៣​សំខាន់ ទី​១ ការពារ កុំឲ្យ​ឆ្លង​ពី​ខាងក្រៅ ក្នុងនោះ កម្ពុជា​បាន​ហាមឃាត់​ប្រទេស​៦ ដូចជា អាមេរិក បារាំង អាឡឺម៉ង់ អ៊ីតាលី អេស្បាញ និង​អ៊ីរ៉ង់​ ទី​២ ការពារ​កុំឲ្យ​ឆ្លង​អ្នកផ្សេង និង​ស្វែងរក​អ្នក​ឆ្លង​ជំងឺ និង​ទី​៣ ការព្យាបាល​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត