អង់គ្លេស​សម្រេច​បិទ​ប្រទេស​៣​សប្ដាហ៍​ដើម្បី​ទប់ស្កាត់​វីរុស​កូវី​ដ​១៩

24-03-2020 3:24 pm 349

​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២០ បាន​សម្រេច​បិទ​ប្រទេស​របស់​ខ្លួន​រយៈពេល ៣​សប្ដាហ៍​បណ្ដោះអាសន្ន ដើម្បី​ជា​ការទប់ស្កាត់​នឹង​ការ​រាលដាល​ពី​សំណាក់​វីរុស​កូវី​ដ​១៩(COVID-19)​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​បណ្ដាញា​សារព័ត៌មាន​CNA នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២០​។​

​លោកបូ​រ៊ីស ច​ន​សុន នាយករដ្ឋមន្ត្រី​អង់គ្លេស​បាន​ថ្លែង​តាមរយៈ​ទូរទស្សន៍​ក្នុង​ស្រុក​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រជាពលរដ្ឋ​ត្រូវតែ​ស្នាក់នៅ​ក្នុង​ផ្ទះ ដើម្បី​ការពារ​ជីវិត និង​ដោះស្រាយ​នូវ​បញ្ហា​ដែល​កំពុង​ប្រឈម​ដ៏​ខ្លាំង​ក្នុង​រយៈពេល​មួយ​សតវត្ស​ចុងក្រោយ​នេះ​។ បើ​តាម​លោក​រី​ហ្ស៊ី សូ​ណាក់​(Rishi Sunak) រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញាវត្ថុ បានបង្ហាញ​ថា រដ្ឋាភិបាល​អង់គ្លេស​បាន​ត្រៀម​កញ្ចប់​ថវិកា​ជាច្រើន​ពាន់​លាន​ផោន សម្រាប់​ជួយ​ដល់​ពលរដ្ឋ​ណា ឬ​ក្រុមហ៊ុន​ណា​ដែល​រង​ការប៉ះពាល់​ពី​សំណាក់​វីរុស​បង្ក​ជា​ជំងឺ​រលាក​សួត​ថ្មី​នេះ​។ 

​ជាមួយ​នឹង​ការសម្រេច​បិទ​ប្រទេស​នេះ រដ្ឋាភិបាល​អង់គ្លេស​បាន​អំពាវនាវ​ឲ្យ​ហាង ឬ​ផ្សារ​ទំនើប ក៏​ដូច​ជា​កន្លែង​ផ្ដល់​សេវាកម្ម​ផ្សេងៗ​បិទ​ជា​បណ្ដោះអាសន្ន​សិន​។ លើសពី​នេះ​សម្រាប់​ការជួបជុំ​ដែលមាន​មនុស្ស​លើសពី​២​នាក់​ឡើង​ទៅ​ក៏​ត្រូវបាន​ហាមឃាត់​ផងដែរ​។ ដោយឡែក​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​​វ័យ​ចំណាស់ៗវិញ រដ្ឋាភិបាល​អង់គ្លេស​តម្រូវឲ្យ​នៅ​ដាច់​ដោយឡែ​កនៅ​ក្នុង​ផ្ទះ​រយៈពេល ១២​សប្ដាហ៍​។​

​គួរ​ជម្រាប​ថា គិត​មក​ទល់​នឹង​ពេលនេះ​អង់គ្លេស​រកឃើញ​ករណី​ឆ្លង​វីរុស​កូវី​ដ​១៩​ថ្មី​ចំនួន ៦,៦៥០​ករណី ខណៈ​អ្នកស្លាប់​មាន​ចំនួន ៣៣៥​នាក់​។ ទន្ទឹមនឹងនេះ​វីរុស​កូវី​ដ​១៩ បាន​សម្លាប់​មនុស្ស​ប្រមាណ​ជាង ១៤,០០០​នាក់ និង​ចម្លង​ដល់​មនុស្ស​ប្រមាណ​ជាង ៣០​ម៉ឺន​នាក់​។ វីរុស​នេះ​ទៀតសោត បាន​រាលដាល​ដល់​ប្រទេស​ប្រមាណ​ជាង ១៨០​ប្រទេស​នៅ​លើ​ពិភពលោក​៕

ព័ត៌មានផ្សេងទៀត