​ហេតុអ្វី​​នៅ​អាល្លឺម៉ង់​​មាន​មនុស្ស​​ស្លាប់​​ដោយសារ​វី​រុស​កូវី​ដ​-១៩​តិច​?

24-03-2020 5:58 pm 863

គិត​ត្រឹម​ពេលនេះ​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​មាន​មនុស្ស​ស្លាប់ បង្ក​ពី​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩ ត្រឹម​ជាង​១០០​នាក់​ប៉ុណ្ណោះ ស្របពេល​ករណី​ឆ្លង​វិញ​មាន​ចំនួន​ជិត​៣​ម៉ឺន​នាក់​។ បើ​ប្រៀបធៀប​ទៅ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ដែលមាន​មនុស្ស​ឆ្លង​ខ្ទង់​ម៉ឺន​នាក់ អាល្លឺម៉ង់​គឺជា​ប្រទេស​ដែលមាន​មនុស្ស​ស្លាប់​តិចជាងគេ​បំផុត​។ ងាក​ទៅ​មើល​អ៊ីតាលី​ឯណោះ​វិញ អ៊ីតាលី​បាន​ក្លាយជា​ប្រទេស​នាំមុខ​ក្នុង​លោក មាន​មនុស្ស​ស្លាប់​ច្រើនជាងគេ​រហូតដល់​ជាង​៦​ពាន់​នាក់​ហើយ​និង​ឆ្លង​ជាង​៦​ម៉ឺន​នាក់ ដោយសារ​វីរុស​កូវី​ដ​-១៩​។ ករណីនេះ​បានធ្វើឲ្យ​មានជា​សំណួរ​ចោទ​ឡើងថា ហេតុអ្វី​បានជា​អ៊ីតាលី​មាន​មនុស្ស​ស្លាប់​ច្រើនជាង​នៅ​អាល្លឺម៉ង់​? 

​ប្រទេស​អាល្លឺម៉ង់​កំពុង​លេចធ្លោ​ក្នុង​ចន្លោះពេល​ផ្ទុះ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩ គឺ​លេចធ្លោ​ត្រង់​ថា​មាន​មនុស្ស​ស្លាប់​តិចជាងគេ ក្នុងចំណោម​ប្រទេស​នៅ​អឺរ៉ុប​ដែលមាន​ករណី​ឆ្លង​ដល់​ខ្ទង់​ម៉ឺន​នាក់​។ បើ​ប្រៀបធៀប​នឹង​អ៊ីតាលី បច្ចុប្បន្ន​ពិតជា​ខុសគ្នា​ឆ្ងាយ​មែនទែន​។ កត្ដា​នេះ​នាំឲ្យ​ឆ្ងល់​ថា​ហេតុអ្វី​បានជា​អាល្លឺម៉ង់​មនុស្ស​ស្លាប់​តិចជាង​អ៊ីតាលី​? តើ​អាល្លឺម៉ង់​មានសំណាង​ឬក៏​ដោយសារ​ហេតុផល​ណាមួយ ដូចជា​មាន​ប្រព័ន្ធ​សុខាភិបាល​រឹងមាំ មានការ​ធ្វើតេស្ដ​បាន​ទូលំទូលាយ មាន​ហេតុផល​ប្រជាសាស្ដ្រ​ដែលមាន​មនុស្ស​ចាស់​រងគ្រោះ​តិច ឬក៏​ដោយសារ​អាល្លឺម៉ង់​ធ្លាប់មាន​មេរៀន​ពី​ប្រវត្ដិសាស្ដ្រ​នៃ​សង្គ្រាមលោ​ក​លើក​ទីពីរ ទើប​អាចជួយ​រដ្ឋ​មួយ​នេះ​បាន​?

​អ្នកជំនាញ​ផ្នែក​មេ​រោគរាតត្បាត​និង​អ្នកជំនាញ​វេជ្ជសាស្ដ្រ ដែល​ត្រូវបាន​គេ​សាកសួរ​ពី​អត្រា​មរណភាព​ដោយសារកូ​វីដ​-១៩​នៅ​អាល្លឺម៉ង់​មាន​ជិត​០.៤​ភាគរយ ប្រៀបធៀប​ទៅ​អ៊ីតាលី​មាន​រហូតដល់​៩​ភាគរយ បាន​និយាយថា ពួកគេ​រំពឹង​ករណី​នៅក្នុង​ប្រទេស​ទាំងពី​រទាំ​ង​ឆ្លង​និង​ស្លាប់ អាច​បន្ដ​កើនឡើង​ខ្ពស់​ដូចដែល​មាននៅ​កន្លែង​ផ្សេង​នាពេល​បច្ចុប្បន្ន​និង​ក្នុង​សប្ដាហ៍​ខាងមុខ​។ អ្នកជំនាញ​វេជ្ជសាស្ដ្រ​នៅ​អាល្លឺម៉ង់​ជាទូទៅ​មាន​ជំនឿ​ចិត្ដថា ចំនួន​ដែល​ពួកគេ​បានឃើញ​អាច​គ្រប់គ្រង​បាន ហើយ​ប្រហែលជា​ពិភពលោក​ខ្វះចន្លោះ​លើ​ចំណុច​នេះ ដូច្នេះ​ទើប​អាល្លឺម៉ង់​មាន​អ្នកស្លាប់​តិច​។ យ៉ាងណាមិញ​អ្នកជំនាញ​វេជ្ជសាស្ដ្រ​ទាំងអស់នោះ ក៏​មិន​មើលស្រាល​ឬ​ប្រមាថ​ស្ថានការណ៍​ឡើយ​។ ក្រុម​អ្នកជំនាញ​អាល្លឺម៉ង​ក៏​ដាក់​ការប៉ាន់ស្មាន​ទៅលើ​កត្ដា​សំខាន់ៗ​មួយចំនួនទៀត ក្នុងនោះ​ដូចជា​មានការ​ធ្វើតេស្ដ​កាន់តែ​ទូលាយ​នៅ​អាល្លឺម៉ង់ ដោយ​បច្ចុប្បន្ន​មានលទ្ធភាព​អាច​ធ្វើតេស្ដ​មនុស្ស​បាន​ដល់​១២,០០០​នាក់​ក្នុង​មួយថ្ងៃ​។ បើ​ប្រៀបធៀប​ទៅ​ប្រទេស​អ៊ីតាលី​ឬ​ប្រទេស​ផ្សេងទៀត​មានលទ្ធភាព​តិចជាង​នេះ​។​

​លទ្ធភាព​នៃ​ការ​ធ្វើតេស្ដ​រក​វីរុស​កូវី​ដ​-១៩​បាន​តិច​នាក់​ដូច្នេះ អាចធ្វើឲ្យ​អ្នកឆ្លង​កើនឡើង​ខ្ពស់​ដោយសារ​អ្នកមាន​រោគសញ្ញា​កម្រិត​ស្រាល​មិន​ដឹងខ្លួន ហើយ​ទៅ​ចម្លង​ដល់​អ្នក​ដទៃទៀត​។ ផ្ទុយទៅវិញ​បើ​ពួកគេ​ដឹង​ទាន់ពេលវេលា អាច​ល្អប្រសើរ​ច្រើន​ក្នុង​ការការពារ​កុំឲ្យ​ឆ្លង​បន្ដ​។ មួយវិញទៀត​ក៏​អាចពាក់ព័ន្ធ​នឹង​វិធីសាស្ដ្រ​នៃ​ការ​ធ្វើតេស្ដ​ផងដែរ​។ នៅ​អាល្លឺម៉ង់​មនុស្ស​ចាស់​ដែល​ស្លាប់​គឺ​មិនបាន​ធ្វើតេស្ដ​រក​វីរុស​កូវី​ដ​-១៩​នោះទេ ខុសពី​នៅ​អ៊ីតាលី​អ្នក​ដែល​ស្លាប់​គឺ​សុទ្ធតែ​បាន​ធ្វើតេស្ដ​។​

​និយាយ​មួយផ្នែក​ទៀត​អ្នកជំនាញ​និង​ក្រុម​វេជ្ជសាស្ដ្រ​អាល្លឺម៉ង់​ក៏​ឯកភាព​ដែរថា អាចមាន​កត្ដា​មួយចំនួនទៀត​ដែល​អាល្លឺម៉ង់​ខុសពី​ប្រទេស​ដ៏​ទៃ នោះ​គឺ​អ្នកខ្លះ​ទទួលបាន​ប្រយោជន៍​ពី​ប្រព័ន្ធ​ថែទាំ​សុខភាព​សាធារណៈ​ដែល​ល្អប្រសើរ​និង​មាន​មូលនិធិ​ទ្រទ្រង់​រឹងមាំ​។ លោក​Christian Drosten​ប្រធាន​ផ្នែក​រោគសាស្ដ្រ​នៅ​មន្ទីរពេទ្យ​Charite​ក្នុង​ក្រុង​ប៊ែក​ឡាំង បាន​និយាយថា គ្រូពេទ្យ​អាច​ដឹងបាន​ថា​ស្ថានភាព​ធ្ងន់ធ្ងរ​កម្រិតណា ហើយ​នៅ​អាល្លឺម៉ង់​ស្ថិតនៅ​ជួរមុខ​គេ​ក្នុង​ការធ្វើ​រោគវិនិច្ឆ័យ​។ ដោយសារ​តែមាន​មន្ទីរពិសោធន៍​បង្កើតឡើង​នៅ​ទូទាំងប្រទេស ហើយ​អាច​កំណត់​អត្ដ​សញ្ញាណ​វីរុស​នេះ នោះ​ហើយ​ជា​មូលហេតុ​ដែល​អាល្លឺម៉ង់​មាន​ការចាប់ផ្ដើម​ទប់ស្កាត់​ដ៏​ធំ​មួយ បើ​ប្រៀបធៀប​ទៅ​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​។​

​លោក​ពន្យល់​បន្ថែមថា​អាល្លឺម៉ង់​មាន​បណ្ដាញ​មន្ទីរពិសោធន៍​ឯករាជ្យ​ច្រើន​គួរសម​ទូទាំងប្រទេស អាច​គ្រប់គ្រង​និង​ចាប់ផ្ដើម​ធ្វើតេស្ដ​ក្នុង​ចំនួន​ដ៏​ច្រើន​ក្នុង​ខែ​មករា នៅពេលដែល​វីរុស​កូវី​ដ​-១៩​បាន​ផ្ទុះឡើង​ពីរ​ឬ​បី​ករណី​ដំបូង​នៅ​ក្នុងប្រទេស​។ អាល្លឺម៉ង់​អាច​រៀបចំ​បែងចែក​វេជ្ជ​បណ្ឌិត​និង​មន្ទីរពិសោធន៍​នៅ​ទូទាំងប្រទេស ដើម្បី​ជួយ​តាមដាន​តាមដានរ​កវី​រុស​កូវី​ដ​-១៩​។ ចំណែក​ប្រទេស​ផ្សេងទៀត​ត្រូវ​ខាតបង់​ពេលវេលា​ច្រើន ដោយសារតែ​ខ្វះខាត​ចំណុច​ទាំងនេះហើយ​។ 

ស្ថិតក្នុង​ចំណោម​ប្រទេស​ដែលមាន​បំផុត​មួយ​ក្នុង​លោក អាល្លឺម៉ង់​ក៏មាន​ប្រព័ន្ធ​ថែទាំ​សុខភាព​សាធារណៈ​មានតម្លៃ​ថ្លៃ និង​ទូលំទូលាយ​បំផុត​មួយ ជាមួយនឹង​ការធានារ៉ាប់រង​សុខភាព​ជា​សកល និង​ការការពារ​ការងារ​ខ្ពស់​សម្រាប់​កម្មករ ដែល​ពួកគេ​អាច​ទទួលបាន​ការព្យាបាល​ពេល​ឈឺ​ជា​មធ្យម​រហូតដល់​១៧​លើក​ក្នុង​មួយឆ្នាំ ពុំ​បារម្ភ​ពី​ការបាត់បង់​ការងារ​នោះឡើយ​។ អាល្លឺម៉ង់​ក៏​ត្រូវបាន​គេ​ជឿជាក់​ផងដែ​រថា ស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​ប្រមូលផ្ដុំ​ទៅដោយ​មន្ទីរពេទ្យ គឺមាន​រហូតដល់​១,៩០០​មន្ទីរពេទ្យ​សម្រាប់​ប្រជាជន​ខ្លួន​ជាង​៨០​លាន​នាក់​។ 

​លោកស្រី​អធិការបតី​អាល្លឺម៉ង់​អែន​ជែឡា មឺ​គែលក៏​ធ្លាប់​និយាយ​ដែរថា ប្រហែលជា​ប្រព័ន្ធ​ថែទាំ​សុខភាព​អាល្លឺម៉ង់ ជា​ប្រព័ន្ធ​ថែទាំ​ដ៏​ល្អ​បំផុត​មួយ​ក្នុង​លោក​។ ប៉ុន្ដែ​ការរីក​រាលដាល​នៃ​វីរុស​កូវី​ដ​-១៩​បាន​បង្ហាញឲ្យឃើញពី​ភាពងា​យ​រងគ្រោះ និង​ថា​តើ​អាល្លឺម៉ង់​ត្រូវ​ពឹងផ្អែក​លើ​អ្នកដទៃ​យ៉ាងដូចម្ដេច​។​

​ក៏​ប្រហែលជា​ដោយសារតែ​បញ្ហា​ប្រឈម​នៃ​ការរីក​រាលដាល​នៃ​វីរុស​កូវី​ដ​-១៩ អាល្លឺម៉ង់​ក្លាយជា​ប្រទេស​ដែលមាន​គ្រែ​ថែទាំ​អ្នកជំងឺ​ច្រើន​បំផុត​មួយ​នៅ​អឺរ៉ុប បើ​ប្រៀបធៀប​ទៅ​អ៊ីតាលី បារាំង អេ​ស្ប៉ាញ និង​អង់គ្លេស​។ អាល្លឺម៉ង់​ក៏មាន​ការព្រមាន​ទុកជាមុន ហើយ​អាច​ត្រៀមលក្ខណៈ​បាន​ល្អប្រសើរ​។ អាល្លឺម៉ង់​ទទួលបាន​ផលចំណេញ​ពី​ការព្រមាន​ក្នុង​ដើម​ខែកុម្ភៈ នៅពេល​មាន​ការឆ្លង​រាលដាល​ខ្លាំង​នៅក្នុង​ប្រទេស​អ៊ីតាលី​។ ការណ៍​នេះ​បានធ្វើឲ្យ​អាជ្ញាធរ​អាល្លឺម៉ង់​ចាប់ផ្ដើម​បង្កើន​វិធានការ​ធ្វើតេស្ដ​ដ៏​សំខាន់ និង​ជំរុញ​ការ​រឹតបន្ដឹង​ដែល​មិន​ធ្លាប់មាន​នៅ​ក្នុងប្រទេស​។ ក្នុងនោះ​មានច្បាប់​កំណត់​និង​ក្រោយមក​បាន​ក្លាយជា​បម្រាម​ដាក់​លើ​ការប្រមូលផ្ដុំ​ជា​សាធារណៈ ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ទូទាំងប្រទេស ហើយ​មាន​ការទទួលយក​និង​គោរព​យ៉ាង​ទូលំទូលាយ​។​

​លោក​វេជ្ជបណ្ឌិត​Christoph Specht ជា​អ្នកជំនាញ​វេជ្ជសាស្ដ្រ​ឈានមុខ​មួយរូប​បាន​និយាយថា មន្ទីរពេទ្យ​ក្នុងប្រទេស​អាល្លឺម៉ង់​បានរៀបចំ​និង​ត្រៀមខ្លួន​រួចជាស្រេច​។ ប៉ុន្ដែ​មិន​ថា​មាន​ប្រព័ន្ធ​ថែទាំ​សុខភាព​ល្អ​កម្រិត​ណាក៏ដោយ ប្រសិនបើ​មាន​មនុស្ស​ច្រើន​ឈឺ​ក្នុងពេល​ដំណាលគ្នា នោះ​មន្ទីរពេទ្យ​ក៏​គ្មាន​គ្រែ​គ្រប់គ្រាន់​និង​មើលថែ​អ្នកជំងឺ​បាន​ដិតដល់​ជាង​នៅ​អ៊ីតាលី​ឬ​បណ្ដា​ប្រទេស​ផ្សេងទៀត​ដែរ​។ អ្វី​ជា​ការរួមចំណែក​កាត់បន្ថយ​ករណី​ស្លាប់​ដោយសារកូ​វីដ​-១៩ អាចជា​កត្ដា​រចនាសម្ព័ន្ធ​ដ៏​រឹងមាំ​រៀបចំ​បាន​យ៉ាង​ល្អ​ផ្នែក​សុខភាព​សាធារណៈ ព្រមទាំង​ការ​អនុវត្ដ​បាន​យ៉ាង​តឹងរ៉ឹង​តាម​បទ​បញ្ញត្ដិ​ស្ដីពី​អនាម័យ​និង​ការថែទាំ​សុខភាព​។ 

​ចំណែក​លោក Karl Lauterbach ជា​វេជ្ជបណ្ឌិត​និង​ជា​មេដឹកនាំ​ក្នុង​សភា​របស់​គណបក្ស​សង្គម​ប្រជាធិបតេយ្យ​ឆ្វេងនិយម​ផង​នោះ បាន​និយាយថា ការគ្រប់គ្រង​វិបត្ដិ​របស់​អាល្លឺម៉ង់​បាន​ដំណើរការ​យ៉ាង​រលូន​។ លោក​បន្ថែមថា​អាល្លឺម៉ង់​បានចាប់ផ្ដើម​សាកល្បង​យ៉ាង​លឿន​បើ​ប្រៀបធៀប​នឹង​បណ្ដា​ប្រទេស​ផ្សេង ដូចជា​អ៊ីតាលី​ជាដើម​ដែល​ពុំមាន​លទ្ធភាព​ដូច្នេះ​។ នោះ​ហើយ​គឺជា​អ្វីដែល​អាល្លឺម៉ង់​អាច​រកឃើញ​ករណី​ឆ្លង​បាន​ឆាប់រហ័ស​។ វា​ក៏បានផ្ដល់​ឲ្យ​អាល្លឺម៉ង់​នូវ​ទិដ្ឋភាព​ទូទៅ​ដ៏​ល្អ​ក្នុងដំណាក់កាល​ដំបូង ហើយ​នោះ​ជា​ការសំខាន់​ដើម្បី​គ្រប់គ្រង​ឲ្យបាន​ល្អជាង​នេះ​។​

​គួរ​បញ្ជាក់ថា ជនជាតិ​អាល្លឺម៉ង់​វ័យ​ចំណាស់​ដែលជា​ក្រុមមនុស្ស​ងាយ​រងគ្រោះ​បំផុត​ពី​វីរុស​កូវី​ដ​-១៩ រហូត​មកដល់ពេលនេះ​មិនបាន​រង​ផលប៉ះពាល់​ដូច​មនុស្ស​វ័យ​ចំណាស់​ក្នុងប្រទេស​ផ្សេង​ទេ​។ នេះ​ក៏​អាចមាន​ទំនាក់ទំនង​ជាមួយ​ប្រវត្ដិសាស្ដ្រ​របស់​ប្រទេស​នេះ ហើយ​អាច​ថា​ពលរដ្ឋ​អាល្លឹម៉ង់​មាន​បទពិសោធន៍​ផ្ទាល់ខ្លួន​ជាមួយនឹង​សង្គ្រាមលោកលើកទី​ពីរ ជាហេតុ​ធ្វើឲ្យ​មនុស្ស​វ័យ​ចំណាស់​ដឹងពី​អ្វីដែល​ពួកគេ​ត្រូវធ្វើ ហើយ​ពួកគេ​ដឹង​ពី​រៀប​ការពារ​ខ្លួន​និង​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រោះថ្នាក់​៕

ព័ត៌មានផ្សេងទៀត