កម្ពុជា​អាច​ប្រឈម​នឹង​ការបិទ​ភូមិ​បើ​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​នៅក្នុង​តំបន់​នោះ​

24-03-2020 5:33 pm 608
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​លើកឡើង​នៅក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​ដោយផ្ទាល់​ជាមួយ​មន្ដ្រី​នគរបាល អន្ដោប្រវេសន៍ នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា​ថា កម្ពុជា​អាច​ប្រឈម​នឹង​ការបិទ​ភូមិ ប្រសិនបើ​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា ឬ​កូវី​ដ​-១៩ នៅក្នុង​តំបន់​នោះ​ចំនួន​ពីរ រឺ​បី​នាក់ ដើម្បី​ទប់ស្កាត់​ការ​រាលដាល ទៅ​តំបន់​ផ្សេងៗ​ដែល​នៅ​ក្បែរ​នោះ​...

​សំឡេង​លោក​ស ខេង​៖

​ទន្ទឹមនឹងនេះ​ដែរ ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ក៏​បាន​ណែនាំ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ពិសេស​ថ្នាក់​ខេត្ត ត្រូវ​តាមដាន​បន្ដ​ជាប់​ជាប្រចាំ ដើម្បី​មាន​វិធានការ​ឆ្លើយតប​ភ្លាមៗ នៅពេល​មាន​បញ្ហា​កើតឡើង និង​ត្រូវ​អនុវត្ត​តាម​វិធានការ​ដែល​បាន​ដាក់​ចេញ​ផងដែរ ។​

​គួរ​កត់សម្គាល់​ដែរ​ថា ការលើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ខាងលើនេះ គឺ​ស្របពេល​ដែល​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា ឬ​កូវី​ដ​-១៩​ជា​បន្តបន្ទាប់ និង​ស្របពេល​ដែល​មាន​ពលក​រ​ខ្មែរ​ប្រមាណ​១៥,០០០​នាក់​បាន​ត្រឡប់​ពី​ប្រទេស​ថៃ ចូលមក​ប្រទេស​កម្ពុជា​វិញ បន្ទាប់ពី​ទទួល​ដំណឹង​ថា ប្រទេស​ថៃ​មាន​គម្រោង​បិទ​ព្រំដែន ។​

​ជាមួយគ្នានេះ​ដែរ​លោក​ស ខេង បាន​បន្តថា មូលហេតុ​នៃ​ការវិលត្រឡប់​របស់​ព​លករ​ខ្មែរ​មក​កាន់​ប្រទេស​កំណើត​វិញ ដោយសារតែ​ពួកគាត់​មិន​មាន​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ហើយ បើ​តាម​ព័ត៌មាន​ដែល​លោក​ទទួលបាន គឺ​នៅ​ប្រទេស​ថៃ មានការ​បិទ​ការដ្ឋាន​ការងារ​មួយចំនួន ខារ៉ាអូខេ អូ​តែ​ល ភោជនីយដ្ឋាន ហាង​កាត់សក់ និង​ហាង​ចាក់​សាក់​ជាដើម​។ 

​សូម​បញ្ជាក់​ដែរ​ថា ប្រទេស​ថៃ​បាន​ប្រកាស​បិទ​ច្រក​ព្រំដែន​ទាំងអស់​ជា​មួយ​ប្រទេស​កម្ពុជា នៅក្នុង​ខេត្ដ​បន្ទាយមានជ័យ​, ខេត្ត​បាត់ដំបង​, ខេត្ត​ប៉ៃលិន និង​ខេត្ត​កោះកុង ចាប់ពី​ថ្ងៃ​ទី​២៣ ខែ​មីនា រហូតដល់ ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២០​។ មូលហេតុ​នៃ​ការប្រកាស​បិទ​ច្រក​ព្រំដែន​នេះ គឺ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល នៃ​វីរុស​កូវី​ដ​-១៩ ប៉ុន្តែ​សម្រាប់​រថយន្ត​ដឹក​ទំនិញ​នៅ​តែ​អាច​ចេញចូល​បាន​ធម្មតា ក្រោម​លក្ខខណ្ឌ​រឹតបន្តឹង​ខ្លាំង​៕

 

 

 


 ពាក្យគន្លឹះ  លោកស ខេងវីរុសកូរ៉ូណា

ព័ត៌មានផ្សេងទៀត