វីរុស​កូវី​ដ​១៩​សម្លាប់​មនុស្ស​ជាង​១៧,០០០​នាក់​និង​ឆ្លង​ជិត​៤០​ម៉ឺន​នាក់​

24-03-2020 10:22 am 150

​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​លោកតេ​ដ្រូ​ស អេ​ដ​ហា​នុម ហ្គេ​ប្រេ​យេស៊ូ​ស​(Tedros Adhanom Ghebreyesus) បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា វីរុស​កូវី​ដ​១៩(COVID-19) បាន​សម្លាប់​មនុស្ស​ប្រមាណ​ជាង​១៧,០០០​នាក់​ហើយ ខណៈ​អ្នក​ឆ្លង​កើន​ដល់​ជិត​៤០​ម៉ឺន​នាក់​នៅ​ទូទាំង​ពិភពលោក​។ នេះ​បើ​យោង​ទៅតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២០​។ 

​គិត​មក​ទល់​ពេល​នេះ​នៅ​តំបន់​អឺរ៉ុប​តួលេខ​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​វីរុស​កូវី​ដ​១៩ កាន់តែ​បន្ត​កើន​ឡើង​ខ្លាំង ក្នុងនោះ​មាន​ប្រទេស​ចំនួន​៤​ដែល​រងគ្រោះ​ខ្លាំង រួមមាន ប្រទេស​អ៊ីតាលី អេ​ស្ប៉ាញ អាឡឺម៉ង់ និង​បារាំង​។ ជាក់ស្ដែង​នៅ​អ៊ីតាលី​ឈរ​នៅ​លេខ​រៀង​ទី​១ ដែល​មាន​មនុស្ស​ស្លាប់​ជាង​៦​ពាន់​នាក់ និង​ឆ្លង​សរុប​ជាង​៦​ម៉ឺន​នាក់​។ អេ​ស្ប៉ាញ​ឈរ​នៅ​លេខ​២ មាន​មនុស្ស​ស្លាប់​ជាង​២​ពាន់​នាក់ និង​ឆ្លង​ជិត​៤​ម៉ឺន​នាក់ រីឯ​អាឡឺម៉ង់​ឈរ​នៅ​លេខ​រៀង​ទី​៣​មាន​អ្នកស្លាប់​ជាង​១០០​នាក់ និង​ឆ្លង​ប្រមាណ​៣​ម៉ឺន​នាក់​។ ចុងក្រោយ​គឺ​ប្រទេស​បារាំង​ឈរ​នៅ​លេខ​រៀង​ទី​៤​មាន​អ្នកស្លាប់​ជាង​៨០០​នាក់ និង​ឆ្លង​ជិត​២​ម៉ឺន​នាក់​។​
​ក្រៅពី​ប្រទេស​ទាំង​៤​ដែល​ជា​ប្រទេស​រងគ្រោះ​ខ្លាំង​ជាង​គេ​នៅ​ប៉ែក​អឺរ៉ុប​នេះ ក៏​មាន​ប្រទេស​មួយចំនួន​ទៀត​រួមមាន ស្វីស អង់គ្លេស អូស្ត្រាលី រ៉ូ​ម៉ានី និង​អាល់បេនី​ជាដើម ដែល​សុទ្ធតែ​កំពុង​មាន​ការ​រាលដាល​ថ្មី​គួរឲ្យកត់សម្គាល់​។​

​ដោយឡែក​សម្រាប់​តំបន់​ប៉ែក​អាស៊ី​វិញ​មាន​ប្រទេស​៣​ដែល​មាន​ករណី​ឆ្លង​វីរុស​កូវី​ដ​១៩​នេះ​ខ្លាំងជាងគេ ក្នុងនោះ​មាន​ប្រទេស​ចិន អ៊ីរ៉ង់ និង​កូរ៉េខាងត្បូង​។ ក្រៅពីនេះ​មាន​ប្រទេស​ជាច្រើន​ទៀត​ដែល​បាន​រកឃើញ​ករណី​វិជ្ជមាន រួមមាន ម៉ាឡេស៊ី ជប៉ុន ប៉ា​គី​ស្ថាន ថៃ ឥណ្ឌូនេស៊ី សិង្ហ​បុរី ឥណ្ឌា ហ្វីលីពីន អ៊ីរ៉ាក់ វៀតណាម ហ្ស៊កដានី ព្រុយ​នេ កម្ពុជា និង​មី​យ៉ាន់​ម៉ា​ជាដើម​៕

 ពាក្យគន្លឹះ  វីរុសកូវីដ-១៩ពិភពលោក

ព័ត៌មានផ្សេងទៀត